រាជធានីភ្នំពេញ ៖ នៅមជ្ឈមណ្ឌល CJCC សកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី០៤ មិនា ឆ្នាំ២០១៧ មានការរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ នីតិរដ្ឋ និងប្រព័ន្ធតុលាការនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពួល ។
ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីបំប៉នលើមុខវិទ្យានីតិសាស្ត្រ ដល់និស្សិតថ្នាក់បណ្ឌិតជំនាន់ទី៣ វគ្គ២ ថ្ងៃសៅរ៍-អាទិត្យ ឆ្នាំសិក្សា ២០១៧-២០១៨ របស់សកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ហៅកាត់ CUP ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយស ប្រមាណជាង ១០០នាក់ ក្នុងនោះនិស្សិតថ្នាក់បណ្ឌិតចូលរួមមានចំនួនជាង៧០នាក់ផងដែរ ។
នៅក្នុងអង្គពិធីនេះ ឯកឧត្តមបណ្ឌិត ជីវ កេង បានថ្លែងថា នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ផាភិបាល ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាចក្ខុវិស័យមួយសម្រេចអោយបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ការលើកស្ទួយការគោរពសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរី ធានានូវយុត្តិធម៌សង្គម ។ ការទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាចំណុចគន្លឹះមួយមិនអាចខ្វះបាន ក្នុងទិសដៅពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាពង្រឹងវប្បធម៌នៃការគោរពច្បាប់ ។
ការពង្រឹងនីតិរដ្ឋមិនអាចប្រព្រឹត្តទៅបានឡើយកាលបើប្រព័ន្ធយុត្តិធម៌មិនមានប្រសិទ្ធិភាព ពីព្រោះថា អង្គតុលាការដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តច្បាប់ ដែលកើតចេញពីឆន្ទៈទូទៅរបស់ប្រជាពលរដ្ឋតាមរយៈអង្គនីតិបញ្ញត្តិ ៕
ចែករំលែកព័តមាននេះ