ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​3​រូប​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​៤ មីនា ខាង​មុខ​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​៤ មីនា ខាង​មុខ​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​យ៉ាង​អន្ទះសារ​ដោយសារ​តែ​ពួក​គេចង់​ដឹង​ថា កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ​អ្នក​ណា​សម្រេច​គោលដៅ​អ្នក​ណា​ទទួល​ការ​អាម៉ាស់​នៅ​លើ​សង្វៀន ខណៈ​កីឡាករ​បរទេស​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​បែប​ហ្នឹង​នោះ ។ 

គូ​អន្តរជាតិ​ទី​១ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិត​បូ​ផា ស​.​សក្ដិ​ជ្រើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ សរ រាជសីហ៍ មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៦៤​ដង ឈ្នះ​៤៨​ដង ចាញ់​១៥​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៩​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧២​ម៉ែត្រ​ដូច​គ្នា ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ គូ​នេះ​ដោយសារតែ​មិន​ធ្លាប់​ជួប​គ្នា​ទើប​គេ​ពិបាក​ប៉ាន់​ស្មានថា​នរណា​ខ្លាំង​ជាង​នរណា ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ពៅ សក្ដិ​សិទ្ធ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ឈ្មោះ​Spencer Lamnamoon ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ ពៅ ស​កិ្ដ​សិទ្ធ មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៤៧​ដង ចាញ់​២៧​ដង ស្មើ​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ក្នុង​ពេល​កីឡាករ​អា​មេ​រិ​ក​មាន​កម្ពស់​១,៧៧​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៣០​ដង ឈ្នះ​២០​ដង ចាញ់​៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ កីឡាករ​អា​មេ​រិ​ក​រូប​នេះ​ទើបតែ​ឈាន​ជើង​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ ដូច្នេះ​គេ​មិន​ទាន់​ដឹង​ពី​ថ្វីដៃ​ប្រកួត​ខ្លាំង​ប៉ុនណា​ទេ ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ស៊ូ​ភើ​ឆ័​យ ប្រាន​ស៊ី​ប​ហុ​កក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ឡុ​ង សុ​ភី មាន​កម្ពស់​១,៧៥​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​១២២​ដង ឈ្នះ​៩៣​ដង ចាញ់​២៦​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤៤​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​១១០​ដង ឈ្នះ​៨០​ដង ចាញ់​២៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ គូ​នេះ​ពិបាក​ទស្សន៍​ទាយ​ខ្លាំង​ណាស់ព្រោះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ដូចគ្នា ហើយ​កីឡាករ​ថៃ​រូប​នេះ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ដែរ​និង​មាន​វិជ្ជា​គុន​ខ្លាំង​ពិបាក​ប៉ាន់ស្មាន ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ កីឡាករ វ៉ើ​ន វ៉ា​ន់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​៕