ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​តាម​ហ្វេ​ស​ប៊ុ​ក​លោក សាន្ត ប៊ុ​ន​ធឿ​ន ជួប​គ្រោះ​អកុសល

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក សាន្ត ប៊ុ​ន​ធឿ​ន ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ស្គាល់ ​និង​ឃើញ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​ក្នុង​ប្រទេស ធ្វើ​សម្ភាសន៍​ជាមួយ​បុគ្គល​មួយ​ចំនួន​

ខេត្តកំពង់ស្ពឺ ៖ លោក សាន្ត ប៊ុ​ន​ធឿ​ន ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ស្គាល់ ​និង​ឃើញ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​ក្នុង​ប្រទេស ធ្វើ​សម្ភាសន៍​ជាមួយ​បុគ្គល​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​បញ្ហា​ចោទប្រកាន់​គ្នា ឬ​ពី​បុគ្គល​ដែល​ល្បី​ផ្សេង​ៗ ធ្វើ​ឱ្យ​សង្គម​មានការ​ចាប់អារម្មណ៍ តាម​រយៈ​ការ​បង្ហោះ​ជា​វី​ដេ​អូ​ឃ្លី​ប​នោះ ពេល​នេះ​លោក​បាន​រង​របួស​ជាមួយ​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៀត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កាម​រី​ឆ្លាម និង​រថយន្ត​ហ៊ី​ណូ​សណ្តោង​កុងតឺន័រ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦​និង​លេខ​៨៧ ស្ថិត​ក្នុង​ភួ​មិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ អ្នកបើកបរ​រថយន្ត​កាម​រី​ឆ្លាម​ឈ្មោះ ទុ​យ សុភ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួសធ្ងន់ និង​លោក សាន្ត ប៊ុន​ធឿ​ន អាយុ​៤៤​ឆ្នាំ ដែល​រួម​ដំណើរ​រង​របួស​ក្បាល​រយះ​ហូរ​ឈាម​កក្លាក់​មិន​ស្រាល​ប៉ុន្មាន​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត​សណ្តោង មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​ដាក់​មេ​ប្រូច​បាត់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ស្រង់​សម្តី​សាក្សី​ថា រថយន្ត​កាម​រី​បើកបរ​ពី​លិចទៅ​កើត លុះ​ទៅ​ដល់ចំណុច​ខាងលើ ស្រាប់តែ​បុក​គ្នា​ជាមួយ​រថយន្ត​ហ៊ី​ណូ​សណ្តោង​កុងតឺន័រ​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​កាម​រី​រង​របួស និង​ឃើញ​ចុះ​ពី​រថយន្ត​ហៅ​អ្នកដំណើរ​តាម​ផ្លូវ ឱ្យ​ជួយ​ចាប់​អ្នកបើកបរ​រថយន្ត​ហ៊ីណូ ។ ជាមួយ​នេះ បាន​យក​ទូរស័ព្ទ​ថតរូប​ភាព​បង្ហោះ​លើ​ហ្វេ​សប៑ុ​ក​ទៀត​ផង​ ឃើញ​ដូច​នៅ​រហ័សរហួន​នៅឡើយ ដែល​ឃើញ​ដូច្នោះ​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​ក៏​រត់គេច​ខ្លួន​បាត់​កាន់តែ​លឿន​ថែម​ទៀត ។

លោក​អនុសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ឡៃ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង បានឱ្យ​ដឹង​ថា រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២D-៨៦០៤ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ទៅ​បុក​ជាមួយ​រថយន្ត​ហ៊ី​ណូ​ពណ៌​បៃតងចាស់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​៣A-៣០៤៨ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នាបណ្តាល​ឱ្យ​រថយន្ត​កាម​រី​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​តែ​ម្តង ។

ដោយឡែក​លោក សាន្ត ប៊ុ​ន​ធឿ​ន បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រូប​លោក​និងក្រុមការងារ​ត្រឡប់​មក​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅភ្នំពេញ​វិញ លុះ​មក​ដល់​ចំណុច​ខាងលើ លោក​មើលទៅ​រថយន្ត​សណ្តោង​កុងតឺន័រ​រេ​ចង្កូត​ហាក់ដូចជា​អ្នកបើកបរ​ងងុយដេក ។ ពេល​នោះ លោក​បាន​ប្រាប់​អ្នកបើកបរ​រថយន្ត​របស់​លោក​ថា សុំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​និយាយ​មិន​ទាន់​ចប់​ផង រថយន្ត​កុងតឺន័រ​បាន​រេ​ចង្កូត​មក​រក​រថយន្ត​លោក ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នកបើកបរ​រថយន្ត​របស់​លោក​ព្យាយាម​គេច​ដែរ ប៉ុន្តែ​នៅ​តែ​មិន​ផុត ហើយ​រថយន្ត​កុងតឺន័រ​បាន​មក​បុក​រថយន្ត​លោក​ពេញទំហឹង​តែ​ម្តង ។

មន្ត្រី​នគរបាល​ចរាចរណ៍​និយាយ​ថា ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​លោក សាន្ត ប៊ុ​ន​ធឿ​ន មិនបាន​ផ្តល់​ការ​សហការ​ទេ គឺ​លោក​គិតតែ​ថត​វី​ដេ​អូ​សុំ​ឱ្យ​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជួយ​អន្តរាគមន៍​ទៅ​វិញ ។ លុះ​ក្រោយ​ពី​ថត​វី​ដេ​អូ​បង្ហោះ​ហើយ លោក សាន្ត ប៊ុ​ន​ធឿ​ន ក៏ឡើង​ជិះ​រថយន្ត​តាក់​ស៊ីទៅ​ភ្នំពេញ​បាត់​តែ​ម្តង ។

ដោយ​ឃើញ​ដូច្នេះ សមត្ថកិច្ច​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​វាស់វែង និង​អូស​រថយន្ត​ទាំង​២​គ្រឿង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ហ៊ីណូ​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​លោក សាន្ត ប៊ុន​ធឿ​ន តាម​នីតិវិធី​ច្បាប់ ៕