ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​លើក​ទី​៥ ដៃគូ​អភិវឌ្ឍ និង​កែទម្រង់​គយ​កម្ពុជា

9 ឆ្នាំ មុន

នា​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​កិច្ចប្រជុំ​លើក​ទី​៥ រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង

នា​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​កិច្ចប្រជុំ​លើក​ទី​៥ រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​កំណែទម្រង់ និង​ទំនើប​កម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (២០១៤-២០១៨) ក្រោម​អធិបតីភាព​របស់​លោក ជូ វិ​ជិត្ត រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សមាសភាព​ចូលរួម​មាន តំណាង​ដៃគូ​អភិវឌ្ឍន៍​មក​ពី JICA ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, IMF, ADB, EU, UNIDO, UNODC ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ និង​រដ្ឋាករ​ជា​ច្រើន​រូប​ទៀត​។

កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់​ចំនួន​បី គឺ​៖ ១-​បង្ហាញ​ជូន​ដល់​ដៃគូ​អភិវឌ្ឍន៍​នូវ​វឌ្ឍនភាព​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​រយៈពេល​៣​ឆ្នាំ ២០១៤-២០១៦ ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់ និង​ទំនើប​កម្ម​គយ ២០១៤-២០១៨;  ២-​គូសបញ្ជាក់​ជូន​អង្គប្រជុំ​នូវ​គោលដៅ​ជា​អាទិភាព​ដែល អគរ ត្រូវ​អនុវត្ត​បន្ត​ក្នុង​រយៈពេល​២​ឆ្នាំ ២០១៧-២០១៨ ខាង​មុខ និង​៣-​ស្វែង​យល់​ពី​សក្ដានុពល​ជំនួយ​បច្ចេកទេស ពី​ដៃគូ​អភិវឌ្ឍន៍​នា​ពេល​អនាគត លើ​វិស័យ​អាទិភាព​នានា​របស់ អគរ ក្នុង​ការ​គាំទ្រ​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើប​កម្ម​របស់​ខ្លួន​។

ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​លោក​បណ្ឌិត ជូ វិ​ជិត្ត រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​និច្ចកាល​គាំទ្រ និង​ចាត់​ទុក​ថា ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើប​កម្ម​រដ្ឋបាល​គយ មាន​សារសំខាន់​បំផុត​ក្នុង​ការ​ប្រមូល​ចំណូល ក៏​ដូច​ជា​កែ​លម្អ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​គោលនយោបាយ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

តាម​រយៈ​បទ​បង្ហាញ​នានា​របស់​តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អង្គប្រជុំ​បាន​ស្តាប់​នូវ​របាយការណ៍​លទ្ធផល​ការងារ​សម្រេច​បាន​កន្លង​មក និង​ទិស​ដៅ​ការងារ​ជា​អាទិភាព​សម្រាប់​រយៈពេល ២​ឆ្នាំ​បន្ទាប់ ព្រមទាំង​វិស័យ​នានា​ដែល​អង្គភាព​នេះ ត្រូវការ​ជំនួយ​ជា​ចាំបាច់​សម្រាប់​គាំទ្រ​ការ​អនុវត្ត​។ ក្នុង​រយៈពេល​កន្លង​មក ជា​រួម អគរ សម្រេច​បាន​ប្រមាណ​៦៤% នៃ​ផែនការ​សកម្មភាព​កំណែទម្រង់ និង​ទំនើប​កម្ម​គយ​រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨) ទាំងមូល​។ ទោះជា​យ៉ាងណា​ក៏​ដោយ អង្គប្រជុំ​ក៏​បាន​ទទួលស្គាល់​ថា នៅ​មាន​សកម្មភាព​ការងារ​មួយ​ចំនួន​ទៀត ដែល​ត្រូវការ​ចាំបាច់​នូវ​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ដោយ​ជោគជ័យ។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កិច្ចប្រជុំ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ដោយ​បាន​កំណត់​បាន​នូវ​គោលដៅ​ជំនួយ​បច្ចេកទេស និង​ការ​ចាប់អារម្មណ៍​ចូលរួម​គាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូច​ជា ការ​កសាង​ធន​ធានម​នុស្ស ការងារ​បច្ចេកទេស​គយ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ប្រព័ន្ធ​ព័ត៌មានវិទ្យា កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការងារ​អនុលោម​ភាព​គយ ជាដើម​។​ល​។

កិច្ចប្រជុំ​បាន​បញ្ចប់​នា​វេលា​ម៉ោង ១:០០ នាទី​រសៀល​ថ្ងៃ​ដដែល ក្រោម​បរិយាកាស​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ស្និទ្ធស្នាល​។