រាជធានីភ្នំពេញ ៖ មុខសញ្ញាជំនាញខាង លូក ខ្វេះ កាត់ខ្សែ.ក និងកាបូបលុយតាមផ្សារ និងទីប្រជុំជន ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះហើយ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ណង់ ចាន់ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាននៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅពេលចាប់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្តកិច្ចថា កាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនបានទៅផ្សារធំទួលសង្កែ ស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីរកទិញអ៊ីវ៉ាន់។ លុះពេលទៅដល់តូបលក់ខោអាវក្មេងក្នុងផ្សារ ស្រាប់តែមានស្ត្រីម្នាក់កំពុងពរកូនទិញខោអាវនោះដែរ ឃើញដូច្នោះខ្លួនក៏បានទៅឈរក្បែរ និងបានធ្វើសកម្មភាពកាត់ខ្សែ.កក្មេងស្រីរូបនោះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោតែម្តង។ ភ្លាមៗនោះខ្លួនបានរត់ចេញទៅក្រៅផ្សារ ដើម្បីរកម៉ូតូជិះ (ម៉ូតូបក្សពួក) តែត្រូវម្តាយក្មេងស្រីជនរងគ្រោះ ស្ទុះមកចាប់.កអាវជាប់ រួចទាញទម្លាក់ពីលើម៉ូតូ ហើយក៏ត្រូវបានក្រុមអាជីវករក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌឬស្សីកែវ តែម្តងទៅ។
ចុងក្រោយជនសង្ស័យឆ្លើយក្នុងន័យដោះបន្ទុកថា «ខ្លួនមិនបានកាត់ខ្សែ.កក្មេងស្រីនោះទេ នេះជាការចោទប្រកាន់ តែយ៉ាងណាក្តី ខ្លួនសុខចិត្តចេញប្រាក់សង ប៉ុន្តែដើមបណ្តឹងមិនព្រម ទើបសមត្ថកិច្ចបន្តនីតិវិធី រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕
ចែករំលែកព័តមាននេះ