ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​យូគី ជ្រក​ក្រោម​ផ្លា​ក​ឆ្នោត​ឡូ​តូ បើក​លេង​ដុះស្លែ នៅ​ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មេ​ល្បែង​យូគី​ដុះ​ស្លែ​ម្នាក់ ​ឈ្មោះ វ៉ក បាន​មក​បើក​ល្បែង​យូគី ​នៅផ្ទះ​របស់​ឈ្មោះ ម៉ា​ប់ ប្រពន្ធ​ឈ្មោះ រ៉​ន នៅ​ភូមិ​ចម្លង…

ខេត្តស្វាយរៀង៖ មេ​ល្បែង​យូគី​ដុះ​ស្លែ​ម្នាក់ ​ឈ្មោះ វ៉ក បាន​មក​បើក​ល្បែង​យូគី ​នៅផ្ទះ​របស់​ឈ្មោះ ម៉ា​ប់ ប្រពន្ធ​ឈ្មោះ រ៉​ន នៅ​ភូមិ​ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ដោយ​បន្លំជា​ឆ្នោត​ឡូ​តូ។ សកម្មភាព​នេះ ធ្វើ​ឲ្យ​មហាជន​រិះគន់​ថា​ សមត្ថកិច្ច​ មិន​បង្ក្រាបល្បែងស៊ីសង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែលអាចបង្ក​ឲ្យ​មានអំពើ​ហិង្សា​ក្នុង​គ្រួសារ ចោរលួច ចោរ​ប្លន់ ​ជាដើម។

បុរស​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅក្នុងភូមិ ឃុំ ខាងលើ បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ថា មេ​យូគី​ម្នាក់​ ឈ្មោះ វ៉ក ភេទ​ប្រុស អាយុប្រមាណ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វាល​ល្ងើ​ន ឃុំ​កំពង់ចម្លង បាន​មក​បើក​លេងល្បែង​យូគី​នៅផ្ទះ​ឈ្មោះ ម៉ា​ប់ ប្រពន្ធ​ឈ្មោះ រ៉​ន ដែល​មានមុខ​របរ​លក់​គ្រឿងទេស ​នៅ​ភូមិ​ចម្លង​ជា​ច្រើន​ខែ​មក​ហើយ និង​មិន​ដែល​ឃើញ​អាជ្ញាធរ​ភូមិ ឃុំ ឬ​សមត្ថកិច្ច​នគរបាល​បង្ក្រាប​ឡើយ។ កន្លង​មក ប្រជាពលរដ្ឋ​ធ្លាប់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ទៅ​បង្ក្រាប​ដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េចស្ងាត់ឈឹង។

បុរស​រូប​នេះ​បន្ត​ថា ប្រពន្ធ​គាត់​ក៏ដូច​អ្នក​ជិតខាងដែរ បាន​ងប់​នឹង​ល្បែង​យូគី ល្បែង​ឆ្នោតឡូ​តូ កន្ទុយលេខ ម្នាក់​ៗ​ចាញ់​អស់ប្រាក់​ច្រើន​ណាស់​។ បើ​ប្រុស​ៗ​ចាញ់ល្បែង ទៅ​រករឿង​ប្រពន្ធ​កូន កើត​ជម្លោះ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ប្រភព​ដដែល ​និយាយ​ទៀត​ថា កន្លែង​បើកលេងល្បែង​យូគី​នេះ គឺ​ខាង​មុខ​ផ្ទះ ​គេ​លក់​គ្រឿងទេស លក់​ស្រា​បៀរ តែ​លួច​បាំង​តង់​កៅស៊ូ​នៅខាងក្រោយ​ផ្ទះ ​លេង​យូគី និង​បើក​ល្បែង​ឆ្នោត​ឡូតូ​ ៥​នាទី​ចេញ​ម្តង និង​បង្កប់​កត់​កន្ទុយលេខ​ខ្មែរ និង​កន្ទុយលេខ​វៀតណាម​ទៀត។ ហេតុនេះ​ហើយ ទើប​អ្នក​ដែល​មាន​ប្តី មាន​ប្រពន្ធ មានកូន ទៅ​ចាក់​ល្បែង​យូគី ចាក់​កន្ទុយលេខ និង​ចាក់​ឆ្នោត ពិបាកចិត្ត ព្រោះ​ប៉ះពាល់​ជីវភាព​ក្នុង​គ្រួសារ និង​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្តជួយ​អន្តរាគមន៍​បង្ក្រាប​ល្បែង​ខា​លើ​ផង ដើម្បី​សុវត្ថិភាព​ភូមិ ឃុំ ។

ទាក់ទិន​នឹង​ករណី​នេះ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ចម្លង​បាន​ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ