ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនោះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានដឹកនាំកម្លាំងក្រោមឱវាទសរុបចំនួន៤៣នាក់ ដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨A ដែលកំពុងលិចលង់ចំនួន០២កន្លែង (ភ្នំស្រុក ព្រៃមាន់ និងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) ដោយកម្លាំងសរុប១៩នាក់ និងដឹកនាំកម្លាំងចំនួន២៤នាក់ ក្នុងនោះស្រី០៣នាក់ ជួយច្រកដីដាក់ការ៉ុងបិទទំនប់កុំឲ្យទឹកហូរកាត់ផ្លូវលំប្រឈមនឹងលិចលង់ប្រមាណជា៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ពាក្មេង ឃុំភ្នំដី ទៅឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរដូវវស្សាមានទឹកជំនន់នេះ ឲ្យគ្រប់កម្លាំងអធិការដ្ឋាននគរបាល ស្រុក ក្រុង ត្រូវត្រៀមកម្លាំងដើម្បីជម្លៀស និងជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់កន្លែងដែលមានទឹកហូរកាត់ផ្លូវ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុនោះ។ ជាក់ស្តែងថ្ងៃនេះ នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក មានទឹកហូរកាត់ផ្លូវកៅស៊ូចំនួន០៣កន្លែង និងទឹកហូរកាត់ផ្លូវលំ០១កន្លែង ។

លោកអធិការបានបញ្ជាក់ថា ដើម្បីអនុវត្តតាមបទបញ្ជានេះ លោកបានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាន និងនគរបាលប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៤៣នាក់ ក្នុងនោះបានសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨A ដែលទឹកកំពុងហូរកាត់ផ្លូវ ចំនួន០៣កន្លែង (ភ្នំស្រុក ព្រៃមាន់ភ្នំស្រុក ភូមិប៉ោយស្នួល និងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) សរុបប្រមាណជា២,០០០ម៉ែត្រ ហើយមានកន្លែងខ្លះជម្រៅក្រោមក្បាលជង្គង់ ខ្លះទៀតលើក្បាលជង្គង់។

លោកអធិការបន្តថា កម្លាំងសរុប១៩នាក់ និងដឹកនាំកម្លាំងចំនួន២៤នាក់ទៀត ក្នុងនោះស្រី០៣នាក់ បាននាំគ្នាជួយច្រកដីដាក់ការ៉ុង ដើម្បីបិទទំនប់កុំឲ្យទឹកហូរកាត់ផ្លូវលំប្រវែងប្រមាណជា៣០០ម៉ែត្រ ចាប់ពីភូមិស្ពានក្មេង ឃុំភ្នំដី ទៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក។ ជាមួយគ្នានោះដែរ ក៏មានអេស្កាវ៉ាទ័ររបស់មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តបានជីកដីទប់ទំបន់ផងដែរ។ មួយវិញទៀត ដោយពិនិត្យឃើញពីការខ្វះខាតការ៉ុងច្រកដីនោះ លោកក៏បានឧបត្ថម្ភការ៉ុងចំនួន១០០ ដើម្បីច្រកដីទប់ជាទំនប់នេះផងដែរ៕







ចែករំលែកព័តមាននេះ