បន្ទាប់ពីបានបោកបក់បំផ្លាញ និងសម្លា.ប់ជីវិតមនុស្សនៅហ្វីលីពិន ព្យុះសង្ឃរានៅក្នុងតំបន់ដែលគេបានដាក់ឈ្មោះថា ណូរុ (Noru) បានមកដល់ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែ កញ្ញា ដោយមុខរបស់វាកំពុងតែតម្រង់ទៅប្រទេសថៃ និងឡាវ នៅរង្វង់កណ្តាលអធ្រាត្រនៃរាត្រីថ្ងៃទី២៨ និងចាប់ផ្តើមថ្ងៃទី ២៩ ខែកញ្ញា ដោយកម្ពុជាយើងជួបភ័ព្វសំណាងជាថ្មីទៀត ដោយមិនចំមុខនៃខ្យល់ព្យុះនេះទេ ប៉ុន្តែឥទ្ធិពល និងគ្រោះធម្មជាតិ ជាពិសេស គឺទឹកជំនន់ទំនងជាពិបាកនឹងគេចផុតណាស់ ។

កាលពីថ្ងៃទី២៦ ខែកញ្ញាព្យុះនេះបានបោកបក់បែកខាងជើងប្រទេសហ្វីលីពីនបណ្តាលឲ្យមានទឹកជំនន់ បំណាក់ដី ហើយបានសម្លា.ប់ភ្នាក់ងារជួយសង្គ្រោះចំនួន៦នាក់ ខណៈដែល ពួកគេកំពុងតែបំពេញបេសកម្មជួយសង្គ្រោះនឹងជម្លៀសពលរដ្ឋប្រមាណជាជាង១៧.០០០នាក់ទៅរកជម្រកសុវត្ថិភាព នានាដែលរដ្ឋាភិបាលបានរៀបចំ។នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានហ្វីលីពីន។
រូបព្យុះនៅវៀតណាមដោយឡែកប្រព័ន្ធឃោសនារដ្ឋវៀតណាមបានឲ្យដឹងថា បន្ទាប់មកវាក៏បានបោកបក់ត្រង់ឆ្ពោះមកបុកភាគកណ្តាលប្រទេសវៀតណាម កាលពីអធ្រាត្រថ្ងៃទី២៧ ខែកញ្ញា ដោយភ្នែកនៃខ្យល់ព្យុះដ៏រន្ធ.ត់នេះ គឺបោកបក់ដាណាងនៅក្នុងល្បឿនប្រមាណជា១៣០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ប៉ុន្តែវាក៏ចាប់ផ្តើមថយចុះមកនៅក្នុងរង្វង់ត្រឹម១១៧ គីឡូម៉ែត្រ ក្រោយពេលបោកបក់ប្រមាណជា២ម៉ោង ហើយវាកំពុងតែបង្កនូវគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ និងបំណាក់ដីបន្តថែមទៀត។ដោយសារតែមានការរៀបចំ និងត្រៀមបង្ការត្រឹមត្រូវអាជ្ញាធរវៀតណាម នៅមិនទាន់រកឃើញករណីគ្រោះថ្នាក់បាត់បង់ជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍អំពីគ្រោះមហន្តរាយដោយខ្យល់ព្យុះសង្ឃរានេះ ក៏នៅមិនទាន់បូកសរុបនៅឡើយដែរ។

លោក ឃ្វៀន វាន់ ហុង (Nguyen Van Huong) ប្រធាននាយកដ្ឋានព្យាករណ៍អាកាសធាតុនៃមជ្ឈមណ្ឌលព្យាករណ៍ធនធានជលសាស្ត្រវៀតណាមបាននិយាយថា ពលរដ្ឋនៅក្នុងតំបន់ ដែលរងឥទ្ធិពលនៃព្យុះដូចជា តំបន់ក្វាយទ្រី (Quang Tri) ដល់ ក្វាងង៉ៃ (Quang Ngai ) និងកុន ទុម (Kon Tum) នឹងបន្តទទួលរងនូវបរិមាណទឹកភ្លៀងធ្លាក់ពី១២០ទៅ២០០ ម.ម ហើយវាអាចនឹងឡើងដល់កម្រិត២៥០ ម.ម នៅតំបន់ខ្លះ ខណៈខេត្ត ក្វាងប៊ិញ ( Quang Binh) ប៊ិញឌិញ ( Binh Dinh) និងចាឡៃ ( Gia Lai) នឹងមានភ្លៀងធ្លាក់ពី៥០ទៅ១០០ម.ម។
លោកបានបន្តថា ដោយសារតែព្យុះនេះភ្លៀងនឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងអូសដល់ភាគកណ្តាលចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា នៅក្នុងចន្លោះពី១០០ទៅ២៥០មម និងជាង៣០០មមនៅកន្លែងខ្លះ។ដោយសារតែព្យុះនេះបានបង្កឲ្យពលរដ្ឋប្រមាណជា៥៥៥.០០០គ្រួសារត្រូវប្រឈមមុខនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីចរាចរណ៍នៅលើផ្លូវជាតិសំខាន់ៗនៅភាគកណ្តាលក៏ត្រូវបានបិទខ្ទប់ដោយអាជ្ញាធរ ខណៈដែលអាកាសយានដ្ឋាន ១០ បានផ្អាកប្រតិបត្តិការ ហើយពលរដ្ឋលើសពី២៥៣.០០០នាក់ ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាព។
រូបព្យុះនៅវៀតណាមក្រៅពីនោះ ភ្ញៀវទេសចរជិត៤.៨០០ នាក់ក៏ត្រូវបានជូនដំណឹងអំពីព្យុះនេះ ហើយកំពុងស្នាក់នៅកន្លែងទេសចរណ៍ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ដោយកម្លាំងយោធា និងកងឆ្នាំព្រំដែនប្រមាណជា ២.៦០០ នាក់ ដោយប្រើប្រាស់គ្រឿងយន្តយោធាប្រមាណជា៥៥គ្រឿង ដោយឡែកនៅសមុទ្រ និងតំបន់ឆ្នេវិញនាវាសរុបជាង៥.០០០គ្រឿង ត្រូវបានអាជ្ញាធរចាត់វិធានការនាំមកកាន់ច្រាំង ដើម្បីសុវត្ថិភាពដល់មនុស្សប្រមាណជា ៣៦.៨០០នាក់។
រូបព្យុះនៅវៀតណាមកាសែតបាងកកប៉ុស្តិ៍វិញបានព្រមានថា ព្យុះត្រូពិកនេះនឹងមកដល់ថៃនៅថ្ងៃព្រហស្បតិ៍ ដោយបង្កឲ្យមានភ្លៀងខ្លាំងនៅតំបន់ភាគខាងជើង ឥសាន្ត តំបន់ទំនាបកណ្តាល ភាគខាងកើត និងខាងត្បូង ហើយក្រោមឥទ្ធិពលនេះទីក្រុងបាងកកក៏នឹងស្ថិតនៅក្រោមឥទ្ធិពលរបស់វាផងដែរ។
រូបព្យុះនៅវៀតណាមសម្រាប់កម្ពុជាយើងវិញ ទោះបីជាមិនចំមុខនៃព្យុះដូចជាហ្វីលីពិន វៀតណាម និងថៃ ប៉ុន្តែឥទ្ធិពលរបស់វាក៏យើងត្រូវតែយកចិត្តទុកដាក់ ជាពិសេស គឺរឿងគ្រោះទឹកជំនន់តែម្តង ។ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថា ទឹកទន្លេមេគង្គត្រូវបានព្យាករណ៍ថា ឡើងចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០១ ខែតុលា ដូច្នេះពលរដ្ឋ និងអាជ្ញាធរនៅតាមបណ្តោយទន្លេសូមត្រៀម។
រូបព្យុះនៅវៀតណាមម្យ៉ាងវិញទៀត ដោយសារតែកម្ពុជា និងតំបន់បានរងនូវឥទ្ធិពលនិងបាតុភូត ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប្រមាណជាកន្លះខែមកនេះបានកំពុងតែបង្កឲ្យមានទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន ហើយនៅក្រោមឥទ្ធិពលនៃព្យុះនេះ បណ្តាខេត្តដែលជាប់ព្រំដែននឹងប្រទេសវៀតណាម ថៃ ឡាវ ជាដើមក៏ត្រូវប្រុងប្រយ័ត្នដែរ។ពីព្រោះកន្លងមកគ្រោះទឹកជំនន់វាបានកើតមានដោយសារនៅឡាវ និងវៀតណាមបើកទ្វារទឹកនៅទំនប់វារីអគ្គិសនីផ្នែកខាងលើធ្វើឲ្យលិចនៅតាមបណ្តាខេត្តខាងក្រោមខ្សែទឹកនៅទន្លេបី គឺស្រែពក សេកុង និង សេសាន ហើយបណ្តាខេត្តនៅជាប់ព្រំដែនភាគពាយ័ព្យ និងប្រទេសថៃ ដូចជា បៃលិន បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ឧត្តរមានជ័យ ពោធិសាត់ជាដើម ក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ។

ខណៈដែលនៅក្រោមឥទ្ធិពលនៃព្យុះណូរូនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែកញ្ញាថា បណ្តាខេត្តខាងលើភាគច្រើន គឺស្ថិតនៅក្រោមអាកាសធាតុសើមខ្លាំងដោយសារតែតំណក់ទឹកភ្លៀងក្រោមវិសម្ពាធនៃព្យុះនេះរួច ស្រេចទៅហើយនោះហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែ កញ្ញា។បញ្ហាមួយទៀតដែលយើងគួរតែប្រុងប្រយ័ត្នផងដែរនោះ បើទោះបីជាយើងមិនទាន់ជួបប្រទះ គឺគ្រោះបំណាក់ដីដែលវាអាចកើត និងគំរាមកំហែងសំរាប់សហគមន៍ដែលមានទីលំនៅ តាមជើងភ្នំ ទីជម្រាលនានាជាប់តំបន់ខ្ពង់រាប។

សរុបមកវិញគ្រោះធម្មជាតិពិតជាពិបាកនៅក្នុងការទស្សន៍ទាយ និងព្យាករណ៍ណាស់ ប៉ុន្តែការយកចិត្តទុកដាក់ជាប្រចាំ គឺជារឿងដែលយើងត្រូវតែពង្រឹង ដើម្បីកាត់បន្ថយ ផលប៉ះពាល់ មហាសាលដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

ការធ្វេសប្រហែល និងការមើលស្រាល គឺជារឿងដែលគ្រោះថ្នាក់បំផុត ខណៈដែលអ្នកវិទ្យាសាស្ត្របានអះអាងថា ដោយសារតែបម្រែបម្រួល អាកាសធាតុគ្រោះមហន្តរាយដោយធម្មជាតិវាអាចកើតមានឡើង និងប្រែប្រួលពិបាកនឹងស្មានដល់ ខណៈដែលតំបន់នៅបន្តរងនូវការគំរាមកំហែងដោយសារព្យុះត្រូពិកជាច្រើនថែមទៀត៕ អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ