ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​មក​ពី​ប្រទេស​ជប៉ុន ត្រូវ​នគ​បាល​វរ​ការពារ​ព្រំដែន​ស្ទាក់​កា.ប់​របួសធ្ងន់

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​គ្រួសារ​មួយ បានអំពាវនាវ​សុំ​ឲ្យ​សាលាដំបូង​ខេត្ត ជួយ​រក​យុត្តិធម៌​ឲ្យ​កូនប្រុស​ដែល​​ត្រូវ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ក្នុង​នោះ​មាន​ស្គាល់​ម្នាក់​ជា​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន

ខេត្តស្វាយរៀង ៖ ក្រុម​គ្រួសារ​មួយ បានអំពាវនាវ​សុំ​ឲ្យ​សាលាដំបូង​ខេត្ត ជួយ​រក​យុត្តិធម៌​ឲ្យ​កូនប្រុស​ដែល​​ត្រូវ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ក្នុង​នោះ​មាន​ស្គាល់​ម្នាក់​ជា​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន ស្ទាក់​កា.ប់​ចំនួន​២​ដាវ ចំ​ដៃស្តាំ​១​ដាវ​មុត​ដល់​ឆ្អឹង និង​១​ដាវ​រយះ​ពោះ​រង​របួសធ្ងន់ ។ ក្រោយ​កើត​ហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយសារ​របួសធ្ងន់​ពេក ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ជោ​រៃ នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា អំពើ​ហិ.ង្សា​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​វ​ផ្លូវបំបែក​ខាងជើង​ផ្សារ​វាល​យន្ត មុខ​ផ្ទះ​អតីត​មេ​ភូមិ​ស្វាយ​រៀង ស្ថិត​ក្នុង​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ជន​រង​គ្រោះខាងលើ​​​មាន​ឈ្មោះ សូ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ពលករ​នៅ​ប្រទេស​ជប៉ុន មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុងស្វាយ​រៀង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សួន សិ​ទ្យា ហៅ សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​នគ​បាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ខេត្តព្រៃវែង ជា​ជន​ដៃដល់ មាន​ទីលំនៅ​ក្នុងភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង និង​បក្ខពួក​៣​ទៅ​៤​នាក់​ទៀត ។

បើតាម​ស្ត្រី​ឈ្មោះ គង់ រិ​ទ្ធី អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវ​ជា​ម្តាយ​ជន​រង​គ្រោះ បាន​​និយាយ​ឱ្យ​ដឹង​​ថា កូន​គាត់ សូ ប៊ុ​ន​ធឿ​ន ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន និងទើប​ត្រឡប់​មក​ផ្ទះ​វិញ ​កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ ។ នា​ល្ងាច​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយ​ពី​ជួបជុំ​បងប្អូន​ហូប​បាយ​រួច ក៏​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​បងប្អូន និង​មិត្តភក្តិ​រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​​ចូល​ថ្ងៃ​ទី​៤ ខែកញ្ញា ស្រាប់តែ​មាន​អ្នក​ជិតខាង​មក​ប្រាប់​ថា កូនប្រុស​គាត់​ត្រូវ​គេ​កា.ប់ ។

បើ​តាម​ឈ្មោះ ពៅ ផានិត ភេទ​ប្រុស អាយុ២៥​ឆ្នាំ នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និយាយ​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​អង្គុយ​ជជែក​គ្នា​លេង​សួរសុខទុក្ខ​គ្នា រួច​ក៏​នាំ​គ្នា​ផឹកស៊ី​បន្តិចបន្តួច ។ លុះ​អស់​ម្ហូប ខ្លួន​និង​ប្អូនប្រុស​ឈ្មោះ គង់ និង​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​ម្ហូប​មក​ក្លែម​ទៀត ។ ពេល​ទៅ​ដល់​ផ្លូវបំបែក​ខាងជើង​ផ្សារ​វាល​យន្ត ស្រាប់តែ​មាន​ម៉ូតូ​៣​ទៅ​៤​គ្រឿង​មក​ស្ទាក់​សួរ ។ ខណៈនោះ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ក្រុម​ជន​នោះ​ចុះ​ពីលើ​ម៉ូតូ​កា.ប់​តែ​ម្តង រីឯ​ខ្លួន​ឃើញ​ដូច្នេះ ក៏​ជិះ​ម៉ូតូ​រត់គេច​ចេញពី​ក្រុម​ជន​ខាងលើ​យករួចខ្លួន តែម្តង។

ចំណែក​មន្ត្រី​សមត្ថកិច្ច​១​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគ​មន៍ ដោយ​ឃើញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​បី​បួន​ម៉ូតូ ជិះ​ឆ្វែល​ម្តុំ​កន្លែង​កើតហេតុ ហើយ​ចុះ​ពីលើ​ម៉ូតូ​ដើរ​គោះ​ទ្វារផ្ទះ​អ្នកស្រុក​ហៅ​ឲ្យ​ចេញ ទំនង​ដេញ​តាម​វា.យ​ក្រុម​ណាមួយ ។ ខណៈនោះ ស្រាប់តែ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​មក​ដល់ ក៏​ស្ទាក់​សួរនាំ ​និង​ស្ទុះ​ទៅ​កា.ប់​ជន​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​៣​នាក់ ឲ្យ​រង​របួស ហើយ​ស្រែ​កថា «កា.ប់​មនុស្ស​ច្រឡំ​ហើយ ទើប​ក្រុម​ជន​នោះ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ​ទៅ» ។

លុះ​ព្រឹក​ឡើង សមត្ថកិច្ច​បាន​មក​ពិនិត្យ​កាមេ​រ៉ា​សុវត្ថិភាព ឃើញ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​​ដើរ​គោះ​ទ្វារផ្ទះ​អ្នកស្រុក​មុន​ពេល​កើតហេតុ និង​បាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ខ្លះ​ហើយ ក្នុង​នោះ​​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួន សិ​ទ្យា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​នគរបាល ។

មហាជន​បាន​រិះគន់​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ហើយ បង្ហាញ​ទាំង​ឈ្មោះ​ជន
បង្ក​ទៀត ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ធ្វើការ​បង្ក្រាប ទុក​ពន្យារពេល​ឲ្យ​ក្រុម​ជនល្មើស​គេចខ្លួន ហើយ
ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​កង​រាជ​អាវុធហត្ថ​ខេត្ត​វិញ សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌ ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច​មិន​ទាន់​ចាប់​ក្រុម​ជនល្មើស​បាន​នៅឡើយ​ទែ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះស្វះ​ស្វែងរក​អង្គការសិទ្ធិមនុស្ស​ឲ្យ​ជួយ​អន្តរាគមន៍ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​មាន​ចំណាត់ការ ដោយ​ជនសង្ស័យ​ជា​នគរបាល ហើយ​មាន​គេ​បង្ហើប​ថា មាន​ខ្នង​ក្រាស់ ។

តាម​ប្រភព​ព័ត៌មាន​ថា ជនសង្ស័យ​ខាងលើ ធ្លាប់​កា.ប់​ជន​រង​គ្រោះ​ម្នាក់​របួស​ក្បាល​ធ្ងន់ ហើយ​មត្ថកិច្ច​ក៏​ធ្លាប់​បាន​សម្រួល​ត្រឹម​បង់​សំណង​ជាប្រាក់​ថ្លៃ​ព្យាបាល​ឲ្យ​ជន​រង​គ្រោះ​ប៉ុណ្ណោះ ។ ក្រុមជនល្មើស​នេះ តែងតែ​ជិះ​ម៉ូតូ​ដេញ​វា.យ​អ្នក​ធ្វើ​ដំណើរ​ពេល​យប់​ជា​ញឹកញាប់ និង​មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ទេ ។

អ្នក​រស់នៅ​ក្នុង​ក្រុង​ស្វាយ​រៀង អំពាវនាវ​សូមឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ជា​ពិសេស​សម្តេច​​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ