រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា ខ្លួនមិនចូលនិងលូកដៃកិច្ចការផ្ទៃក្នុងបណ្តាប្រទេសលើសកលលោកទេ ដោយប្រកាន់នូវអព្យាក្រឹត ប៉ុន្តែចង់ឲ្យសហរដ្ឋអាមេរិកពិចារណាលុបបំណុលស្អុយពីកម្ពុជាចោល ។
មន្ត្រីជាន់ខ្ពស់គណបក្សគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា តាមប្រព័ន្ធតេឡេក្រាមថា ៖ «កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ។ កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនទ្បើយ» ។
លោកបន្ថែមថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅផ្ទៃក្នុងប្រទេស ។
លោកបានសង្កត់ធ្ងន់ថា នៅលើពិភពលោក ប្រទេសណាក៏ជាមិត្តរបស់កម្ពុជាដែរ ។ ដោយទ្បែក សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចកាន់តែចាំបាច់ដែលកម្ពុជា ត្រូវការធ្វើជាមិត្តលើមូលដ្ឋាន គោរពគ្នាទៅវិញទៅមក ស្មើសិទ្ធិ ស្មើភាពរវាងគ្នា ។ ប៉ុន្តែអាមេរិកគួរពិនិត្យពិចារណាផង ក្នុងនាមជាប្រទេសធ្លាប់មានប្រវត្តិជូរចត់ជាមួយគ្នាដែលអាមេរិកបានទម្លាក់គ្រាប់បែករាប់លានតោនមកលើប្រជាជនកម្ពុជាបង្កឲ្យរងទុក្ខវេទនាធ្ងន់ធ្ងរមានផលវិបាកអាក្រក់រហូតមកដល់សព្វថ្ងៃ សហរដ្ឋអាមេរិកគួរតែមានអ្វីមកប៉ះប៉ូវវិបត្តិផ្លូវចិត្តរបស់ប្រជាជន កសាងទ្បើងវិញនូវទំនាក់ទំនងល្អ ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ។
ជាមួយគ្នានោះដែរលោក សុខ ឥសាន ក៏បានលើកពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអាមេរិកនោះមិនមែនមានន័យថា ជាការបង្កភាពអមិត្តជាមួយសហរដ្ឋអាមេរិកទេ តែគ្រាន់ជាការនិយាយការពិតប៉ុណ្ណោះ ដោយយល់ថា សហរដ្ឋអាមេរិកជាប្រទេសប្រជាធិបតេយ្យចាស់ទុំលើលោកនេះ ។
លោកបញ្ជាក់ថា ៖ «យើងគាំទ្រប្រសាសន៍របស់លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងបំណងផ្សារចំណងមិត្តភាព សាមគ្គីភាពជិតស្និទ្ធរវាងកម្ពុជា និងអាមេរិកឲ្យបានល្អផូរផង់ទៅអនាគតអស់កាលយូរអង្វែងទៀត ។ ទន្ទឹមនឹងនេះ ដោយអាមេរិកជាប្រទេសអ្នកមាន មហាសេដ្ឋី គួរតែពិនិត្យលទ្ធភាពលុបបំណុលស្អុយចោលពីកម្ពុជាចេញទៅ ដើម្បីជីកកប់ស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់ បាត់ចេញពីអារម្មណ៍ប្រជាជនកម្ពុជាជាការល្អ» ។
សូមជម្រាបថា ការប្រកាន់ជំហររបស់កម្ពុជា ខណៈពេលគេឃើញថាកម្ពុជាកំពុងតែធ្វើការសហប្រតិបតិ្តការជាមួយបណ្តាប្រទេសនានាដោយមិនប្រកាន់បក្សពួក ឬប្រទេសណានោះទេ ។ ជាងនេះកម្ពុជាព្រមទទួលយកអំណោយពីប្រទេសណាដែលមានបំណងជួយ ដើម្បីអភិវឌ្ឍន៍ប្រទេសទៀតផង ។
ទាក់ទិននឹងបញ្ហាដែលអាមេរិកគួរលុបបំណុលស្អុយនៅកម្ពុជា ចំពោះការទម្លាក់គ្រាប់បែកនោះ ត្រូវលោកហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ធ្លាប់បានឲ្យដឹងថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហ (លុបការសម្ងាត់) បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត២លាន៨សែនតោន ដោយគិតរយៈពេលតែចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា តាមឯកសារស្រាវជ្រាវជាច្រើនបានបង្ហាញថា មានប្រជាជនកម្ពុជាចំនួនប្រមាណ៥០០.០០០នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទម្លាក់គ្រាប់បែកនេះ និងចំនួនជាច្រើនទៀតស្លាប់ដោយការជន្លៀស ជំងឺ និងការអត់ឃ្លាន ។ បើគិតតែតម្លៃនៃការបោសសំអាតទីតាំងទម្លាក់គ្រាប់បែកទាំងនោះមួយមុខប៉ុណ្ណោះក៏អាចមានតម្លៃរាប់ពាន់លានដុល្លារដែរ ៕
ចែករំលែកព័តមាននេះ