ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ផ្សេងទៀតដែលបានធ្វើលេសចុះជួយលើកទុយោទឹកដាក់លើម៉ូតូរបស់ជនរងគ្រោះដែលជ្រុះនៅកណ្តាលផ្លូវហើយឆ្លៀតឱកាសព្រួតវាយជនរងគ្រោះឆក់យកកាបូបលុយ តែមិនបានសម្រេចក៏ត្រូវបានកម្លាំងនគរបាលស្រុកស្នួលប្រដេញស្ទាក់ចាប់បាន ។
ករណីអំពើលួចដោយប្រើហិង្សាមួយនេះបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិក្បែរនឹងទីប្រជុំជនស្រុកស្នួល និងបានបង្កឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការស្រែកឆោរឡោពីជនរងគ្រោះឲ្យជួយចាប់ចោរ ។
បើតាមលោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម សារី អាយុ៦២ឆ្នាំ រស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល បានជិះម៉ូតូដឹកទុយោទឹកដែលទិញពីផ្សារដើម្បីយកទៅចម្ការ ។ លុះពេលដែលកំពុងតែជិះស្រាបតែដាច់ខ្សែរឹតបណ្តាលឲ្យទុយោធ្លាក់ពេញផ្លូវ ។ ភ្លាមៗជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូម្នាក់១គ្រឿងបានធ្វើលេសជាចុះមកជួយលើក និងរឹតចង់ទុយោដាក់លើម៉ូតូ ។ ក្នុងពេលធ្វើសម្មភាពក្រុមជនល្មើសបានព្រួតវាយប្រតាយប្រតប់លើជនរងគ្រោះដើម្បីឆក់កាបូបលុយរបស់ជនរងគ្រោះដែលមានលុយចំនួន៣ពាន់ដុល្លារនៅក្នុងកាបូប ។
លោកអធិការបានបញ្ជាក់ថា ក្នុងពេលប្រតាយប្រតបឆក់ការបូបលុយជនរងគ្រោះក៏ស្រែកឲ្យគេឯងជួយខណៈដែលនៅតំបន់នោះមានមនុស្សច្រើន និងស្ទុះទៅចាប់ជនសង្ស័យ ដែលជាអ្នកឆក់នោះបានម្នាក់ ។ ពេលឃើញសភាពមិនស្រួលជនសង្ស័យក៏បានបោះកាបូបលុយមកឲ្យវិញដោយមិនបានយកលុយទាំងនោះទេ និងបាននាំគ្នាជិះម៉ូតូម្នាក់១គ្រឿងគេចខ្លួន ។
ភ្លាមៗក្រោយការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលល្បាតស្រុកបានប្រដេញស្ទាក់ចាប់បក្សពួកជនសង្ស័យបានម្នាក់ឈ្មោះ ឡោ ខេង អាយុ ៤៨ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងម៉ូតូ១គ្រឿងដែលជនជិះធ្វើសកម្មភាព ចំណែកឯ៣នាក់ទៀតបានគេចខ្លួនបាត់ស្រមោល ។
បើតាមជនរងគ្រោះក៏ដូចជាតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងព្រហ្មទណ្ឌបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងបក្សពួកចំនួន៣នាក់ផ្សេងទៀតធ្លាប់បានប្រព្រឹត្តសកម្មភាពបែបនេះបានសម្រេចជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញផងដែរ ៕
ចែករំលែកព័តមាននេះ