ខេត្តសៀមរាប ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ដុះស្លែនៅទីតាំង២ផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងក្រុងសៀមរាប ឃាត់ខ្លួនបានមនុស្សប្រុស ស្រី ចំនួន២៤នាក់ រួចនាំយកមកធ្វើការសាកសួរនៅការិយាល័យជំនាញ ប៉ុន្តែត្រូវបានដោះលែងឱ្យត្រលប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ផ្ទះ ដែលបានផ្តល់ទីតាំងបើកឱ្យគេ ត្រូវបានកម្លាំងជំនាញ នាំខ្លួនបញ្ជូនទៅតុលាការជាមួយនឹងវត្ថុតាងមួយចំនួន។
សូមបញ្ជាក់ផងដែរថា ចំពោះអ្នកញៀនល្បែងស៊ីសងខុសច្បាប់ដុះស្លែ(ជល់មាន់ និងបៀរតង) កំពុងហ៊ោកញ្ជ្រៀវ សើចសប្បាយ ដល់ឃើញសមត្ថកិច្ចទៅព័ទ្ធចាប់ នាំគ្នាភ័យស្លន់ស្លោ ខ្លះរត់ចោល ម៉ូតូ និងរថយន្ត អ្នក ខ្លះអង្គុយសើច អ្នកខ្លះកំពុងអង្គុយយំ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ខណៈដែលសមត្ថកិច្ចទៅចាប់យកមកធ្វើការសួរនាំ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នោះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីតាំង២ផ្សេងគ្នា ថ្ងៃតែមួយក្នុងក្រុងសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកនៅជិតខាង។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យ ប្រុស ស្រី ទាំង២៤នាក់នោះ ដែលចាប់មកសួរនាំនោះមាន២ទីតាំង ទីតាំងទី១/ឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់(ភ្នាល់បញ្ជល់មាន់) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប និងទីតាំងទី២/ឃាត់ខ្លួនបានមនុស្សប្រុស ស្រី រួមទាំងម្ចាស់ផ្ទះ ដែលកំពុងលេងបៀរនោះមានចំនួន៩នាក់ ដែលមានទីតាំងស្ថិតនៅក្នុងផ្ទះ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ទាំង២៤នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ក្នុងនោះក៏បានធ្វើការដកហូត បានវត្ថុតាងពីអ្នកល្បែងរួមមាន ៖ -រថយន្តចំនួន១គ្រឿង មាន់ជល់ចំនួន៤ក្បាល ងាប់អស់២ក្បាល ម៉ូតូចំនួន១៧គ្រឿង លុយមួយចំនួន និងបៀរតងមួយចំនួនធំផងដែរ។ ប្រភពបានបញ្ជាក់បន្ថែមថា កម្លាំងជំនាញបានឱ្យអ្នកចូលលេង ប្រុស ស្រី ធ្វើកិច្ចសន្យាត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ ចំនួន២២នាក់។
ចំណែកម្ចាស់ផ្ទះទាំង២នាក់ ដែលបានផ្តល់ទីតាំងបើកល្បែងភ្នាល់មាន់ ព្រមទាំងបៀរ នោះមាន៖ទី១/ឈ្មោះ ជុន ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ម្ចាស់ផ្ទះ បើក ភ្នាល់មាន់ជល់) និងទី២/ ឈ្មោះ យឹម សារី ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ជាម្ចាស់ផ្ទះ បើក ទីតាំងឱ្យគេលេងបៀរ)។ បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង២នាក់ និងវត្ថុតាង ដែលជាម្ចាស់ផ្ទះ ទាំង២ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជុំវិញមជ្ឈដ្ឋាននានាក្នុងក្រុងសៀមរាប រង់ចាំមើលថា តើម្ចាស់ផ្ទះ ទាំង២កន្លែងនោះ មានវាសនាអាចរួចខ្លួន ឬជាប់គុក? ប្រសិនបើមានលុយ ប្រហែលអាចឈានជើងចេញពីក្នុងកន្លែងតុលាការ បើគ្មានលុយទេនឹងត្រូវជាប់គុកហើយមើលទៅ។ សូមបញ្ជាក់ផងដែរថា ក្នុងការចាប់បទល្មើសផ្សេងគ្នា សមត្ថកិច្ចប្រដាប់ងាវុធទាំង២ តែងតែមានការអាថ៌កំបាំង ដើម្បីលាក់លៀម ចំពោះអ្នកសារព័ត៌មានមិនចង់ឱ្យទម្លាយ ខ្លាចបែកទ្រព្យ ទោះជាយ៉ាងណា ក៏មិនអាចលាក់ជិតពីអ្នកព័ត៌មានបានដែរ៕
ចែករំលែកព័តមាននេះ