ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា​.​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​៦​ភាគរយ​គឺជា​សិស្សានុសិស្ស​កម្រិត​អនុ​វិទ្យាល័យ និង​វិទ្យាល័យ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្ក​ការ បង្ការ​របួស​អាស៊ី បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​ប្រមាណ ១២​ភាគរយ គឺជា​សិស្ស​-​និស្សិត…

រាជធានី​ភ្នំពេញ ៖ អង្ក​ការ បង្ការ​របួស​អាស៊ី បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​ប្រមាណ ១២​ភាគរយ គឺជា​សិស្ស​-​និស្សិត ហើយ​ប្រមាណ​ពាក់កណ្តាល នៃ​ពួក​គាត់​(០៦​ភាគរយ​) គឺជា​សិស្សានុសិស្ស នៅ​កម្រិត​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ។

លោក គឹ​ម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធី​បើក​ទិវា​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ប្រកាស​ផ្តើម​អនុវត្ត​សកម្មភាព​សុវត្ថិ ភាព​ចរាចរណ៍ នៅ​វិទ្យាល័យ ហ៊ុន សែន ត្រ​សេក​កោង ស្ថិត​ក្នុង​ខេត្តកំពត នា​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បាន​គូសបញ្ជាក់​ថា សិស្សានុសិស្ស ទទួល​រង​ប៉ះពាល់​បំផុត ដោយសារ​តែ​ពួក​គាត់​ទើបតែ​រៀន ឬ​ចាប់ផ្តើម​ជិះ​យានជំនិះ ពុំ​មានបទពិសោធន៍​គ្រប់គ្រាន់ ក្នុង​ការ​បើកបរ ហើយ​ជួនកាល ពួក​គាត់​បាន​ចូល​រូ​ម​ក្នុង​ឥរិយា​បទ​មួយ​ប្រកបដោយ​ហានិភ័យ​ខ្ពស់ ដូច​ជា​មិន​បាន​ពាក់មួក​សុវត្ថិភាព ការ​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ និង​ការ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជាដើម ។

លោក គឹ​ម បញ្ញា បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បាត់បង់​នូវ​យុវជន​វ័យក្មេង ឬ​សិស្ស​-​និស្សិត​ម្នាក់ វា​មិន​ត្រឹម​បង្ក​ជា​ការ​ទុក្ខ​លំបាក ក្នុង​រង្វង់​ក្រុម​គ្រួសារ សាច់ញាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្ក​ជា​បញ្ហា​លំបាក និង​ការ​បាត់បង់​ដល់​សង្គម​ជាតិ​ទាំងមូល​ទៀត​ផង ។

ក្នុង​ករណី​ជា​ច្រើន សិស្ស​-​និស្សិត ឬ​យុវជន​ដែល​រង​គ្រោះ ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ និង​ផ្ទះ​របស់​ខ្លួន​ជា​ច្រើន​ថ្ងៃ​-​ខែ ឯ​ខ្លះ​ទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ បាត់បង់​សមត្ថភាព​ពលកម្ម ខកខាន​ការ​សិក្សា​រៀនសូត្រ តម្រូវ​ឱ្យ​ឱ​ពុក​ម្តាយ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួល​បន្ទុក​នៅ​មើលថែ​ទាំ​ជា​ប្រចាំ ។​ល​។ ជា​ឧទាហរណ៍ ដូច​ជា​ករណី នៃ​សិស្សានុសិស្ស​ម្នាក់ នៅ​វិទ្យាល័យ ហ៊ុន សែន ត្រ​សេក​កោង ដែល​បាន​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ព្យាបាល​នៅ​ប្រទេស ជិតខាង និង​មិន​ទាន់​បាន​ត្រលប់​មក​សិក្សា​រៀនសូត្រ​វិញ​នៅឡើយ ។

លោក​ប្រធាន អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី រូប​នោះ បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​បញ្ហា ឬ​ការ​ប្រឈម ឬ​ជា​បន្ទុក​ឆ្លើយ​តប​របស់​បុគ្គល​-​ក្រុម ឬ​ស្ថាប័ន​ណា​តែឯង​នោះ​ទេ វា​ជា​បញ្ហា​ប្រឈម និង​ភារកិច្ច​រួម​គ្នា​របស់​យើង​ទាំងអស់​គ្នា ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ សង្គម​ស៊ី​វិល វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណៈជន​ទូទៅ ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ក្នុង​ការ​បង្ការ និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​ដ៏​មហន្តរាយ​នេះ ។ ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​សិស្ស និស្សិត និង​យុវជន ឬ​និយាយ​បែប​ម្យ៉ាងទៀត​ថា​ការពារ​អនាគត​សសរទ្រូង ជា​អ្នក​បន្តវេន និង​ជា​ធនធាន ដ៏​សំខាន់​របស់​ប្រទេស​ជាតិ ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការ​ការពារ​ការ​ខាតបង់​សម្រាប់​យើង​ទាំងអស់​គ្នា ជា​ពិសេស​ការពារ​ការ​ខាតបង់​របស់​មាតាបិតា អាណាព្យាបាល សហគមន៍ រាជរដ្ឋាភិបាល និង​សង្គម​ទាំងមូល ។

លោក​បញ្ជាក់​ថា ៖ «​យើងខ្ញុំ​យល់​ឃើញ​ថា ទោះបីជា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​យើង​ចាត់​ទុក​ថា ជា​ឃាតក​លាក់​មុខ ដ៏​កាច​សាហាវ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​មនុស្ស គ្រប់ពេលវេលា ដោយ​មិន​រើសមុខ ពណ៌​សម្បុរ អាយុ ឋានៈ តួនាទី ។​ល​។ ប៉ុន្តែ​យើង​អាច​បង្ការ និង​កាត់​បន្ថយ​គ្រោះថ្នាក់ ដ៏​មហន្តរាយ​នេះ​បាន​យ៉ាងច្រើន បើ​យើង​ទាំងអស់​គ្នា​ជា​អ្នក​ពាក់ព័ន្ធ​មាន​ស្មារតី​រួម​សហការ​គ្នា និង​ចាត់វិធានការ​ឆ្លើយ​តប​រួម​គ្នា តាម​លទ្ធភាព មធ្យោបាយ និង​ធនធាន​ដែល​ខ្លួន​មាន​» ។

លោក​បាន​បន្ថែម​ថា ក្នុងថ្ងៃនេះ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រារព្ធ​ឱ្យ​មាន​ទិវា​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ប្រកាស​ផ្តើម​អនុវត្ត​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ ហ៊ុន សែន ត្រ​សេក​កោង ពោល​គឺ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ឱ្យ​កាន់តែ​មានការ​យល់​ដឹង និង​យកចិត្តទុកដាក់​ខ្លាំង​ឡើង​អំពី​សុវត្ថិភាព​ចរាចរណ៍ ជា​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ និង​បង្កើត​ឱកាស​ឱ្យ​មានការ​ពិភាក្សា លើក​ឡើង​ពី​កង្វល់ និង​សកម្មភាព ដើម្បី​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​សិស្ស និស្សិត និង​យុវជន​កាន់តែ​មាន​សុវត្ថិភាព​ប្រសើរ​ឡើង ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ មឹន មាណវី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ នឹង​ជញ្ជូន​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ធ្វើការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អ្នក​ធ្វើ​ដំណើរ​រថយន្ត​ធំ ម៉ូតូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ