ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ៖ ល្បឿន​ចន្លោះពី ៦០-១២០​គ.ម តែកុងតឺន័រ ត្រឹមតែ ៨០គ.ម ក្នុង ១ម៉ោងប៉ុណ្ណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញានេះ ពោលគឺ ៣ថ្ងៃមុន​ បើកឱ្យដំណើរការសាកល្បង​ផ្លូវល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ប្រកាស​ពីលក្ខខណ្ឌ​គួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

តាមក្រសួងសាធារណការ និងដឹកជញ្ជូន ល្បឿនទាបបំផុត (អប្បបរមា) និងលឿនបំផុត (អតិបរមា ) សម្រាប់ផ្លូវល្បឿនលឿន ត្រូវបានកំណត់ ដូចខាងក្រោម៖ ​ល្បឿន 60 – 120km/h រថយន្ត​គ្រួសារ/ធុនស្រាល។ ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់ មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kW ឡើងទៅ។ ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោង​យានដំណើរកំសាន្ត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ករណី​មានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម​ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។ ករណីផ្លូវកោង ច្រកចូល​ចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរ ត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែក កន្លែង​ដែលចាំបាច់ ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរ​ផងដែរ​។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១វិច្ឆិកាតទៅ អ្នកបើកបរ​លើផ្លូវនេះ ​ត្រូវបង់លុយ ចាប់ពី ១២ដុល្លារ ដល់ ៦០ដុល្លារ តាមប្រភេទយានយន្ត។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះ តភ្ជាប់ពីសង្កាត់​សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មកដល់ខែកញ្ញា ឆ្នាំ២០២២​នេះ បានសាងសង់រួចរាល់ គឺរួចមុនគម្រោង ៨ខែ។

ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពាន​ថ្នល់ចិន (CRBC) ជាអ្នកវិនិយោគសាងសង់ផ្លូវល្បឿនលឿន ដែលត្រួតពិនិត្យបច្ចេកទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះ មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំ ចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។

ផ្លូវល្បឿនលឿន ឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្ត ចំនួន ០៤បួន ក្នុងនោះ៖ ខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ម៉ោង មកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ៕