រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវគេដឹងថា បានដើរផឹកស៊ីជាមួយសង្សារនិងមិត្តភក្ដិនាង ដោយទៅមួយកន្លែងហើយកន្លែងទៀត
ប៉ុន្តែចុងក្រោយ បែរជាប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ មីនា ស្ថិតនៅចំណុចផ្សារសុភមង្គល ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ស្ត្រីដែលស្លាប់នោះ មិនត្រូវស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល២០ឆ្នាំ ដោយនៅមុនពេលកើតហេតុនៅយប់ថ្ងៃទី២ មីនា នោះ នាងបានដើរលេងផឹកស៊ីជាមួយយុវជន៤ទៀត ដែលក្នុងចំណោមនោះ មានម្នាក់ឈ្មោះរ៉ា (ជាសង្សាររបស់នាង) ។ ពួកគេចូលទៅហូបស៊ុប និងផឹកស្រាបៀរនៅក្នុងហាងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលផឹកនៅក្នុងហាងនោះ រហូតស្រវឹងរៀងៗខ្លួនហើយ ក៏បាននាំគ្នាត្រឡប់ទៅកាន់កន្លែងកើតហេតុវិញ ប៉ុន្តែនៅមិនទាន់អស់ចិត្តទៀត បានឯកភាពគ្នាទិញស្រាបៀរ១កេសផឹកទៀត ។ បន្ទាប់មក នាំគ្នាដេកនៅក្នុងបន្ទប់កើតហេតុនោះ លុះដល់វេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ មីនា ទើបដឹងថាស្ត្រីរងគ្រោះស្លាប់ ហើយយុវជនឈ្មោះ រ៉ា ដែលជាសង្សាររបស់នាងបានរត់គេចខ្លួនបាត់។
ប្រភពដដែលបន្តថា ភ្លាមៗនោះ កម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅកាន់កន្លែងកើតហេតុ សហការជាមួយកម្លាំងសន្តិសុខយាមនៅទីនោះ ធ្វើការចាប់ខ្លួនយុវជន៣នាក់ ដែលជាមិត្តភក្ដិសង្សាររបស់នាងធ្វើការសាកសួរផងដែរ ។ ព្រោះមានការសង្ស័យថា នាងស្លាប់ដោយអំពើឃាតកម្ម ។ រីឯសង្សាររបស់នាងវិញ បន្ទាប់ពីបានដឹងថា នាងស្លាប់បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
នៅព្រឹកថ្ងៃទី០៣ មីនា នេះ កម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យវិច័យ ទើបដឹងប្រាកដថា នារីម្នាក់នោះមិនមែនស្លាប់ដោយអំពើឃាតកម្មទេ គឺស្លាប់ព្រោះតែផឹកស្រាច្រើនពេក ហើយគាំងបេះដូង និងបានដោះលែងយុវជនទាំង៣នាក់ ដែលឃាត់ខ្លួនវិញ ។
ចែករំលែកព័តមាននេះ