ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ ​លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ ​រកឃើញរថយន្តមួយគ្រឿង ដឹកលើសទម្ងន់ ៥តោន

1 ឆ្នាំ មុន
  • កណ្តាល

កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយ​អាជ្ញាធរ​ក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ​រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់​…

កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយ​អាជ្ញាធរ​ក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ​រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់​ លើកំណាត់​ផ្លូវ​១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០២២។

លោក ហាក់ សុខមករា បានឱ្យដឹងថា ការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះ​ ក្នុងគោលបំណង​ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់​បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាល​មកពីការដឹកលើសទម្ងន់នេះផងដែរ។

លោកអភិបាលរងខេត្ត បន្តថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗ ដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាល​ឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័ត​នេះ គឺនឹងបន្តដាក់ជាប្រចាំ ដូចភ្លៀងរលឹម។

លោក ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវការដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់​ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់​ផ្លូវថ្នល់ និងគោរពច្បាប់ ស្ដីពី ការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានឱ្យដឹង​ថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម ១០% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយ​ឱ្យពួកគាត់ ត្រូវរើអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យ​​បន្តដំណើរ។ ចំពោះរថយន្ត ដែលដឹកទំនិញលើស​កំណត់ចាប់ពី ២០% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ និងត្រូវ​​ផាកពិន័យតាមច្បាប់ ដែលបាន​កំណត់។

សូមបញ្ជាក់​ថា ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារ បានត្រួតពិនិត្យលើរថយន្តចំនួន ២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿង បានដឹកលើសទម្ងន់ចំនួន ៥តោន៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ