ខេត្តព្រៃវែង ៖ ព្រះសង្ឃមួយអង្គ ត្រូវបានអាជ្ញាធរចាប់ផ្សឹក និងឃាត់ខ្លួនបញ្ជូនមកតុលាការ បន្ទាប់ពីទាញកាំបិតបុ័ងតោកាប់ព្រះសង្ឃ១អង្គ បណ្ដាលឱ្យរងរបួសធ្ងន់ ដោយសារតែខឹងឱ្យទៅបិណ្ឌបាត្រ កើតឡើងកាលពីម៉ោង១១ និង៣០នាទីត្រង់ថ្ងៃទី០១ មីនាស្ថិតនៅចំណុចវត្តកំព្រៅ ក្នុងភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ប្រភពបានឱ្យដឹងថា ព្រះសង្ឃជាជនដៃដល់ព្រះនាម លី មករា ភេទប្រុស ព្រះជន្ម២៧វស្សា គង់នៅវត្តកើតហេតុខាងលើបានយកកាំបិតបុ័ងតោកាប់ទៅប្រកេសព្រះអង្គរងគ្រោះព្រះនាម ជឹម ឡេក ដែលមានព្រះជន្ម២២វស្សា ដែលគង់នៅវត្តជាមួយគ្នា បណ្ដាលឱ្យមុតព្រះកេសមួយកន្លែង និងគុម្ពត្រចៀកខាងឆ្វេង ។
នៅក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដែលមានការចូលរួមពីអាជ្ញាធរ និងធម្មការស្រុកធ្វើការផ្សឹកព្រះសង្ឃបង្ករួច ក៏ធ្វើការឃាត់ខ្លួនតែម្ដង ។
ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតហិង្សានេះ គឺនៅមុនពេលកើតហេតុ ព្រះសង្ឃរងគ្រោះបានប្រើព្រោះសង្ឃដៃដល់ឱ្យទៅបិណ្ឌបាត្រ ហើយព្រះសង្ឃអង្គនោះខឹង និងមានសង្ឃដីកាថា ចាំមើលអាត្មាមកវិញរឿងគ្នាហើយ លុះពេលមកពីបិណ្ឌបាតវិញ មិនទាន់ទាំងបានឆាន់ចង្ហាន់ផង ក៏ស្រាប់តែឈ្លោះប្រកែកគ្នា២ទៅ៣ម៉ាត់ ហើយព្រះសង្ឃបង្ក ក៏បានស្ទុះទាញកាំបិតបុ័ងតោកាប់មកលើសង្ឃរងគ្រោះតែម្ដងទៅ។
ចែករំលែកព័តមាននេះ