ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសជប៉ុន ហាយ៉ាស៊ី យូស៊ីម៉ាសា ថ្លែងការណ៍ពេលបញ្ចប់ការជំនុំជម្រះក្តីខ្មែរក្រហម​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ បានចេញផ្សាយ​នូវសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី…

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ បានចេញផ្សាយ​នូវសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា ក្នុងពេល​តុលាការខ្មែរក្រហម បញ្ចប់ការជំនុំជម្រះ និងចេញសាលដីកាលើសំណុំរឿងខ្មែរក្រហម​។ ជប៉ុន​ជាប្រទេស ដែល​បានផ្តល់ជំនួយ​ច្រើនជាងគេ ដល់សាលាក្តី​កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា​​ កាលពីឆ្នាំ២០០៦​។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានលើកឡើង ៣ចំណុច ក្រោយ​ពីតុលាការខ្មែរក្រហម បានសម្រេចតម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស លោក ខៀវ សំផន ប្រមុខរដ្ឋ​ខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់ ១ជីវិត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ​។​

១. នៅថ្ងៃទី២២ ខែកញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ ដោយបានតម្កល់សាលក្រម​របស់អង្គជំនុំជម្រះសាលាដំបូង (ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត) ក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ។ សាលដីកានេះ បានបញ្ចប់ជាស្ថាពរនូវការ​ជំនុំជម្រះក្តីខ្មែរក្រហម ដែលបានបន្តអស់រយៈពេលយ៉ាងយូរមកហើយ។ ប្រទេសជប៉ុន សូមសម្តែងនូវការគោរពចំពោះមនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ។

២. ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការ​ស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្តល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅ​ក្នុងប្រទេសនេះ។ ដោយយល់ឃើញយ៉ាងដូច្នេះ ប្រទេសជប៉ុន បាននិងកំពុងដើរតួនាទីនាំមុខ​នៅក្នុងសហគមន៍អន្តរជាតិ ក្នុងការផ្តល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។

៣. ប្រទេសជប៉ុនសង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាង​ទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីការបិទបញ្ចប់​ដំណើរការ​នីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ។

សេចក្តីថ្លែងការណ៍របស់ប្រមុខការទូត​ជប៉ុន ក៏បានលើកឡើងថា ជំនួយហិរញ្ញវត្ថុរបស់ប្រទេស​ជប៉ុន សម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម គឺប្រទេសជប៉ុន បានផ្តល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លារសហរដ្ឋអាមេរិក (៧២,១៨ លានដុល្លារ ផ្តល់ឱ្យភាគីអន្តរជាតិ និង ១៦,៤៩ លានដុល្លារ ផ្តល់ឱ្យភាគីជាតិ) ឬប្រហែលស្មើនឹង ៣០% នៃជំនួយរបស់អន្តរជាតិ សម្រាប់ការជំនុំជម្រះក្តី​ខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះ បានចាប់ផ្តើម នៅក្នុងឆ្នាំ២០០៦។

សូមរម្លឹកថា ចាប់តាំងពីបើកដំណើរការ នៅខែកុម្ភៈ ឆ្នាំ២០០៦ រហូតដល់ពេលនេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហម បានចំណាយថវិកាប្រមាណ ២៣៧លានដុល្លារ​។ ក្នុងនោះ ភាគីអន្តរជាតិ ចំនួន ២៣៨លានដុល្លារ និងភាគីជាតិ ៩៩លានដុល្លារ​។

មានអតីតមេដឹកនាំខ្មែរក្រហម ខ្ពស់បំផុត ៥នាក់ ត្រូវបានចាប់ខ្លួន នាំមកកាត់ទោស​។ ប៉ុន្តែ​មកដល់ពេលនេះ នៅសល់តែលោក ខៀវ សំផន ដែលមានអាយុ ៩១ឆ្នាំ ម្នាក់គត់ នៅរស់រានមានជីវិត។ ចំណែក​មេដឹកនាំខ្មែរក្រហម ៤នាក់ទៀត រួមមាន៖ លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច លោក អៀងសារី លោកស្រី អៀងធីរិទ្ធ និងលោកនួនជា បានស្លាប់ ដោយសារតែជំងឺ និងវ័យ​ចាស់ជរា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ