ខេត្តស្វាយរៀង ៖ ឈើប្រណីតជាច្រើនម៉ែត្រគូបពេញមួយរថយន្តយីឌុប កំពុងលាក់ខ្លួនសំងំស្តុកក្នុងឃ្លាំងស្តុកឈើមួយកន្លែង ក្នុងភូមិថ្នល់ពាម ឃុំអង្គប្រសែ ស្រុករមាសរហែក ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ាល្បីឈ្មោះម្នាក់ ខាងរកស៊ីឈើក្នុងស្រុកខ្មែរ ដោយមានអ្នកមើលការឈ្មោះលៀប ជាអ្នករត់ការផ្លូវចេញតាមច្រករបៀងនៃស្រុករមាសរហែក ។
យោងតាមប្រភពពីសមត្ថកិច្ច និងប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន មានក្រុមឈ្មួញដឹកឈើប្រណីតប្រភេទឈើធ្នង់យកមកទម្លាក់លាក់ទុកក្រោយផ្ទះអ្នកស្រុកម្នាក់ ហើយបានបែកធ្លាយដល់សមត្ថកិច្ចមកប្រមូលនថ្ងៃទី២៨ កុម្ភៈ ២០១៧នេះ ។
កម្លាំងចម្រុះបានចុះទៅពិនិត្យ ក៏ប្រទះឃើញឈើធ្នង់ជាច្រើនចំនួន៣២ដុំ មុខកាត់៣០ម៉ែត្រ គុណនិង៤០ម៉ែត្រ ប្រវែង២ម៉ែត្រ ៣ម៉ែត្រ ដែលឈ្មួញបានយកទៅលាក់ទុក្នុងព្រៃនៅខាងក្រោយផ្ទះប្រជាពលរដ្ឋឈ្មោះតូច ឈិន រស់ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ដើម្បីលាក់បាំងពីសមត្ថកិច្ចពេលចុះបង្ក្រាបបទល្មើសព្រៃឈើ មិនហ៊ានដឹកយកចូលក្នុងឃ្លាំងទេ ខ្លាចក្រុមសមត្ថកិច្ចឆែកឃើញឈើខុសច្បាប់ទាំងនោះ ។
ក៏ប៉ុន្តែដំរីងាប់មិនអាចចង្អេរទៅបិទបាំងបានឡើយ ក៏បែកធ្លាយដល់សមត្ថកិច្ចចុះទៅបង្ក្រាបដោយរកឃើញឈើធ្នង់៣២ដុំ លាក់ទុកក្រោយផ្ទះអ្នកស្រុក មូលហេតុដឹកឆ្លងដែនចេញទៅប្រទេសវៀតណាមមិនទាន់ ។
ប្រភពពីប្រជាពលរដ្ឋបន្តថា នៅវេលាម៉ោង១រសៀលថ្ងៃទី២៨ កុម្ភៈ មានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថជាច្រើន បានចុះទៅពិនិត្យឈើ រហូតដល់ម៉ោងប្រមាណជា៣រសៀល ស្រាប់តែសមត្ថកិច្ចយកគោយន្តធុនធំមកដឹកជញ្ជូនឈើធ្នង់ទាំងនោះ ទៅផ្ញើនៅឃ្លាំងឈើរបស់លោកឧកញ៉ាសី ដែលនៅមិនឆ្ងាយពីឃ្លាំងឈើប្រមាណ២០០ម៉ែត្រនោះវិញ ដើម្បីរក្សាទុកដោយរង់ចាំការដោះស្រាយនៅពេលក្រោយយ៉ាងស្ងាត់ស្ងៀម ។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា សមត្ថកិច្ចចុះបង្ក្រាបបទល្មើសទព្រៃឈើ ចាប់បានឈើខុសច្បាប់ហើយ បែរជាយកទៅផ្ញើទុកនៅក្នុងដេប៉ូនៃឃ្លាំងឈើរបស់ឈ្មូញជាម្ចាស់នោះទៅវិញ ហេតុអ្វីមិនចាប់បញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ។
ចែករំលែកព័តមាននេះ