ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លិខិត​លោក សម រ​ង្ស៊ី សុំ​ឱ្យ​ប្រពន្ធ​ធ្វើ​មេ​បក្ស «​ក្លែងក្លាយ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ប្រកាស​លាលែងពី​ប្រធាន​គណបក្ស​ហើយ ដោយ​អះអាង​ថា​មាន​បញ្ហា​ផ្ទាល់ខ្លួន

រាជធានី​ភ្នំពេញ ៖ ទីបំផុត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ប្រកាស​លាលែងពី​ប្រធាន​គណបក្ស​ហើយ ដោយ​អះអាង​ថា​មាន​បញ្ហា​ផ្ទាល់ខ្លួន ។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដឹង​ឮ​សុសសាយ​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ។

ការ​បញ្ចប់​តួនាទី​និង​នយោបាយ​ខ្លួនឯង​របស់លោក សម រ​ង្ស៊ី នេះ បើ​យោង​លិខិត​របស់​លោក ដែល​ចុះហត្ថលេខា​ដោយ​ផ្ទាល់​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​បញ្ជាក់​ថា «​ការ​ជូនដំណឹង​ស្តី​ពី​ការ​លាលែង​របស់ខ្ញុំ​ពី​តំណែង​ជា​ប្រធាន​គណបក្ស និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។ ខ្ញុំ​សូម​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន​អំពី​សេចក្តីសម្រេច​របស់ខ្ញុំ ហើយ​ចាត់​ទុក​ថា​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​របស់ខ្ញុំ​នេះ​តទៅ​» ។

ការ​លាលែង​ពី​តំណែង​របស់​លោក​សម រ​ង្សុ​ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​នេះ​គឺ​បន្ទាប់​ពី​សំណើ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ​១៩៩៨ ស្តី​ពី​គណបក្ស​នយោបាយ ដែល​អាច​នឹង​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​មាន​មេដឹកនាំ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ជា​ទណ្ឌិត ។
លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ការ​លាលែង​របស់​លោក​នេះ បណ្តាលមក​ពី​មូលហេតុ​ផ្ទាល់ខ្លួន ហើយ​លោក​មិន​បានភ្ជាប់​ការ​លាលែង​នេះ​ទៅ​នឹង​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ខាងលើ​នោះ​ទេ ។ លោក​បាន​បញ្ជាក់លើ​បណ្តាញ​សង្គម​ថា «​ខ្ញុំ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ផលប្រយោជន៍​គណបក្ស​» ។ លោក​បាន​បន្ថែម​ទៀត​ថា «​គ្រប់​កាលៈទេសៈ ខ្ញុំ​នៅ​តែ​រក្សា​ឧត្តមគតិ​សង្គ្រោះ​ជាតិ​ជា​និច្ច​ក្នុង​បេះដូង​របស់ខ្ញុំ​» ។

ទាក់ទង​នឹង​ការ​លាលែង​របស់​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ថា ជា​រឿង​ផ្ទាល់ខ្លួន​របស់​លោក សម រ​ង្ស៊ី ហើយ​បើ​និយាយ​ពី​គណបក្ស​វិញ ប្រហែលជា​មានរឿង​ផ្ទៃក្នុង ។

លោក​បញ្ជាក់​ថា «​គាត់​ប្រកាស​លាលែង​ជា​រឿង​របស់​គាត់ គ្មាន​អ្នក​ណា​បង្ខិតបង្ខំ​ធ្វើទុក្ខបុកម្នេញ​គាត់​នោះ​ទេ ។ ឥឡូវ​គាត់​មិន​ត្រឹមតែ​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ លាលែង​ទាំង​សមាជិក​គណបក្ស​ថែម​ទៀត ។ ការ​លាលែង​របស់​លោក សម រ​ង្ស៊ី គាត់​គ្មាន​កម្មវត្ថុ​ថា មានការ​បង្ខិតបង្ខំ​ឲ្យ​មានការ​លែង​ឯណា អត់​មាន​សោះ​» ។
ជាមួយ​គ្នា​នេះ លោក សុខ ឥ​សាន បានបន្ដ​ថា ការ​លាលែង​របស់​លោក សម រ​ង្ស៊ី ប្រហែលជា​គាត់​ដឹងខ្លួន​គាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ លោក​ថា វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ នឹង​មិន​ឲ្យ​អ្នក​មានទោស​ដែល​មាន​សាលក្រម​តុលាការ​ស្ថាពរ​ឲ្យ​ធ្វើ​ជា​ប្រធាន​បក្ស​បាន​ទេ ។

លោក​គូសបញ្ជាក់​ថា «​គាត់​ដឹង​រឿង​ហ្នឹងហើយ​បើ​គាត់​មិន​ចេញ​ទេ គាត់​នឹង​ត្រូវ​គេ​ដេញ​ពី​ប្រធាន​គណបក្ស​ដដែល ។ ខ្ញុំ​ចង់​ប្រាប់​ថា នៅ​លើ​ពិភពលោក គេ​មិន​ដែល​យក​ប្រធាន​គណបក្ស​ណា​ជា​អ្នកទោស​នោះ​ទេ ព្រោះថា​ប្រធាន​គណបក្ស​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ជោគ​វេស​នា​ប្រទេស​ជាតិ​ដែរ​» ។

លោក​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ប្រើប្រាស់​ជាង​២០​ឆ្នាំ​មក​ហើយ ដូច្នេះ​ការ​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​នេះ ដើម្បី​ធ្វើ​ឲ្យ​សម​ស្រប​នឹង​ស្ថានការណ៍​ថ្មី ។ យើង​ធ្វើ​នេះ​មិនមែន​ចំពោះ សម រ​ង្ស៊ី មួយ​ទេ គឺ​យើង​ធ្វើ​សម្រាប់​គណបក្ស​ទាំងអស់​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​គោរព​ទាំងអស់​គ្នា ។

សម្រាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ ត្រូវ​បាន លោក សុខ ឥ​សាន ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ គណៈអចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា និង​កំណត់​ថ្ងៃ​ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ។

ចំពោះ​វិសោធនកម្ម​ច្បាប់​នេះ​ដែរ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​មុន​នេះ​ថា រដ្ឋសភា​ទីងមោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​គិតគូរ​រៀបចំ​ច្បាប់​ថ្មី​មួយ ដែល​មាន​បំណង​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​រូប​ខ្ញុំ​ធ្វើ​ជា​លេស ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​ច្បាប់​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ឡើង​វិញ ដូច​កាលពី​សម័យ​កុម្មុយនីស្ត ។ គេ​កំពុង​តែ​តុបតែង​ច្បាប់​នេះ ដោយ​សំដៅ​មក​លើ​រូប​ខ្ញុំ ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង​តែ​មួយ​គត់ ដែល​មាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ក្នុងរដ្ឋសភា ហើយ​ដែល​ជា​គណបក្ស​តែ​មួយ​គត់ អាច​ប្រកួត​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា បើ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​» ។

ទោះបីជា​មានការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​យ៉ាងណា​ក្តី ក៏​លោក សម រ​ង្ស៊ី បាន​អះអាង​ថា ច្បាប់​តុបតែង​ឡើង​ថ្មី​ដើម្បី​គ្រាន់តែ​ដកហូត​តួនាទី​ពី សម រ​ង្ស៊ី នេះ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ទេ ក្នុង​ឆាកនយោបាយ​នៃ​ប្រទេស​កម្ពុជា ។ ទោះជា​ខ្ញុំ​លះបង់​រាល់​តួនាទី​របស់ខ្ញុំ​ក្នុង​ជួរ​គណបក្ស​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​និមិត្ត​រូបតំណាង​ឲ្យ​ទឹកចិត្ត​ប្រជារាស្ត្រ ដែល​ប្រឆាំង​របប​ផ្តាច់​ការ និង​ពុក​រលួយ​សព្វថ្ងៃ ។ ចំណុច​នេះ​ហើយ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​កំណត់​ទិស​នយោបាយ​ក្នុង​ចិត្ត​របស់​ប្រជារាស្ដ្រ​ខ្មែរ ។

ចំណែក​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក សម រ​ង្ស៊ី​ថា ការ​សម្រេចចិត្ត​លាលែង​ពី​ប្រធាន​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក សម រ​ង្ស៊ី គឺជា​ការ​សម្រេចចិត្ត​ប្រកបដោយ​កិត្តិយស ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស ដើម្បី​ផលប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ ។

លោក កឹ​ម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្គាល់​ពី​ខ្លួនឯង​ច្បាស់ ដឹង​ថា​ខ្លួន​កើត​ចេញពី​ណា និង​ដើម្បី​អ្វី ។ លោក​បញ្ជាក់​ថា «​ចាប់ពី​អាណត្ដិ​នេះ​តទៅ ខ្ញុំ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យើង ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ចំពោះ​ខេត្ត​ដែល​មាន​១​អាសនៈ​តំណាងរាស្ត្រ​ទាំង​៨​ខេត្ត​នោះ​» ។
លោក​បន្ថែម​ថា ដោយ​ខ្ញុំ​សង្កេត​ឃើញ​ថា កាលពី​អាណត្ដិ​មុន​ៗ យើង​ហាក់បីដូចជា​.​តទី​ឲ្យ​គូប្រកួត​របស់​យើង ដោយ​យើង​មិន​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ខេត្ត ដែល​មាន​១​អាសនៈតំណាងរាស្ដ្រ ។

ក្រោយ​ពី​លោក សម រ​ង្ស៊ី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រកាស​ថា​មក​ពី​មូលហេតុ​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ក៏​មាន​លេច​ចេញ​លិខិត​មួយទៀត​ចុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ បាន​ចេញផ្សាយ​ថា លោក សម រ​ង្សុ​ី បាន​ស្នើ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ​ជ្រើសរើស​ភរិយា​របស់​លោក គឺ​លោកស្រី ជូ​ឡុ​ង សូ​មួ​រ៉ា ឱ្យ​ជំនួស​តួនាទី​នេះ​គឺ​ធ្វើ​ជា​ប្រធាន​គណបក្ស ។

លោក អេ​ង ឆៃ​អ៊ា​ង អគ្គលេខាធិការ​រង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ហ៊ាន​អះអាង​ចំពោះ​លិខិត​នោះ​ថា ពិត​ឬ​ក្លែងក្លាយ​នោះ​ទេ ។ ខណៈ​អ្នក​សារព័ត៌​មានបាន​សាកសួរ​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ លោក​លើក​ឡើង​ថា «​សូម​សួរ​ទៅ​អ្នក​ណា​ដែល​បាន​បង្ហោះ​លិខិត​នោះ​ទៅ ។ ខ្ញុំ​មិន​ហ៊ាន​បញ្ជាក់​ទេ ។ យើង​គួរ​ដឹង​ថា នរណា​អ្នក​ផុស​(​បង្ហោះ​)​លិខិត​នោះ បើ​ថ្នាក់ដឹកនាំ​គណបក្ស​ផុស​វា​ជា​ការ​ពិត តែ​នេះ​នរណា​អ្នក​ផុស? ។

ក្នុង​ន័យ​នេះ​ដែរ លោក អេ​ង ឆៃ​អ៊ា​ង បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា លិខិត​ចុះ​ថ្ងៃ​ទី​១០ កុម្ភៈ ដែល​មាន​ទាំង​ហត្ថលេខា​របស់​លោក សម រ​ង្ស៊ី ផង​នោះ ជា​លិខិត​មិន​ពិត​ឬ​មាន​គេ​ក្លែង ។ លោក អេ​ង ឆៃ អ៊ា​ង មិន​ត្រឹមតែ​មិន​ហ៊ាន​បញ្ជាក់​ដូច​លិខិត​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដែល​លោក សម រ​ង្ស៊ី ផ្ញើ​មក​គណបក្ស​ទេ ថែម​ទាំង​ជំរុញ​ឲ្យ​អ្នកកាសែត​ទៅ​សួរ​អ្នក​ណា​ដែល​បាន​ផុស ឬ​បង្ហោះ​លិខិត​ដែល​ទំនងជា​លោក​ដឹង​ថា «​លិខិត​នេះ​មិន​ពិត​ឬ​មាន​គេ​ក្លែង​» ។

គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​១២ កុម្ភៈ​ថា លោក​សម រ​ង្ស៊ី លាលែង​ពី​តំណែងប្រធាន​គណបក្ស និង​ប្រគល់​តួនាទី​ទៅ​លោក កឹ​ម សុខា ជា​ប្រធាន​ស្តីទី​ដឹកនាំ​គណបក្ស​មុន​ពេល​ជ្រើសរើស​ប្រធាន​ថ្មី ។ នេះ​បើ​យោង​តាម​លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​បាន​ធ្វើ​ឡើងជា​បន្ទាន់​នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក យឹ​ម សុវណ្ណ បាន​ថ្លែង​ថា គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រជុំ​សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៧​នេះ ដោយ​ទទួលយក​នូវ​សំណើ​លាលែង​របស់​លោក​ប្រធាន​សម រ​ង្ស៊ី ។ លោក​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ជំនួស​លោក​សម រ​ង្ស៊ី​នៅឡើយ​ទេ តែ​កិច្ចប្រជុំ​នេះ​បាន​សម្រេច​ប្រគល់​សិទ្ធិ​ជូន​ទៅ​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​ទទួល​តួនាទី​ជា​ប្រធាន​ស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​រហូត​ដល់​មានការ​ជ្រើសរើស​ប្រធាន​ថ្មី ។

លោក យឹ​ម សុវណ្ណ បាន​ប្រកាស​ថា លិខិត​មួយ​ដែល​បាន​សរសេរ​ផ្ញើ​មក​លោក កឹ​ម សុខា ចុះ​ថ្ងៃ​ទី​១០ កុម្ភៈ ស្នើ​សុំ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​លោក ស្រី ជូ​ឡុ​ង សូ​មួ​រ៉ា ភរិយា​លោក សម រ​ង្ស៊ី ធ្វើ​ជា​ប្រធាន​បក្ស​ជំនួស​លោក​សម រ​ង្ស៊ី គឺជា​លិខិត​ក្លែងក្លាយ​ទេ​មិន​ពិត​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ក្រៅពី​លោក កឹ​ម សុខា​ជា​ប្រធាន​ស្តីទី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ពេល​ជ្រើសរើស​ប្រធាន​ថ្មី គ្មាន​មនុស្ស​ទី​២​ណា​ដែល​ត្រូវ​មក​ជំនួស​នោះ​ទេ ។
លោក យឹ​ម សុវណ្ណ បាន​លើក​ឡើង​ថា អ្វី​ដែល​គណបក្ស​ធ្វើ​ទៅ​តាម​នីតិ​វី​ធី​បទបញ្ជាផ្ទៃក្នុង​ដោយ​ទទួលយក​ការ​សុំ​លាលែង​ពី​ប្រធាន និង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​តាំងពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ការ​លាលែង​នេះ​មិន​ដែល​មាន​មេដឹកនាំ​គណបក្ស​ណា​ធ្វើ​ដូច​លោក សម រ​ង្ស៊ី នោះ​ទេ ៕