រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងអតីតមេបក្សខ្មែរក្រោក និងគូកន មកបើកសវនាការជំនុំជម្រះទោស ករណីស្ទាក់ប្លន់អ្នកមានប្រាក់ជិះរថយន្តឆ្លងកាត់ខេត្តកំពង់ស្ពឺ មិនបានសម្រេច ។ សវនាការនេះ បានធ្វើឡើងជាសាធារណៈ ដោយមានលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចំពោះមុខជនជាប់ចោទ៥នាក់ ដែលមានអតីតមេបក្សខ្មែរក្រោកឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ជាប់ចោទពីបទ.ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។

ជនជាប់ចោទខាងលើរួមមាន ៖ ១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ។ ២.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងនោះមានបក្សពួក២នាក់ទៀតកំពុងរត់គេចខ្លួន ។

សវនាការនេះ បានដំណើរការសាកសួរដេញដោលលើជនជាប់ចោទ តែដោយសារនៅខ្វះចន្លោះនីតិវិធីជាច្រើន ទើបលោកស្រីប្រធានក្រុមប្រឹក្សាសម្រេចចាត់របៀប ពោលគឺបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដើម្បីឲ្យកោះហៅជនរងគ្រោះ និងសាក្សីមកបំភ្លឺចំពោះមុខតុលាការ ដូច្នេះសម្រេចចាត់របៀប និងបិទសវនាការ ដោយមិនកំណត់ពេលក្តីលើកក្រោយនោះឡើយ ។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង៥នាក់ម្តងរួចមកហើយ ក្នុងសំណុំរឿងប្លន់អ្នកមានប្រាក់ គឺឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញ ។ សំណុំរឿងនោះ តុលាការផ្តន្ទាទោស ៖

១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណបក្សខ្មែរក្រោក ដាក់ពន្ធនាគារ៩ឆ្នាំ ២.ឈ្មោះ កេត ម៉ាច ដាក់ពន្ធនាគារ៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ដាក់ពន្ធនាគារ៨ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ដាក់ពន្ធនាគារ៨ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ដាក់ពន្ធនាគារ៨ឆ្នាំ ពីបទ.លួចមានស្ថានទម្ងន់ទោស និងកាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាលក្រមនេះ សម្រេចឲ្យជនជាប់ចោទទាំងអស់រួមគ្នាសងសំណងទៅដើមបណ្ដឹងលើទឹកប្រាក់ចំនួន៥០ ម៉ឺនដុល្លារ និងជំងឺចិត្ត២០០ លានរៀល ៕





ចែករំលែកព័តមាននេះ