ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះព្រៃឈើតំបន់អភិរក្សដែលនៅសេសសល់តិចតួចបំផុតក្នុងដែនការពារ កំពុងតែទទួលវិនាសកម្ម គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈនៅរដូវវស្សាគេនាំគ្នាលួចកាប់ទន្ទ្រាន លុះមកដល់រដូវប្រាំង ស្រាប់តែគេនាំគ្នាលួចដុត បណ្តាលឱ្យឆេះរាលដាលអស់រាប់សិបហិកតា ។ ការដុតបំផ្លាញព្រៃឈើតំបន់អភិរក្សនេះ គេសង្ស័ យថា មានអ្នកនៅពីក្រោយខ្នង ទើបមន្ត្រីអភិរក្សសត្វព្រៃ និងបរិស្ថានការពារមិនគង់វង់ ពោលគឺចេះតែរលាយបនិ្តចម្តងៗ ហើយកំដៅក៏កាន់តែកើនឡើងខ្លាំងទៅៗ ផងដែរ ។ ហេតុការណ៍ជនល្មើសដុតបំផ្លាញព្រៃឈើតំបន់អភិរក្សនេះបានកើតឡើងរាល់ថ្ងៃ រហូតមកដល់ថ្ងៃទី៣ មីនា ស្ថិតនៅចំណុចស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក ចាន់ សុជាតិ ជាមន្ត្រីអភរក្សសត្វព្រៃ និងព្រៃឈើ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតប៉ៃលិនបានឱ្យដឹងថា ជនល្មើសរស់នៅក្នុងចំណុចស្លេវ និងភូមិភ្នំ ដំបងកំពុងតែធ្វើសកម្មភាពលួចដុតព្រៃឈើដែលគេបានលួចកាប់កាលពីរដូវវស្សាបណ្តាលឱ្យឆេះរាលដល់ដើមឈើរស់ងាប់អស់រាប់សិបហិកតា ។ លោកបន្តទៀតថា ខាងមន្ត្រីអភិរក្សខិតខំប្រឹងប្រែងការពារណាស់ដែរ ប៉ុន្តែមិនឈ្នះសកម្មភាពកាប់បំផ្លាញរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំដំបងនោះឡើយដោយលោកមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ។ ម្យ៉ាងវិញទៀតនៅក្នុងភូមិភ្នំដំបងមានមន្ត្រីបរិស្ថានប្រចាំការនៅទីនោះដែរតែការដុតបំផ្លាញព្រៃឈើកាន់តែច្រើនទៅៗធ្វើឱ្យលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ