ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​អន្ដរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៨ កុម្ភៈ ខានស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្ដភាព​អន្ដរជាតិ​ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​៤​គូ ក្នុង​នោះ​គូ​អន្ដរជាតិ​មាន​ចំនួន​៣​គូ ។

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៨ កុម្ភៈ ខានស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្ដភាព​អន្ដរជាតិ​ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​៤​គូ ក្នុង​នោះ​គូ​អន្ដរជាតិ​មាន​ចំនួន​៣​គូ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ មាន​ប៉ុន្មាន​នាក់​ដែល​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​បែប​ហ្នឹង​នោះ ។

គូ​អន្ដរជាតិ​ទី​១ កីឡាករ​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុន​ដាន់ ប៉​ស៊ី​ន​ដាំ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។
កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ពី​មុន​មក​ទេ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​របស់​គេ​ពិតជា​មិនធម្មតា​ឡើយ ។ ឆៃ សា​រ៉ា មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៣៧​ដង ឈ្នះ​៣០​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៦៧​ម៉ែត្រ ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៥​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​២​លើក​នេះ ឆៃ សា​រ៉ា​ទំនងជា​យ៉ាប់​បន្តិច​ហើយ ។

គូ​អន្ដរជាតិ​ទី​២ កីឡាករ សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភី​ត​ផ្សា​ក់ ភី​តស៊ូ​រ៉ាត់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ គូ​នេះ​ទាំង​មាឌ​និង​កម្ពស់​បូក​រួម​ទាំង​ប្រវត្តិ​ប្រកួត​ទៀត​ផង​នោះ គឺ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង ។ សា​រឿ​ន​ច័ន្ទ មាន​កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​៩៤​ដង ឈ្នះ​៧០​ដង ចាញ់​២០​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ​មាន​កម្ពស់​១,៦៩​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៩៥​ដង ឈ្នះ​៧០​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ពី​មុន​មក​ទេ​ទើប​គេ​ពិបាក​សន្និដ្ឋាន ប៉ុន្តែ​បើ​យោង​លើ​ប្រវត្តិ​ប្រកួត​គឺ​អាច​ស៊ីសង​គ្នា​បាន ដូច្នេះ​ចាញ់​-​ឈ្នះ​អាច​ពឹង​លើ​សំណាង​ក៏​ថា​បាន ។

គូ​អន្ដរជាតិ​ទី​៣ កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​គឹកកង រ៉​យ៉ាក់​សុ​ធន់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ឡុ​ង សុ​ភី ជា​អ្នក​ប្រដាល់​ជើងចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​ពេញ​ខ្លួន ប៉ុន្តែ​ពេល​នេះ​វ័យ​របស់​គេ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ កម្លាំង​ក៏​អន់​ថយ​ជាង​មុន​បន្តិច​ដែរ ។ អ្នក​ប្រដាល់​ជើង​ចាស់​រូប​នេះ​មាន​កម្ពស់​១,៧៥​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​១២១​ដង ឈ្នះ​៩២​ដង ចាញ់​២៦​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤៤​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ​មានកំ​ពស់​១,៨០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ទោះបី​ឡុ​ង សុ​ភី មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​បន្តិច​មែន តែ​មិន​ទាន់​ប្រាកដ​ថា អាច​ផ្ដួល​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​នោះ​ទេ​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ៕