ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទីផ្សារ​ផ្លែ​មៀន ហៅ​តា​ង៉ែ​ន នា​រដូវ​បុណ្យ​ភ្ជុំ ធ្វើ​ឱ្យ​កសិករ​សប្បាយចិត្ត​ក្នុង​ការ​ប្រមូល​ផល

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ប្រជា​ពល រដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មួយ​ចំនួន មានការ​សប្បាយ​រីករាយ ខណៈ​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន បាន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជា​ពល រដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មួយ​ចំនួន មានការ​សប្បាយ​រីករាយ ខណៈ​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន បាន​ឡើង​ខ្ពស់​ជាង​មុន ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​សប្បាយ​រីករាយ ញញឹម​បិទ​មាត់​មិន​ជិត ក្នុង​ការ​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​នោះ​ឡើយ​។

បន្ទាប់​ពី​តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​បោះបង់​ចោល លែង​ថែទាំ ស្រោច​ទឹក​ដើមឈើ​នេះ ហើយ​ក៏​មាន​អ្នកខ្លះ​កា​.​ប់​ចោល ងាក​បែរ​ទៅ​ដាំ ដំណាំ​ពោតក្រហម និង​ដំឡូង​មី​ជំនួស​វិញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​មាន ឈ្មោះ សោ​ភ័​ណ្ឌ អាយុ​៤៩​ឆ្នាំ និង​ប្តី​ឈ្មោះ អ៊ុ​ន រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន ជាង​២០០​ដើម នៅ​លើ​ដីចម្ការ​របស់​ខ្លួន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​បាន​ទទួលផល​លក់​ហូរហែ​ជា​រៀង​រាល់​ឆ្នាំ​។

គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ តម្លៃ​ទីផ្សារ​មៀន​ប៉ៃលិន ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​ឈ្មួញ​ហ៊ាន​ទិញ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​១៥០០​រៀល ទៅ​២០០០​រៀល​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ការ​ថែទាំ ត្រូវ​ប្រើ​ជី ទិញ​ថ្នាំ​កំចាត់​សត្វល្អិត ថ្នាំ​ស្មៅ និង​ដាក់​អ័រម៉ូន​បញ្ចេញ​ផ្លែ ត្រូវការ​ចំណាយ​ថវិកា​ច្រើន លុះ​ពេល​ប្រមូល​ផល​លក់​អត់​ចំណេញ ពោល​គឺ​ខាតដើម​ខាតចុង ធ្វើ​ឱ្យ​គាត់​មានការ​លំបាក​ខ្លាំង ស្ទើរតែ​បោះបង់​ចោល​មុខរបរ​មួយ​នេះ​។

គាត់​បញ្ជាក់​ទៀត​ថា ប៉ុន្តែ​រហូត​មក​ដល់​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២២​នេះ ស្រាប់តែ​តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន បាន​ស្ទុះ​ឡើង​ខ្ពស់​វិញ ដោយ​ឈ្មួញ​ទិញ​១​គីឡូក្រាម​ចាប់ពី​តម្លៃ​៣៥០០​រៀល ទៅ​៤០០០​រៀល ធ្វើ​ឱ្យ​គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ការ​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​នៅ​ឯ​ចម្ការ​របស់​ខ្លួន ហើយ​ថែម​ទាំង​ដើរ​ម៉ៅ​ចំការ​អ្នក​ជិតខាង​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​បាន​ផល​ចំណេញ​តិច​តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ហើយ​ឈ្មួញ ដែល​ចូល​ទៅ​ទិញ​ផ្លែ​មៀន​ប៉ៃលិន របស់​គាត់​ដូច​ជា មក​ពី​ខេត្តបាត់ដំបង ខេត្តពោធិ៍​សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង រហូត​ដល់​រាជធាន​ភ្នំពេញ​ផង​ដែរ​។ ដូច្នេះ​គាត់​ពិតជា​មាន​កម្លាំង​ក្នុង​ការ​ស្រោច​ទឹក​ដាក់​ជី ដំណាំ​មៀន​ប៉ៃលិន របស់​ខ្លួន ហើយ​នៅ​សេសសល់​ជាង​១០០​ដើម​ទៀត ដែល​នឹង​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០២២​ខាង​មុខ​នេះ សង្ឃឹមថា តម្លៃ​ទីផ្សារ​ដំណាំ​នេះ នឹង​មិន​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដូច​មុន​នោះ​ឡើយ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដែល​បាន​ដាំ​ដំណាំ​មៀន​ប៉ៃលិន​រាប់​ពាន់​ដើម ក៏​ចាប់ផ្តើម​ដាក់​អ័រម៉ូន​បញ្ចេញ​ផ្លែ​ជា​បណ្តើរ​ៗ ដើម្បី​ឱ្យទាន់​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ហើយ​ក៏​មាន​ខាង​ក្រុមហ៊ុន​ចិន ចូល​មក​កុងត្រា​ទទួល​ទិញ​យក​ទៅ​ធ្វើ​គ្រឿង​កំប៉ុង​លក់​នៅ​ស្រុក​គេ​ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ