ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់ ឡុ​ង សុវណ្ណ​ឌឿ​ន និង រឿង សោ​ភ័​ណ្ឌ ដល់​ថ្ងៃ​ប៉ះកីឡាករ​2​សាសន៍​លើ​រេញ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៥ កុម្ភៈ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ស​ប្ដា​ហ៍រ​វាង​កីឡាករ​កម្ពុជា និង​បរទេស​កាន់តែ​មាន​សភាព​ក្ដៅ​គគុក​ទៀត​ហើយ ដោយសារ​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៥ កុម្ភៈ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ស​ប្ដា​ហ៍រ​វាង​កីឡាករ​កម្ពុជា និង​បរទេស​កាន់តែ​មាន​សភាព​ក្ដៅ​គគុក​ទៀត​ហើយ ដោយសារ​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ក្លាយទៅជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ សមាសភាព​កីឡាករ​កម្ពុជា​ដែល​ឡើង​ប្រកួត​ដណ្ដើម​ឱកាស​នេះ​ គឺ​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន និង​កីឡាករ រឿង សោ​ភ័​ណ្ឌ ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ ដែល​មានការ​ទទួលស្គាល់​ថា​ខ្លាំង ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​ខំ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ កីឡាករ​កម្ពុជា​២​រូប​រួម​មាន​ជើង​ខ្លាំង ឡុ​ង សុវណ្ណ​ឌឿ​ន និង រឿង សោ​ភ័​ណ្ឌ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ និង​ឡាវ នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែកនេះ ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ​និង​ទទួល​បាន​ប្រាក់​លាន អម​ដោយ​​កិត្តិយស​មុខមាត់ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យកឈ្នះ​នៅ​ស​ប្ដា​ហ៍​នេះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​​បាន​ត្រៀម​ទុក​ពី​ចម្ងាយ ហើយ​ជាមួយ​នឹង​ប្រវត្តិ​ចាញ់​ខ្លះ ឈ្នះ​ខ្លះ សុទ្ធតែ​ជា​លក្ខខណ្ឌដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវការ​ស្ដារ​មុខមាត់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ជើង​ខ្លាំង​២​រូប​ខាងលើ នឹង​បើក​ឆាកប្រយុទ្ធ
សម្រាប់​ស​ប្ដា​ហ៍​ទី​៤​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ ។

កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​ឡុ​ង​សាល​វ័​ន្ត​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​កេង កាត់ ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ ។ លោក​ជឿជាក់​ថា កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ព្រោះ​បើ​ប្រកួត​ឈ្នះ​នឹង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

លោក​ថា កីឡាករ​រូប​នេះ​នឹង​ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់ និង​ដើម្បី​យក​ឱកាស​ទៅ​ប្រកួត​យក​ខ្សែក្រវាត់ ខណៈ​ដែល​ការ​ប្រកួត​នេះ​បើ​ចាញ់​ក្រៅពី​បាត់ប្រាក់​លាន​ក៏​ប៉ះពាល់​ដល់​ប្រជាប្រិយភាព ។ លោក​រំពឹង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ដោយសារ​កីឡាករ​ថៃ​គឺ​ត្រូវការ​ឈ្នះ​ដើម្បី​ឈាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​កីឡាករ​កម្ពុជា​ក៏​ត្រូវការ​សង្គ្រោះ​ប្រជាប្រិយភាព ។

កីឡាករ កេង កាត់ ធ្លាប់​ប្រកួត​៩៤​លើក ឈ្នះ​៨២​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៩៨​លើក ឈ្នះ​៨៣​លើក ចាញ់​១០​លើក និង​ស្មើ​៥​លើក ។

សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​ថា អ៊ូ​ឡាន ក្នុង​ការ​ដណ្ដើម​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​កន្លង​មក​កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​ច្បាស់​ថា នឹង​បាន​ឡើង​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​គូប្រកួត​ដែល​បាន​ឡើង​ក្នុង​វគ្គ​នេះ​ក៏​សុទ្ធតែ​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​៦៧​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​១៤៦​លើក ឈ្នះ​១២៩​លើក ចាញ់​១៥​លើក និង​ស្មើ​២​លើក ទើប​លោក​រំពឹង​ថា បទ​ពិសោធន៍​ល្អ​ជាង​របស់​កីឡាករ​កម្ពុជា​នៅ​តែ​ឈ្នះ​សម្រាប់​វគ្គ​នេះ ដោយសារ​តែ​ការ​ប្រកួត​នា​ពេល​កន្លង​មក​ធ្លាប់​ឈ្នះ​ឡាវ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ម្ដង​ហើយ ។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ប្រាកដ​ថា សមត្ថភាព​របស់​កីឡាករ​រឿង សោ​ភ័​ណ្ឌ នឹង​​អាច​យកឈ្នះ​លើ​គូប្រកួត​ជា​លើក​ទី​២​នៅ​ថ្ងៃស្អែក​ទេ ក្នុង​ពេល​ដែល​កីឡាករ​ឡាវ​ក៏​មិនមែន​ធម្មតា​នោះ​ទេ បើ​ផ្អែក​ទាំង​កម្លាំង បច្ចេកទេស និង​សមត្ថភាព​ក្នុង​ពេល​ប៉ះ​គ្នា​លើក​មុន​ដែល​មិនធម្មតា​ដែរ ។ ម្នាក់​ៗ​បាន​ត្រឹម​ចាំ​មើល​ពី​ការ​ប្រកួត​មួយ​នេះ​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​រឿង សោ​ភ័​ណ្ឌ ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់ ហើយ​កីឡាករ​ឡាវ​ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់ ។ គូ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​ស៊ីសាច់ហុតឈាម ដោយសារ​តែ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​អ្នក​ចាញ់​ត្រូវ​ប្រឈម​បាត់​ឱកាស​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់ ៕