ខេត្តសៀមរាប ៖ បាល់ឡុងមួយគ្រឿងដឹកភ្ញៀវបរទេសចំនួន៩នាក់ ក្នុងនោះមានខ្មែរម្នាក់ជាអ្នកបញ្ជាបាញ់កំប៉ុងហ្គាស ចូលទៅក្នុងបាល់ឡុងនោះ ដែលធ្វើអំពីក្រណាត់ម្យ៉ាង សម្រាប់ការពារភ្លើង ដើម្បីហោះហើរឡើងនាំភ្ញៀវទស្សនាពីលើអាកាស មើលទេសភាពដ៏ប្រណីតក្នុងក្រុងទេសចរណ៍ បានធ្លាក់ចុះមកដី ក្នុងក្រុងសៀមរាប ខណៈពេលនោះពុំមានភ្ញៀវណាម្នាក់រងរបួសក្នុងហេតុការណ៍ខាងលើនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ដែលមានការចោទថា នេះជាការធ្វេសប្រហែសរបស់អ្នកបញ្ជា ជាជនជាតិខ្មែរ ។
ហេតុការណ៍បាល់ឡុងធ្លាក់នោះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ទិន ណារ៉ុង អធិការក្រុងសៀមរាមបានឱ្យដឹងថា បាល់ឡុងដែលធ្លាក់នោះបានហោះចេញមកពីភូមិសាស្ត្រក្រោយបុរី សុខលាភ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ហើយបានមកធ្លាក់ស្ថិតនៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧បានចម្ងាយជាង១០គ.មពីកន្លែងហោះ ។ នៅក្នុងបាល់ឡុងនោះ មានមនុស្សជិះចំនួន៩នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៨នាក់ និងខ្មែរម្នាក់ជាអ្នកបញ្ជា ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា នៅលើបាល់ឡុងមានភ្ញៀវទេសចរណ៍ចំនួន៨នាក់ និងអ្នកបើកបរជាជនជាតិខ្មែរ១នាក់ ក្នុងនោះមានជនជាតិអាស៊ី៤ នាក់ និងជនជាតិអឺរ៉ុប៤នាក់ បានជួលបាល់ឡុងនោះ ដើម្បីហោះហើរមើលទេសភាព ។ លោកបានបន្តថា ក្រោយធ្លាក់បាល់ឡុងដល់ដីភ្លាម មានរថយន្តមួយគ្រឿងមកដឹកភ្ញៀវចេញទៅវិញភ្លាមៗផងដែររកសួរនាំមិនទាន់ ។
មូលហេតុនៃការធ្លាក់បាល់ឡុងនោះ គេនាំគ្នានិយាយថា បណ្តាលមកពីអ្នកបើកបរខុសបច្ចេកទេសដោយក្នុងនោះ ត្រូវបានប្រើបំពង់ហ្គាសសម្រាប់បាញ់ចូលទៅក្នុងថង់កៅស៊ូ ដើម្បីបង្កើតខ្យល់ឱ្យវាហោះឡើង ។ ក្នុងហេតុការណ៍ខាងលើ ជនជាតិខ្មែរជាអ្នកបញ្ជានោះ ក្រោយពីធ្លាក់ដល់ដីបានជិះរថយន្តទៅបាត់មិនដឹងថាការធ្លាក់ស្បាបដល់ដីខុសទីតាំងត្រូវចុះចតនេះ ដោយមូលហេតុអ្វីឡើយធ្វើឱ្យមានការភ្ញាក់ផ្អើលឈុលឡើង ។ ខណៈពេលនោះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុត្រូវបានរថយន្តរបស់ក្រុមហ៊ុននោះ បានមកទទួលយកមនុស្សទាំងអស់នោះត្រឡប់ទៅកន្លែងដើមវិញ ។
ចំណែកអ្នកគ្រប់គ្រងបាល់ឡុង នៅក្នុងខេត្តសៀមរាបបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះថា ការហោះហើរបាល់ឡុងដែលចេញពីភូមិសាស្ត្រស្រុកបាសាទបាគង មកដល់ទឹកដីក្នុងសង្កាត់ទឹកវិលនោះ មានចម្ងាយជាង១០គីឡូម៉ែត្រ ហើយការហោះហើរនោះអាចបានកំពស់២៧០ម៉ែត្រពីដី ។ អ្នកគ្រប់គ្រងបានអះអាងថា ក្នុងការហោះហើរនោះមិនមែនបាល់ឡុងរបស់ខ្ញុំធ្លាក់នោះទេ គឺពួកខ្ញុំចុះចតតាមធម្មតាទេ ដោយសារប្រជាពលរដ្ឋមិនដែលឃើញ ទើបនាំគ្នានិយាយថាបាល់ឡុងធ្លាក់ទៅវិញ ។ អ្នកគ្រប់គ្រងបានបន្តថា ការហោះហើរបាល់ឡុងរបស់ខ្ញុំនេះ គឺក្នុង១ថ្ងៃហោះហើរ២ដង គឺព្រឹក ហោះហើរឡើងចំនួន២ទៅ៣បាល់ឡុង តាមមានភ្ញៀវច្រើននិងតិច និងនៅពេលល្ងាចក៏ដូចគ្នានឹងពេលព្រឹកដែរ ។
សូមបញ្ជាក់ផងដែរថា បាល់ឡុងទុកសម្រាប់ជួលនោះ គឺជារបស់ក្រុមហ៊ុនបរទេស ប៉ុន្តែមតិនានានៅទីនោះនាំគ្នានិយាយថា បាល់ឡុងធ្លាក់បើមិនធ្លាក់ ឬបើមិនមានបញ្ហាបច្ចេកទេសទេ ហេតុម៉េចក៏មកចុះនៅកណ្តាលវាលខុសគោលដៅទៅវិញ ។ ក្នុងមួយថ្ងៃៗហោះច្រើនដងមិនឃើញចុះខុសប្រក្រតីទេ ទើបតែពេលនេះ ស្រាប់តែមកចុះកណ្តាលទីដែលមិនធ្លាប់មានសោះ ។ ចាត់ទុកសំណាងហើយ ដែលគ្មានគ្រោះថ្នាក់ដល់អ្នកជិះនិងអ្នកនៅពីក្រោម ៕
ចែករំលែកព័តមាននេះ