ខេត្តតាកែវ៖ គិតចាប់ពីឆ្នាំ១៩៧៩រហូតដល់ដើមឆ្នាំ ២០១៧នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ទើបតែបានទទួលកាដូដ៏ពិសេសពីលោក ញ៉ែម ស្រល់ អភិបាលស្រុកសំរោង ដែលស្ថាបនាផ្លូវលំដីស មួយខ្សែមានប្រវែងជាង៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ចូលទៅក្នុងភូមិរបស់ពួកគាត់ ។
ជាមួយនឹងកាដូសម្រាប់ប្រជាពលរដ្ឋក្នុងភូមិព្រៃឈ្នូលនាពេលនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយនិងត្រេតអរយ៉ាងខ្លាំង ជាពិសេសបងប្អូនអ្នកភូមិបានលើកឡើងថា ជាង៣០ឆ្នាំមកហើយ មូលដ្ឋានពួកគាត់មិនដែលទទួលបានការស្ថាបនាផ្លូវនិងអភិវឌ្ឍន៍អ្វីនោះទេ ដោយឆ្លងកាត់ចៅហ្វាយស្រុកសំរោងជាច្រើនរូបមកហើយ ។ តែចាប់តំាងពីលោក ញ៉ែម ស្រល់ ឡើងកាន់តំណែងជាអភិបាលស្រុកសំរោងប៉ុន្មានឆ្នាំនោះមក លោកបានយកចិត្តទុក្ខដាក់ យល់សុខទុក្ខពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋានជាច្រើនរាប់ទំាងការស្ថាបនាផ្លូវលំខាងលើ ។
ប្រជាពលរដ្ឋក្នុងភូមិព្រៃឈ្នួលទាំងមូលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ញ៉ែម ស្រល់ អភិបាលស្រុកសំរោងចំពោះការគិតគូរពីការលំបាកនឹង ដឹងសុខទុក្ខប្រជាពលរដ្ឋដែលបានស្ថាបនាផ្លូវលំមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ២ ចូលទៅក្នុងមូលដ្ឋានរបស់ពួកគាត់ដោយភ្ជាប់គ្នាទៅដល់ភូមក្រាំងធ្នង់ថែមទៀត។
ពួកគាត់បានលើកឡើងបន្តថា កន្លងមកពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសកូនៗរបស់ពួកគាត់ពិបាកក្នុងការធ្វើដំណើរទៅសិក្សាដែលមានចម្ងាយឆ្ងាយពីលំនៅដ្ឋាន ហើយផ្លូវលំបាក មានជង្ហុក ហើយពេលរដូវវស្សាវិញនោះ គឺផ្លូវមួយខ្សែនេះជិះកង់និងម៉ូតូស្ទើរមិនរួចផង ។
ក្រោយពីទទួលបានកាដូផ្លូវមួយខ្សែពីលោកអភិបាលស្រុកសំរោងនោះរួចមក ពួកគាត់បានទទូចស្នើសុំទៅលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនិងរាជរដ្ឋាភិបាលមេត្តាជួយស្ថាបនាផ្លូវនេះបន្ថែមទៀត ដោយពួកគាត់សុំដល់លោកអភិបាលខេត្តជួយក្រាលក្រួសក្រហម ឬក៏ក្រាលថ្មមិុចទៅលើផ្លូវមួយខ្សែដែលលោកអភិបាលស្រុកស្ថាបនារួចរាល់នោះ ដើម្បីរក្សាបាននៅគុណភាពកាន់តែប្រសើរ និងងាយស្រួលក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានស្នើសុំអោយលោកអភិបាលស្រុកនិងអភិបាលខេត្តបន្តជួយអភិវឌ្ឍន៍ ដូចជាស្ថាបនាផ្លូវ និងជីកប្រឡាយ ។ ល។ ក្នុងមូលដ្ឋានភូមិព្រៃឈ្នួល នេះអោយបានកាន់តែច្រើនបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ