ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍ Power Festival លើក​ទី​2 និង​ការ​ប្រណាំង​ខា​រ៉ា​ខាប់​នៅ​ខេត្ដបាត់ដំបង​ចប់​ជា​ស្ថាពរ​ហើយ

7 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ព្រឹត្តិការណ៍​Power Festival លើក​ទី​២ និង​ការ​ប្រណាំង​ខា​រ៉ា​ខាប់​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង ដែល​ជា​ការ​ប្រកួតប្រណាំង​ម៉ូតូ​កម្រិត​អាជីព​ប្រចាំឆ្នាំ​២០១៧ រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ​បាន​

ខេត្ដបាត់ដំបង ៖ ព្រឹត្តិការណ៍​ Power Festival លើក​ទី​២ និង​ការ​ប្រណាំង​ខា​រ៉ា​ខាប់​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង ដែល​ជា​ការ​ប្រកួតប្រណាំង​ម៉ូតូ​កម្រិត​អាជីព​ប្រចាំឆ្នាំ​២០១៧ រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។

ការ​ប្រកួត​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៥​ដល់​២៦ កុម្ភៈ ដោយ​មាន​កីឡាករ​កម្រិត​អាជីព​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​ចូលរួម​ចំនួន​៥០​នាក់ ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​មួយ​នេះ​ មាន​ភាព​គគ្រឹកគគ្រេង និង​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង ។ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​៥ Class ពី​A​ដល់​E ។

លោក មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​មួយ​នេះ ​ជា​ពិសេស​ក្រុមការងារ​ដែល​បាន​រៀបចំ​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​សង្ឃឹមថា វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន ផុលផុស​តាម​រយៈ​សកម្មភាព​នេះ ហើយ​ក៏​ជា​សារ​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​យុវជន​ដែល​ធ្លាប់​បង្ហោះ​ម៉ូតូ​អនាធិបតេយ្យ​តាម​ទី​សាធារណៈ ឱ្យ​ពួក​គេ​ងាក​មក​ចូលរួម​ជាមួយ​សហព័ន្ធ​ក្នុង​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នានា ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ 

លោក ហូ សិទ្ធិគុណ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ក្លិប ​KARA ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​កីឡាករ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​លើ​ទឹកដី​នៃ​ខេត្តបាត់ដំបង នៃ​ព្រឹត្តិការណ៍​ Power Festival លើក​ទី​២ និង​ការ​ប្រណាំង​ខា​រ៉ា​ខាប់​ឆ្នាំ​២០១៧ ។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​ព្រឹត្តិការណ៍​នេះ វិស័យ​កីឡា​យានយន្ត​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​យ៉ាង​ឆាប់រហ័ស​ប្រសិនបើ​មានការ​គាំទ្រ​បែប​នេះ​ជា​រៀង​រហូត ។

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​វិញ​មាន​ដូចខាងក្រោម​៖
– Class A លេខ​១​បាន​ទៅ​លើ​កីឡាករ មីង សេង លេខ​២​កីឡាករ Quochuy និង​លេខ​៣​កីឡាករ​Nhoc Ho ជា​ជនជាតិ​វៀតណាម​ទាំង​២​រូប ។
– Class B លេខ​១​បាន​ទៅ​លើ​កីឡាករ ខុ​ម គឹ​ម​ហាប់ លេខ​២​កីឡាករ ពេជ្រ គឹ​ម​ស្រុ​ន និង​លេខ​៣​កីឡាករ សុខ សួន​ណា​រ៉ុ​ន ។
– Class C លេខ​១​បាន​ទៅ​លើ​កីឡាករ វ៉ា​ន់ សាកល លេខ​២​កីឡាករ ទី សុ​ភ័​ក្រ និង​លេខ​៣​កីឡាករ មូល ភិ​រុណ ។
– Class D លេខ​១​បាន​ទៅ​លើ​កីឡាករ​ដួង ពៅ លេខ​២​កីឡាករ ឃុន ដេ​វីត និង​លេខ​៣ កីឡាករ​បរទេស​ឈ្មោះ​K C និង
– Class E លេខ​១​បាន​ទៅ​លើ​កីឡាករ នាង ណា​រ៉ាត់ លេខ​២​កីឡាករ មួ​ង តុលា និង​លេខ​៣​កីឡាករ ព្រហ្ម ចាន់​ដា​រ៉ូ ។

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ ឆ្នាំ​២០១៧​នេះ​មានការ​សហការ​ដោយ​ក្លិប​ខា​រ៉ា និង​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា ៕