រាជធានីភ្នំពេញ ៖ ក្រុមបងធំមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ ឈើ ដំបងទីព គ្រប់ដៃជិះម៉ូតូ៥គ្រឿងវាយប្រហារទៅលើក្រុមមន្ត្រីយោធានៅ«អង្គភាពឆាត់យោងលេខ៩១១»ដែលមានគ្នាជាង១០នាក់ដូចគ្នាដែលកំពុងធ្វើដំណើរបណ្តាលឱ្យមន្ត្រីយោធា៣រូបបានរងរបួសធ្ងន់ តែជនបង្កត្រូវនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនបានម្នាក់ និងបក្សពួកជាច្រើននាក់ទៀតរត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី៣ មីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេងទល់មុខក្លឹបកម្សាន្តមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កដៃដល់ដែលចាប់នោះឈ្មោះ វ៉ែន វិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះទី១-ឈ្មោះ ផូ សុភា អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិអណ្តូងឬស្សី ស្រុកលលាប្អៀង ខេត្តកំពង់ឆ្នាំង ។ ទី២-ឈ្មោះ ឆិល ណាត់ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ ។ទី៣-ឈ្មោះ ឡឹក ចាន់ថុល អាយុ២០ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅបានឱ្យដឹងថា នៅមុនពេលកើតហេតុមានក្រុមកូនទាហាននៃអង្គភាពឆាត់យោងលេខ«៩១១»មានគ្នាចំនួន១៧នាក់បាននាំគ្នាមកដើរលេងដោយធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង គោលបំណងចង់ចូលទៅរាំលេងកម្សាន្តនៅក្លឹបកម្សាន្តមួយកន្លែង ខណៈដែលជិះមកដល់ចំណុចកើតហេតុមុខក្លិបដោយមានមនុស្សច្រើនពេកបានចេញទៅវិញបានបន្តិចក្រោយមកក៏លេចមុខក្រុមបងធំមានគ្នាប្រមាណជាង១០នាក់ប្រដាប់ដោយ ដំបងឈើ ដំបងទីព ដុំឥដ្ឋ ដុំថ្ម មកវាយទៅលើក្រុមកូនទាហានដែលជាមន្ត្រីយោធាខាងលើ ទើបធ្វើឱ្យកូនទាហានទាំងនោះវាយតបតទៅវិញ បណ្តាលឱ្យកូនទានហាន៣នាក់បានរងរបួសធ្ងន់ ភ្លាមៗនោះជនបង្កម្នាក់ដោយរត់ឡើងលើម៉ូតូបក្សពួកជនរងគ្រោះនិងឃាត់បានម្នាក់ប្រគល់ឱ្យកម្លាំងនគរបាល និងបក្សពួកជាង១០នាក់ទៀតបានរត់បាត់ស្រមោលអស់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះខាងមន្ត្រីយោធាទាមទាសំណងចំនួន២ពាន់ដុល្លារតែជនបង្កមិនមានលិទ្ធភាពសងត្រូវបានសមត្ថកិច្ចប៉ុសិ៍្តចោមចៅកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ