ខេត្តសៀមរាប ៖ តំណាងអាជីវករលក់គ្រឿងក្រអូប អង្ករ និងខោអាវនៅជួរមុខនោះបានរៀបរាប់ទាំងក្តុកក្តួលប្រាប់អ្នកយកព័ត៌មានថា តូបដែលឆេះរបស់អាជីវករទាំងអស់នៅក្នុងផ្សារពោធិ៍លង្កាកាលពីយប់អធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បើគិតជាទឹកប្រាក់តាមតូបតូចធំក្នុងម្នាក់ៗអស់ចាប់ពី១ម៉ឺនដុលា្លរឡើងដល់ជាង១០ម៉ឺនដុល្លារ នេះជាលើកទី២ហើយដែលផ្សារត្រូវឆេះ ។ តំណាងអាជីវករបានបន្តថា កាលពីអំឡុងឆ្នាំ២០១៥ផ្សារពោធិ៍លង្កានេះបានឆេះម្តងរួចមកហើយ ប៉ុន្តែអស់ប្រមាណជា៥តូបប៉ុណ្តោះបើគិតជាភាគរយអស់តែ១០% ព្រោះកាលពីឆេះពួកគាត់កំពុងដេកនៅផ្ទះ ស្រាប់តែគេបានទូរស័ព្ទប្រាប់មកដល់អស់រលីងនាំគ្នាយំក៏យំមិនចេញដែរនៅពេលនេះ ។
ម្ចាស់ផ្សារពោធិ៍លង្កា ឈ្មោះ ជី វ័ន្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅវេលាម៉ោង១២ និង២៨នាទីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ថា មុនដំបូងមានគេទូរស័ព្ទមកប្រាប់ថា មានភ្លើងឆេះផ្សារហើយ ខណៈពេលនោះលោកក៏បានទូរស័ព្ទទៅនគរបាលផ្នែកពន្លត់អគ្គីភ័យរបស់ស្នងការខេត្តដើម្បីឱ្យមកជួយពន្លត់បានមួយសន្ទុះក៏ឃើញរថយន្តពន្លត់អគ្គីភ័យមកជាបន្តបន្ទាប់ ។ លោកបានបញ្ជាក់ថា មូលហេតុនៃការឆេះនេះគឺឆេះចេញមកពីតូបរបស់អាជីវករដែលលក់ដូរនៅជួរកណ្តាល ព្រោះផ្នែកសន្តិសុខបានដើរបិតបារ៉ែតភ្លើងអស់ហើយ តាំងពីម៉ោង៩យប់ម្ល៉េះ ហើយការឆេះផ្សាររបស់ខ្ញុំនេះជាលើកទី២ហើយ ព្រោះលើកទី១ នៅអំឡុងឆ្នាំ២០១៥ ប៉ុន្តែ វាឆេះតិចតួចប៉ុណ្តោះ មិនបានធំដុំដូចលើកនេះ ។ បើប៉ាន់ស្មាននៃការឆេះជាលើកទី២នេះគិតជាទឹកប្រាក់របស់អាជីវករអស់ច្រើនណាស់ ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ សុជាតិ ស្នងការរងទទួសបន្ទុកគ្រប់គ្រងអាវុធជាតិផ្ទុះ និង បង្កាគ្រោះអគ្គីភ័យនៃស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា នៅពេលទទួលបានព័ត៌មានពីករណីគ្រោះអគ្គីភ័យកើតមានឡើងនាពេលវេលាដូចខាងលើនៅផ្សារពោធិ៍លង្កា ទាំងកម្លាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរអប្សរាបានរួមសហការគ្នាអន្តរាគមក្នុងការពន្លត់ភ្លើងដែលកំពុងឆេះ ដោយបានប្រើប្រាស់អស់ទឹក១២គ្រឿង ទើបគ្រប់គ្រងសភាពការនេះបាននៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺបានដោយជោគជ័យ ។
លុះព្រឹកឡើងគេឃើញមានវត្តមានរបស់លោក ទេព សំអាន សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយក្រុងសៀមរាបបានអញ្ជើញត្រួតពិនិត្យពីការខូចខាតបាត់បង់សម្ភាររបស់បងប្អូនអាជីវករដែលបណ្តាលមកពីឆេះផ្សារនេះ ។ ក្នុងនោះលោកក៏បានសម្តែងនូវការសោកស្តាយជាខ្លាំង ចំពោះឧបវទ្ទហេតុដែលកើតឡើង ចំពោះបងប្អូនដែលធ្វើឱ្យបាត់បង់នូវទ្រព្យសម្បត្តិពេលវេលា និងស្មារតី ដែលបានខិតខំក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ