ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​មេព្រៃ​សុំ​រួម​សហការ​ឆែកឆេរ​ឃ្លាំង​ឈើ មន្ត្រី​ប៉ូលិស​-​អាវុធហត្ថ​ខ្លះ​យក​ឈើ​តាម​ទំនើងចិត្ត

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែក​ផ្ទះ​៣​កន្លែង ដែល​សង្ស័យ​ថា​បាន​លាក់​ឈើ​ប្រណីតប្រភេទ​ធ្នង់​ជា​ច្រើន​ម៉ែត្រគូប ។ ប្រតិបត្តិការ​នេះ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែក​ផ្ទះ​៣​កន្លែង ដែល​សង្ស័យ​ថា​បាន​លាក់​ឈើ​ប្រណីតប្រភេទ​ធ្នង់​ជា​ច្រើន​ម៉ែត្រគូប ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​លោក​អភិបាលខេត្ត ដោយ​មានការ​សំរបសំរួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ក្នុង​ពេល​ចុះ​ឆែកឆេរ​ដោយសារ​តែ​អស់លោក​ខាង​អាវុធហត្ថ និង​នគរបាល​ធ្វើខ្លួន​មិន​ស័ក្តិ​សមជា​សមត្ថកិច្ច បាន​រង​នូវ​ការ​រិះគន់​ផង​ដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ ព្រោះតែ​អស់លោក​ទាំងនោះ​ជញ្ជូន​យក​ឈើ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ការ​អៀនខ្មាស​បន្តិច​ណា​ទាល់តែ​សោះ ។

លោក ប៊ុ​ន សម្បត្តិ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​បានឱ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​ពី​លោក វ៉ី សំណាង អភិបាលខេត្ត​ឱ្យ​យកចិត្តទុកដាក់ តាមដាន​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ រូប​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​នេះ ។ លោក នាយ​ផ្នែក​បន្ត​ថា ទាំងនេះ​ក៏​ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ផង​ដែរ ទើប​កម្លាំង​របស់​លោក​សម្រេច​ការងារ​នេះ បាន​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន​ឈើ​ទាំងនេះ​សមត្ថកិច្ច​របស់​លោក​បាន​នឹង​ប្រមូល​យក​មក​រក្សា​ទុ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ រង់ចាំ​ធ្វើការ​វាស់វែង​រាប់​ចំនួន​ឈើ​ពិតប្រាកដ ។
លោក​វរសេនីយ៍ត្រី មួន លាង នាយ​រង​ការិយាល័យ​សន្តិសុខ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​លាក់​ឈើប្រណិត​នេះ​ឈ្មោះ ងួ​ន ចាន់​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ នួន ជឿន អាយុ​២៥​ឆ្នាំ ជា​ផ្ទះ​ដែល​សមត្ថកិច្ច​ឆែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។ នៅ​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ ។

មហាជន​បាន​និយាយ​រិះគន់ ទៅ​លើ​អស់លោក​អាវុធហត្ថ​ខេត្ត ក៏​ដូច​ជា​នគរបាល​សេដ្ឋកិច្ច​ខេត្ត ព្រោះតែ​អស់លោក​ទាំងនោះ​ធ្វើខ្លួន​មិន​ស័ក្តិ​សមជា​សមត្ថកិច្ច ដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ ។ មូលហេតុ​ដែល​មានការ​រិះគន់​នេះ​ដោយសារ​តែ​អស់លោក​ទាំងនោះ​បាន​ប្រមូល​យក​ឈើ​ទៅ​ដាក់​តាម​រថយន្ត​រៀង​ៗ​ខ្លួន ហើយ​ដឹក​យក​ចេញពី​កន្លែង​បង្ក្រាប​ទៅ​បាត់​អស់ ដែល​ការ​ដឹក​នេះ​ត្រូវ​បានដឹង​ថា មិនមែន​ដឹក​យក​ទៅ​ដាក់​កន្លែង​មេព្រៃ​ឡើយ គឺ​ដឹក​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​វិញ ។

ពលរដ្ឋ​សំណូមពរ​ទៅ​ដល់​លោក​ឧត្តមសេនីយ៍ត្រី សម សា​មួន ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេត្តា​ពិនិត្យ​មើល​ភាព​អសកម្ម របៀប​ត្រីងៀត​ឆ្លៀត​ពង​របស់​កូនចៅ​ក្រោម​ឱវាទ​ផង បើ​ធ្វើ​បែប​នេះ​មិន​សមជា​សមត្ថកិច្ច​ដែល​បង្ក្រាប​បទល្មើស​នោះ​ទេ ជាង​នេះ​ទៅ​ទៀត ក៏​គួរ​ណាស់​តែ​មានការ​ខ្មាស​អៀន​ចំពោះ​មេព្រៃ​ផង ដែល​គេ​ខំ​ហៅ​ឱ្យមក​សហការ​ក្នុង​ការ​បង្ក្រាប មិនមែន​ហៅ​ឱ្យមក​ប្រមូល​យក​ឈើ​បទល្មើស​បែប​នេះ​ឡើយ ។

ពាក់​ព័​ន្ឋ​នឹង​ការ​ជញ្ជូន​យក​ឈើ​ពី​សំណាក់​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​កង​រាជ​អាវុធ​ហ​ត្ង​ខេត្ត​និង​ស្រុក​ផង​ដែរ លោក ប៑​ុ​ន សម្បត្តិ បាន​និយាយ​ថា​លោក​ពិតជា​មិន​យល់ ចំពោះ​សកម្មភាព​របស់​អស់លោក​ទាំងនោះ​ឡើយ ។ រឿង​នេះ​លោក​មិន​ស្តីបន្ទោស​ដល់​អស់លោក ដែល​ជញ្ជូន​យក​ឈើ​ខុស​គោលការណ៍​នេះ​ទេ តែ​ពួក​គាត់​ជា​សមត្ថកិច្ច​ទាំងនោះ​ហាក់បីដូចជា​មិន​យកចិត្តទុកដាក់​ស្តាប់​តាម​ឡើយ ៕