ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច បាត់​3​ម៉ឺន​ដុល្លារ និង​ខ្សែក្រវាត់​មាស​ពី​ព្រឹត្តិការណ៍ MAX Muy Thai

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ​ឆ្នាំ​២០១៧ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​កម្ពុជា ​មឿ​ន សុខ​ហ៊ុ​ច បាន​ត្រឹមតែ​ឡើង​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ​ឆ្នាំ​២០១៧ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​កម្ពុជា ​មឿ​ន សុខ​ហ៊ុ​ច បាន​ត្រឹមតែ​ឡើង​កំដរ​រេញ​ក្នុង​ជុំ​ទី​១​ប៉ុណ្ណោះ ដោយសារ​តែ​ប្រឹង​តស៊ូ​ណាស់​ដែរ ​នៅ​តែ​ចាញ់​គូប្រកួត​ជា​ជនជាតិ​បារាំង ។ ក្រៅពី​ហាលអាវ កីឡាករ​រូប​នេះ ក៏​បាត់​ឱកាស​ប្រកួត​យក​ខ្សែក្រវាត់​មាស និង​ទឹកប្រាក់​រហូត​ដល់​៣​ម៉ឺន​ដុល្លារ ដែល​នឹង​ប្រគល់​ឱ្យ​អម​ជាមួយនឹង​ខ្សែក្រវាត់​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍ MAX Muy Thai នា​យប់​នោះ​ផង​ដែរ ។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ពេញ​រយៈពេល​៣​ទឹក​យប់មិញ​នោះ កីឡាករ​កម្ពុជា​ខំ​ណាស់ ​ដើម្បី​ដណ្ដើម​ឱកាស​ឆ្ពោះទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​ជាមួយ​កីឡាករ​បរទេស​៣​រូប​ទៀត ។ ការ​ប្រកួត​នេះ ត្រូវ​គេ​ឃើញ​បន្ត​ផ្ទាល់​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨​ថៃ ដោយ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេល​កីឡាករ​កម្ពុជា និង​ជនជាតិ​បារាំង​ប៉ះ​គ្នា ។ នេះ​ជា​ការ​ប្រកួត​គ្នា​ដែល​មាន​អ្នក​តាមដាន​វិស័យ​ប្រដាល់​ចាប់អារម្មណ៍​មិន​ក្រោម​ពាក់កណ្ដាល​អ្នក​ចូល​ចិត្ត​ប្រដាល់​នោះ​ទេ ដោយសារ​តែ​នោះ​ជា​ជំនួប​ដ៏​កម្រ​របស់​កីឡាករ​កម្ពុជា​លើ​សង្វៀន​អន្តរជាតិ ហើយ​ជា​ការ​ប៉ះ​គ្នា​សម្រាប់​ប្រកួត​យក​ប្រាក់​៣​ម៉ឺន​ដុល្លារ និង​ខ្សែក្រវាត់​មាស ។

ការ​ប្រកួត​នេះ ជា​ការ​លេចឡើង​បន្ទាប់​ពី​កីឡាករ​ទាំង​៤​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​គ្នា​យក​ខ្សែក្រវាត់​មាស សុទ្ធតែ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ស្វិតស្វាញ ហើយ​ប្រកួត​បាន​​ខ្សែក្រវាត់​ប្រាក់​ក្ដោប​ក្ដាប់​រៀងខ្លួន ។ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​កាលពី​ថ្ងៃទី២៦នោះ មាន​អ្នក​ទស្សនា​យ៉ាង​ណែនណាន់តាន់តាប់​នៅ​ក្នុង​ទីលានកីឡា​មួយ​ក្នុង​ខេត្ត​ប៉ា​តា​យ៉ា ដោយ​គណៈកម្មការ​ប្រដាល់​អន្តរជាតិ​របស់​ប្រទេស​ថៃ ។ ព្រឹត្តិការណ៍​នេះ កាលពី​ឆ្នាំ​២០១៦ ថៃ​បាន​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​៤​វគ្គ​ផ្សេង​គ្នា ដោយ​មាន​កីឡាករ​ផ្នែក​ប្រដាល់សេរី​មក​ពី​គ្រប់​ប្រទេស​ចូលរួម ។ គណៈកម្មការ​ជ្រើសរើស​បាន​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​៤​នាក់ ​ក្នុង​ការ​ប្រកួត​៤​លើក​ ក្នុង​នោះ​មាន​ម្នាក់​ជា​កីឡាករ​កម្ពុជា​មឿ​ន សុខ​ហ៊ុ​ច ទើប​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​របស់​គេ គឺ​អ្នក​ណា​ៗ​ក៏​ចាប់អារម្មណ៍ និង​តាមដាន​ដែរ ។

ការ​ប្រកួត​កាលពី​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ ជា​ការ​រៀបចំ​ឱ្យ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤​ប៉ះ​គ្នា​ជា​ថ្មី​ ដើម្បី​ប្រាកដ​ថា អ្នក​ណា​ទទួល​បាន​ខ្សែក្រវាត់​មាស​មួយទៀត ។ ក្រៅពី​ម្ចាស់​ខ្សែ​ក្រវាត់​​ទាំង​៤ កីឡាករ​កិត្តិយស​មក​ពី​ប្រទេស​ផ្សេង​ៗ ក៏​ឃើញ​ប្រកួត​គ្នា​កំដរ​សង្វៀន​ផង​ដែរ ដោយ​គ្រាន់តែ​ការ​ប្រកួត​គ្នា​រវាង​ពួក​គេ​មិនសូវ​មានការ​ចាប់អារម្មណ៍​ដូច​ការ​ប្រកួត​របស់​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤ ។ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤​នោះ​រួម​មាន កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច កីឡាករ Guillaume Pascal ជនជាតិ​បារាំង កីឡាករ Luke Bar ជនជាតិ​វែ​ល និង​កីឡាករ Fabrice Delannon ជនជាតិ​ហ្គា​ណា ។ កីឡាករ​ទាំង​៤​តម្រូវ​ឱ្យ​ចាប់​គូ​គ្នា​ប្រកួត​ដោយ​រូបមន្ត​ចាញ់​ធ្លាក់​ៗ ហើយ​អ្នក​ឈ្នះ​បន្ត​ឡើង​ប្រកួត​ដណ្ដើម​យក​ទឹកប្រាក់​ប្រមាណ​៣​ម៉ឺន​ដុល្លារ និង​ខ្សែក្រវាត់​មាស ។ កីឡាករ​កម្ពុជា​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជនជាតិ​បារាំង ហើយ​កីឡាករ​អឺរ៉ុប​មក​ពី​ប្រទេស​វែ​ល និង​កីឡាករ​ហ្គា​ណា​ជា​ជន​ស្បែក​ខ្មៅ​ត្រូវ​ប៉ះ​គ្នា ។ ការ​ប្រកួត​នេះ មិន​មានការ​កំណត់​ឱ្យ​ប្រកួត​យក​លេខ​៣ និង​លេខ​៤​ នោះ​ឡើយ ទើប​អ្នក​ចាញ់​ក្លាយជា​អ្នក​ហាលអាវ ហើយ​បាត់​បង់​ឱកាស​គួរ​ឱ្យ​ស្ដាយ ។ ក្រោយ​ប្រកួត​ចាញ់ កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ត្រូវ​គេ​ឃើញ​ខកបំណង​ខ្លាំង​ជាង​អ្នក​ទស្សនា​ទៅ​ទៀត ហើយ​បើ​កុំ​តែ​កម្លាំង​របស់​គូប្រកួត​ល្អ​ជាង​ប្រហែល​ជា​គេ​មិន​បាត់បង់​ឱកាស​បែប​ហ្នឹង​នោះ​ទេ អីុចឹង​ហើយ​ទើប​ជា​រឿង​សោកស្ដាយ​ដែល​គេ​ប្រឹង​ហ្វឹកហាត់​យ៉ាង​អស់ពី​សមត្ថភាព​នៅ​មុន​ការ​ប្រកួត​ចាប់ផ្ដើម តែ​បាន​ត្រឹម​តែ​កំដរ​គូប្រកួត ដោយ​មិន​អាច​ដណ្ដើម​យក​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ និង​ខ្សែក្រវាត់​មាស​ដែល​កម្មវិធី​កំណត់​ឱ្យ ។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច បាន​ថ្លែងប្រាប់​មុន​ឡើង​យន្តហោះ​ទៅ​ប្រកួត​នៅ​ថៃ​ថា លោក​ចំណាយ​មិន​ទទួលយក​ការ​ប្រកួត​ក្នុងស្រុក​មិន​តិច​នោះ​ទេ ដើម្បី​ទុក​កម្លាំង និង​ប្រឹង​ហ្វឹក​ហាត់​ជាមួយ​អ្នកជំនាញ ទើប​លោក​ហាក់​សង្ឃឹម​ច្រើន​ដែរ​ មុន​ពេល​ការ​ប្រកួត​ប៉ះ​គ្នា ។ ទោះបី​យ៉ាងណា ការ​បរាជ័យ​របស់​លោក​មិន​ត្រូវ​អ្នកគាំទ្រ​ណា​ម្នាក់​រិះគន់​នោះ​ទេ ដោយ​​មាន​តែ​ការ​លើកទឹកចិត្ត​ដោយសារ​តែ​គេ​ប្រឹង​អស់ពី​សមត្ថភាព​ទៅ​ហើយ ប៉ុន្តែ​ទៅ​មិន​រួច​ជាមួយ​ជនជាតិ​បារាំង​ត្រង់​កម្លាំង​តែ​ម្ដង ។ ការ​ប្រកួត​ត្រូវ​គេ​ឃើញ​ចាញ់​ប្រៀប​ខ្លាំង​​ឡើង​ក្នុង​ទឹក​ទី​៣ ទើប​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ មឿ​ន សុខ​ហ៊ុ​ច ក៏​អស់ចិត្ត​ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​រិះគន់​ចំពោះ​លទ្ធផល ។ ម្នាក់​ៗ​សរសើរ​ថា ​កីឡាករ​កម្ពុជា​រស់នៅ​តែ​ផ្ទះ​ជួល ខ្វះខាត​លទ្ធភាព​បំប៉ន​រាង​កាយ តែ​អាច​ប្រកួត​ពេញ​៣​ទឹកជា​មួយ​កីឡាករ​អន្តរជាតិ​របស់​បារាំង និង​បាន​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​តំណាង​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​យក​ខ្សែក្រវាត់​មាស គឺជា​រឿង​កម្រ​ណាស់​សម្រាប់​អ្វី​ដែល​គេ​ធ្វើ​បាន ។ នេះ​ជា​មុខ​មាត់ធំ​មួយ​ដែល​កម្ពុជា​ មានមុខ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ទ្រង់ទ្រាយ​ធំ​បែប​នេះ បើ​ទោះ​ជា​មានការ​សោកស្ដាយ​ជុំវិញ​មិន​បាន​ខ្សែក្រវាត់​មាស និង​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ​ក៏​ដោយ ៕