ចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ១៥ ម្សិលមិញថា ខ្លួនបានការដាក់តវ៉ាជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ក្រោយពេលក្រុមសមាជិកព្រឹទ្ធសភាអាមេរិកគាំទ្រច្បាប់ដែលនឹងជួយបង្កើនការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ប្រសិនច្បាប់នៅតែបន្តទៅមុខទៀត វានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាមេរិក។
លោកស្រីក៏បានពិពណ៌នាច្បាប់ថ្មីអាមេរិកនោះថា ជាការបញ្ជូនសញ្ញាមិនពិតធ្ងន់ធ្ងរដល់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់។
អ្នកនាំពាក្យដដែលថ្លែងថា “ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់នេះ និងតវ៉ាទៅកាន់ភាគីអាមេរិកថា មានចិនតែមួយប៉ុណ្ណោះលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិន ហើយថាចិននឹងជំរុញការបង្រួបបង្រួមប្រទេសពេញលេញឡើងវិញ”។
សូមបញ្ជាក់ថា ការមិនសប្បាយចិត្តរបស់ទីក្រុងប៉េកាំងកើតឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានគាំទ្រច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ ២០២២ ដោយសំឡេង ១៧ ដល់នឹង ៥។
អាមេរិកបានលក់សព្វាវុ.ធអស់ជាច្រើនទសវត្សរ៍មកហើយអោយកោះតៃវ៉ាន់ ប៉ុន្តែច្បាប់ថ្មីនឹងផ្តល់ជំនួយផ្នែកសន្តិសុខរបស់អាមេរិកក្នុងទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ។
ច្បាប់នោះក៏ដាក់ទណ្ឌកម្មលើចិនផងដែរ ប្រសិនប្រើកម្លាំងទ័ពដើម្បីព្យាយាមដណ្តើមយកតៃវ៉ាន់។
ទោះយ់ាងណា ក្រោមច្បាប់ថ្មីនោះ អាមេរិកនឹងមិនទទួលស្គាល់តៃវ៉ាន់ជាលក្ខណៈការទូតនោះទេ៕ (យោងតាមប្រភព៖ CNA)






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ