ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុង​មិន​ភ្លេច​កុក ! ឃាត់ខ្លួន​ទណ្ឌិត​ជា​លើក​ទី​៣​ករណី​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​៣​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់…

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​៣​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​២​និង​៣​នាទី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ខណៈ​កំពុង​សម្ងំ​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ជាមួយនឹង​ការ​រឹបអូស​បាន​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​មួយ​កញ្ចប់​ធំ​ជា​វត្ថុ​តាង ។

បើ​តាម​លោក​អធិការរង​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​ជា​អតីត​ទណ្ឌិត​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ អ៊ឹ​ង វុ​ទ្ធី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​​បាត់ដំបង​។ លោក​អធិការរង​បាន​ប្រាប់​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ពេល​ដែល​កំពុង​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ក្នុង​សកម្មភាព​ជាក់ស្ដែង ហើយ​ភ្លាម​ៗ​នោះ​មន្ត្រី​​ជំនាញ​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ដែល​គេ​សង្ស័យ​ថា ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE(​ម៉ា​ទឹកកក​)​ចំនួន​មួយ​កញ្ចប់​ធំ និង​ម៉ូតូ​ម៉ាក​Zoomer-X​មួយ​គ្រឿង ។
លោក​​អធិការ​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រវត្តិ​ជនសង្ស័យ​រូប​នេះ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចំនួន​២​លើក​កន្លង​មក​ហើយពី​បទ «​ជួញដូរ​ថ្នាំ​ញៀន​» តែ​ជន​នេះ​មិន​រាងចាល​ទើប​ត្រូវ​ចាប់ខ្លួន​ជា​លើក​ទី​៣​ក្នុង​បទល្មើស​ដដែល ។

នៅ​ពេល​ត្រូវ​ឃាត់ខ្លួន​ជា​លើក​ទី​៣​នាំ​យក​ទៅ​សួរនាំ​អតីត​ទណ្ឌិត​ឈ្មោះ អ៊ឹ​ង វុ​ទ្ធី រូប​នេះ​បាន​និយាយ​ថា កាលពី​៦​ឆ្នាំ​មុន​ខ្លួន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​១ ពាក់ព័ន្ធ​នឹង​ការ​រស់​​ស៊ី​បទល្មើស​ថ្នាំ​ញៀន​នេះ ហើយ​កាលនោះ​ជាប់គុក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ត្រូវ​តុលាការ​ដោះ​លេង​វិញ ដោយសារ​ម្ដាយ​ខ្លួន​យក​ប្លង់​ដី​ទៅ​បញ្ចាំ​យក​លុយ​ធានា ។ ជន​នេះ​និយាយ​​ថា ក្រោយ​ពេល​ចេញពី​គុក​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ខ្លួន​ក៏​ចាប់ផ្ដើម​ប្រកប​របរ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ម្ដងទៀត ដើម្បី​រក​ប្រាក់​សងបំណុល​គេ​ដែល​ម្ដាយ​ខ្លួន​ជំពាក់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​២ ។ ប៉ុន្តែ​លើក​ទី​២​នេះ​សមត្ថកិច្ច​មិន​បាន​បញ្ជូន​ទៅ​តុលាការ​ទេ​ដោយសារ​ខ្លួន​សូកប៉ាន់​ស្ងាត់​ៗ​ចំនួន​២.៥០០​ដុល្លារ​ហើយ​គេ​ក៏​ព្រម​ដោះ​លេងខ្លួន​ឲ្យ​​មាន​សេរីភាព​វិញ ។

ទោះជា​យ៉ាងណា​លោក​អធិការរង​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​ជា​អតីត​ទណ្ឌិត​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ប្រគល់​ជួន​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ៕​