ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​កុំ​ឲ្យ​ស្រែក​«​យក​អីវ៉ាន់​អត់ ៗ !» សំពង​រហូត​​សន្លប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ស្រែក​ឃាត់​ជន​២​នាក់​ដែល​តែងតែ​ដើរ​ស្រែក​បែប​ម៉ូ​ថា «​យក​អីវ៉ាន់​អត់ ៗ !» ធ្វើ​ឲ្យ​ជន​២​នាក់​នោះ​ខឹង​យ៉ាង​ខ្លាំង ក៏​ទាញ​ដំបង​សំពង​រហូត​សន្លប់​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ស្រែក​ឃាត់​ជន​២​នាក់​ដែល​តែងតែ​ដើរ​ស្រែក​បែប​ម៉ូ​ថា «​យក​អីវ៉ាន់​អត់ ៗ !» ធ្វើ​ឲ្យ​ជន​២​នាក់​នោះ​ខឹង​យ៉ាង​ខ្លាំង ក៏​ទាញ​ដំបង​សំពង​រហូត​សន្លប់​ស្ដូកស្ដឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ឈ្មោះ លឹ​ម រតនា អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ភូមិ​កើតហេតុ ។ ដោយឡែក​ក្រុម​អ្នកលក់​ថ្នាំ​ញៀន​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ ប៉េង អាយុ​ប្រហែល​ជាង​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កែក អាយុ​ប្រហែល​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ដែរ ។

ស្ត្រី​ម្នាក់​ឈ្មោះ ទ្រី សម្ផស្ស អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​បន្លែ ត្រូវជា​ម្ដាយ​របស់​យុវជន​រង​គ្រោះ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ក្រុម​ជួញដូរ​គ្រឿងញៀន​២​នាក់​នោះ​បាន​ដើរទៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​បាន​ស្រែកសួរ​កូន​គាត់​ថា «​យក​អីវ៉ាន់​អត់ ៗ ?​» ដែល​អីវ៉ាន់​នោះ​ពួក​គេ​សំដៅ​ទៅ​លើ​ថ្នាំ​ញៀន ប៉ុន្តែ​ដោយសារ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ចាប់អារម្មណ៍​ទើប​ពួក​គេ​ស្រែក​ជា​ម៉ូ​បែប​នេះ ហើយ​ដែល​ការ​ស្រែក​នោះ​មិនមែន​ទើបតែ​ម្ដង​ឡើយ គឺ​បាន​ទៅ​ស្រែក​ជា​រៀងរាល់ថ្ងៃ​តែ​ម្ដង ។

ស្ត្រី​រូប​នោះ​បញ្ជាក់​ថា ទោះបីជា​ជន​ទាំងនោះ​ទៅ​ស្រែក និង​ខំ​អូស​ទាញ​កូន​គាត់​បែប​ណា ក៏​កូន​គាត់​មិន​បាន​ចាប់​អា​រម្មលង់​តាម​ការ​អូស​ទាញ​ដែរ មិនតែប៉ុណ្ណោះ​កូន​គាត់​បាន​ឃាត់​មិន​ឲ្យ​ស្រែក​បែប​នេះ នៅ​មុខ​ផ្ទះ​តទៅ​ទៀត​ទេ ទៅ​ស្រែក​ឯណា​ក៏​ស្រែក​ទៅ ព្រោះ​កូន​គាត់​មិន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ ។

ស្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា កូន​គាត់​បាន​និយាយ​ទៅ​កាន់​ជន​ទាំង​២​នាក់​នោះ​វិញ​ថា «​ហើយ​ម៉េច​ចូល​ចិត្ត​តែ​មក​ដល់​មុខ​ផ្ទះ​ខ្ញុំ ហើយ​ស្រែ​កថា យក​អីវ៉ាន់​ៗ​ចឹ​ង ឈប់​ស្រែក​ទៀត​ទៅ តិច​គេ​ថា ផ្ទះ​ខ្ញុំ​មាន​លក់​អីវ៉ាន់​នឹង​ឥឡូវ​ហើយ​» ភ្លាម​ៗ​នោះ​អ្នកលក់​គ្រឿងញៀន​បាន​សំឡុត​វិញ​ថា «​ម៉េច​អញ​ស្រែក​មិន​បាន​អី អាចោរ​ម្រា​យ អាឯង​ចេញពី​ក្នុងផ្ទះ​មក​មើល អាឯង​ខ្លាំង អាឯង​ចេញ​មក​» ខណៈនោះ​កូន​គាត់​កំពុង​ដេក​លើ​គ្រែ​មុខ​ផ្ទះ ហើយ​គាត់​ក៏​បាន​ឃាត់​មិន​ឲ្យ​កូន​គាត់​ចេញ​ទៅ និង​តបត​ជាមួយ​ពួក​នោះ​ទេ  ប៉ុន្តែ​ជនសង្ស័យ​ខាងលើ​មិន​អស់ចិត្ត​ឡើយ​បាន​ទាញ​ដំបង​ឈើ​មួយ​កំណាត់​ដែល​ភ្លើង​ឆេះ​មិន​អស់​ស្រ​ដៀង​ទៅ​នឹង​ធ្យូង​ដែរ​ចូល​មក​វាយ​កូន​របស់​គាត់​៦​ដំបង​បណ្ដាល​ឲ្យ​សន្លប់ ទើប​ឈប់​វាយ ហើយ​បន្ទាប់​មក​ម្ដាយ​ពួក​គេ​បាន​ទៅ​ហៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​អស់ ។

ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ជូន​កូន​គាត់​ផង ៕