ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លួច​បោះបង្គោល​ស្មាច់​ក្នុង​បឹង​កង្កែប បំពាន​កិច្ចសន្យា​ស្មើនឹង​ការ​ទះកំផ្លៀង​ជលផល

9 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ បង្គោល​ស្មាច់​ដែល​ត្រូវ​បាន​គេ​បោះ​វាតទី​ចូល​ក្នុង​បឹង​កង្កែប​ក្បែរ​ឆ្នេរសមុទ្ររាម នៅ​តែ​បន្ត​លប​លួច​បោះ​ចូល​បន្ថែម​ទៀត បន្ទាប់​ពី​ជំនាញ​ជលផល​បាន​

ខេត្ដ​ព្រះ​សីហ​នុ ៖ បង្គោល​ស្មាច់​ដែល​ត្រូវ​បាន​គេ​បោះ​វាតទី​ចូល​ក្នុង​បឹង​កង្កែប​ក្បែរ​ឆ្នេរសមុទ្ររាម នៅ​តែ​បន្ត​លប​លួច​បោះ​ចូល​បន្ថែម​ទៀត បន្ទាប់​ពី​ជំនាញ​ជលផល​បាន​ធ្វើការ​ហាមឃាត់ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​សម្តែង​ការ​ខកចិត្ត និង​ហាក់​អស់ជំនឿ ដោយ​ស្នើ​យ៉ាង​ទទូច​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់លើ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ចាត់វិធានការ​ជា​បន្ទាន់​លើ​ក្រុម​អ្នកមាន​អំណាច​ដែល​កំពុង​ប្រព្រឹត្ដ​ល្មើសច្បាប់ បោះបង្គោល​ស្មាច់​នៅ​ក្នុង​បឹង​ធម្មជាតិ (​បឹង​កង្កែប​) ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អ៊ុ​ង​ក្នុង (​ភូមិ​ចំកា​ដូង​) ឃុំ​រាម ស្រុក​ព្រៃ​នប់ បើ​ទោះបីជា​មន្ត្រី​ជំនាញ​ចុះ​ហាមឃាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​យ៉ាងណា​ក៏​ដោយ ដែល​សកម្មភាព​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ហើយ​មើលទៅ ។

លោក ថា ឡុ​ង ដែល​អះអាង​ថា​ជា​ម្ចាស់​ទីតាំង​នេះ​បានឱ្យ​ដឹង​ថា លោក​បោះបង្គោល​ចូល​ក្នុង​បឹង​នេះ​មាន​គោលបំណង​ចិញ្ចឹម​ក្រែង​ឈាម ។ មូលហេតុ​ដែល​គាត់​នៅ​តែ​បន្ត​ធ្វើ​ដោយសារ​បង​របស់​គាត់​ឈ្មោះ​ភា​នៅ​ភ្នំពេញ​ឱ្យធ្វើ តែ​គេ​មិនដឹង​ថា ឈ្មោះ​ភា​នោះ​មាន​អំណាច​ធំ ឬ​លុយ​ធំ​យ៉ាងណា​ទេ ទើប​នៅ​តែ​អាច​បញ្ជា​ឱ្យធ្វើ​ទៅ​តាម​អំពើ​ចិត្ដ​របស់​ខ្លួន ។

គួរ​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​អម​ដោយ​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ​ផង​ដែរ​បាន​ចុះ​ទៅ​ហាមឃាត់ និង​ឱ្យ​ដក​បង្គោល​ស្មាច់ ដែល​បាន​លប​លួច​បោះ​ចូល​ទៅ​ក្នុង​បឹង​កង្កែប ចេញ​វិញ​បន្ទាប់​ពី​បាន​បោះ​រួច​ហើយ​បាន​ចំនួន​១៦០​បង្គោល ។

លោក ឯម ភា នាយ​សង្កាត់​ជលផល​ព្រៃ​នប់ បានឱ្យ​ដឹង​គ្រា​ដែល​លោក​ចុះ​ពិនិត្យ​កិច្ចការ​នេះ​ថា មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​រំលោភ​យក​បឹង​នេះ​បានជា​ដាច់ខាត ។ ប​ង្កោ​ល​ដែល​បាន​បោះ​ចូល​បឹង​នេះ​នឹង​ត្រូវ​ដក​ចេញ​វិញ​ទាំងអស់ តែ​ការ​ធ្វើ​កិច្ចសន្យា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក​ថា ឡុ​ង បាន​បន្ត​បោះបង្គោល​ចូល​បឹង​នេះ​ដដែល ។ ជាមួយនឹង​បញ្ហា​នេះ​លោក​ឯម ភា ផ្នែក​រដ្ឋបាល​ជលផល​ព្រៃ​នប់​ហាក់ដូចជា​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បំភ្លឺ ដោយ​ចោទ​លើ​បញ្ហា​សេវា​ទូរស័ព្ទ និង​ឱ្យ​បន្ត​សួរ​ទៅ​លោក នេន ចំរើន នាយ​ខណ្ឌ​វិញ ។

ចំណែក​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​វិញ​ក៏​មិន​ទាន់​បកស្រាយ​ជុំវិញ​ការ​ទន្ទ្រាន​ខាងលើ​នេះ​បាន​ដែរ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​នេះ ដោយ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ជាប់​សន្និបាត​នៅ​សៀមរាប​២​ថ្ងៃ រង់ចាំ​លោក​មក​កំពង់សោម​វិញ​ទើប​អាច​និយាយ​បាន ។ ករណី​ខាងលើ​នេះ បើ​មិន​មានការ​ទប់ស្កាត់​ទេ ផ្ទៃ​បឹង​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង​ដ៏​ខៀវស្រងាត់​មួយ​នេះ ច្បាស់​ជា​រួម​តូច​ជា​បន្តបន្ទាប់​ដោយសារ​ការ​បោះបង្គោល​រំលោភ​យក ៕