ខេត្តបន្ទាយមានជ័យ ៖ សំណង់អនាធិបតេយ្យសាងសង់លើដីផ្លូវសាធារណៈខុសច្បាប់ ដែលក្រុមអ្នកមានលុយនិងអ្នកមានអំណាចមួយចំនួនតូច បានឃុបឃិតគ្នាជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធបានបើកដៃឲ្យពួកគេរំលោភបំពានយកដីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើជាកម្មសិទ្ឋិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំបានគិតគូរពីផលប៉ះពាល់របស់ប្រជាពលរដ្ឋនិងប្រយោជន៍ជាតិ ជាក់ស្តែងបញ្ហាយកដីសាធារណៈធ្វើជារបស់ឯកជននេះបានកើតមានយ៉ាងពេញបន្ទុកនៅតំបន់ជាយដែនកម្ពុជា ថៃ ក្រុងប៉ោយ ប៉ែតតែម្តង ។
ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ផ្លូវលំមួយខ្សែនៅជាប់នឹងរបងអង្គការគ្រួសារថ្មី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ត្រូវបានលោកលឹម ឃាង ថៅកែខារ៉ាអូខេ អ៊ិចស្តារ រំលោភបំពានសាងសង់លើដីផ្លូវសាធារណៈរបស់រដ្ឋ ដោយមានអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ពន្ឋ័ ជប់ឲ្យចេញជារូបរៀងហើយនៅពេលនេះ ។
ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានលើកឡើងថា សំណង់ខុសច្បាប់របស់លោក លឹម ឃាងខាងលើនេះ កាលពីជាង១ខែមុន ខណៈពេលដែលក្រុមជាងសំណង់ បានវាស់វែងបុកគ្រឹះ គេឃើញអស់លោកខាងអាជ្ញាធរមានសមត្ថកិច្ចជំនាញផ្នែកភូមិបាលដឹកនាំដោយ លោកប្រាក់ ប៉ូលីន អនុប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត បានចុះទៅហាមឃាត់មិនអនុញ្ញាតឲ្យធ្វើការសាងសង់ជាដាច់ខាត ។ លោកប្រាក់ ប៉ូលីន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកបានធ្វើរបាយការណ៍ ជូនលោកម៉ែន សោភ័ណ អភិបាលរងខេត្តទទួលបន្ទុកក្រុងប៉ោយប៉ែតនេះរួចរាល់ហើយផងដែរ ។
ចំណែក លោកម៉ែន សោភ័ណ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទ័របស់លោកទទួលការហៅចូលជាច្រើនលើកតែគ្មានអ្នកទទួល ។
ប្រជាពលរដ្ឋបន្តថា ស្រាប់តែអំឡុងពេលប្រមាណជាង១ខែកន្លងមកនេះ គេឃើញសំណង់មួយកន្លែងនេះនៅតែបន្តសាងសង់លេចចេញជារូបរៀងជាស្ថាពរហើយ ដោយមិនដឹងថា ខាងម្ចាស់សំណង់គាត់មានយុទ្ឋវិធីអ្វីនោះទេ ទើបបានជាអស់លោកដែលជាអាជ្ញាធររួមទាំងមន្ត្រីជំនាញភូមិបាលមិនអើពើយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបានស្របទៅយុទ្ឋសាស្ត្ររបស់ប្រមុខថ្នាក់ដឹកនាំឡើយ។
ចំណែកលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេនៅរសៀលថ្ងៃទី០៥ មីនានេះ តែកាលព្រឹកថ្ងៃទី១៦ កុម្ភៈ លោកបានឆ្លើយតបមកយ៉ាងខ្លីថា គាត់ដឹងហើយថា អ្នកសារព័ត៌មានខ្លះ ខ្លាចជាអធិការកិច្ច និង ជាអ្នប្រមាញ់ នូវបញ្ហានេះផងដែរ ។ លោកង៉ោ ម៉េងជ្រួន ចៅហ្វាងក្រុងរូបនេះ បានបន្តថា លោកត្រេកអរខ្លាំងណាស់ដល់អ្នកសារព័ត៌មាន ដែលបានយកចិត្តទុកដាក់ជួយដល់សង្គមជាតិ ។
ប្រជាពលរដ្ឋរស់នៅជិតសំណង់ខុសច្បាប់ បានអំពាវនាវដល់អស់លោកជាថ្នាក់ដឹកនាំដែលមានលោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាសម្តេចតេជោហ៊ុន សែន ជួយចាត់វិធានពការង្រឹងបញ្ហាផ្លូវច្បាប់ឲ្យមានតម្លាភាពផងដែរ៕
ចែករំលែកព័តមាននេះ