ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ឧកញ៉ា ជួប ច័ន្ទ ចូល​សម្រាក​ក្នុង​ពន្ធនា​គារ​​ព្រៃ​.​ស (​ម​១) ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​ចូល​សម្រាក​នៅ​ពន្ធនាគា​ព្រៃ​.​ស (​ម​១) បាន​សម្រេច បន្ទាប់​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ពេល​៤៨​ម៉ោង ឲ្យ​រក​ប្រាក់​១​លាន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​ចូល​សម្រាក​នៅ​ពន្ធនាគា​ព្រៃ​.​ស (​ម​១) បាន​សម្រេច បន្ទាប់​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ពេល​៤៨​ម៉ោង ឲ្យ​រក​ប្រាក់​១​លាន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ដោះបំណុល​ដើមបណ្តឹង ។

ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចេញ​ដីកា អម​ជូន​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​ដីកា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម និង​សាលដីកា​របស់​តុលាការ​ជាន់​ទាប និង​ជាន់ខ្ពស់ ដែល​ចូល​ជា​ស្ថាពរ​ពាក់ព័ន្ធ​សំណុំរឿង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ពោល​គឺ​ជំពាក់​ប្រាក់​គេ​មិន​សង​) ហៅ​ថា​ឧកញ៉ា​ក្ស័យធន ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។ ការ​ចាប់ខ្លួន​លើ​ជនជាប់ចោទ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជួប ច័ន្ទ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​១២៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន គឹ​ម ហាប់ ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ។

ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​ឧកញ៉ា ជួប ច័ន្ទ ចេញ​ដោយ​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​យក​ទៅ​អនុវត្ត និង​ចាប់ខ្លួន​ឈ្មោះ ជួប ច័ន្ទ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ។ ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ឧកញ៉ា​ក្ស័យធន​នោះ​បាន​ហើយ នា​រសៀល​ថ្ងៃ​ដដែល​បាន​បញ្ជូន​ទៅ​ដល់​ស្ថាប័ន​អយ្យការ ដើម្បី​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី ។

ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​បាន​សម្រេច​ផ្ញើ​ឈ្មោះ ជួប ច័ន្ទ ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២ នាំ​ជនសង្ស័យ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សាកសួរ​ទៀត ។ ប៉ុន្តែ​បន្ទាប់​មក​តំណាង​អយ្យការ​បាន​ទុក​ពេល​៤៨​ម៉ោង ដើម្បី​ឲ្យ​ឧកញ៉ា ជួប ច័ន្ទ រក​ប្រាក់​សង​ទៅ​ដើមបណ្តឹង​ចំនួន​១​លាន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​មិន​បាន​ប្រាក់​សង​ម្ចាស់បំណុល​ទេ មាន​តែ​ទៅ​សម្រាក​ក្នុង​ពន្ធនាគារ ។

លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​ដើមបណ្តឹង​ប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពាក់​ពន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ​ថា ស្ថាប័ន​អយ្យការ​បាន​ទុក​ពេល​៤៨​ម៉ោង​ឲ្យ​ឧកញ៉ា ជួប ច័ន្ទ រក​ប្រាក់​មក​ដោះបំណុល​ចំនួន​១​លាន​ដុល្លារ និង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត បើ​មិន​បាន ឬ​មិន​ត្រូវ​គ្នា​នោះ​ទេ ចុង​ក្រោយ​វាសនា​លោក​ឧកញ៉ា ជួប ច័ន្ទ និង​ត្រូវ​ទៅ​ដេក​ពន្ធនាគារ​ព្រៃ​.​ស ។

លោក លីវ វុ​ទ្ធី បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២៥០”​ង​” ដែល​បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ជនជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ ប្តឹង​ឧទ្ធរណ៍ ។ ហើយ​ក្រោយ​ពី​បាន​ឆ្លងកាត់​សវនាការ​ដេញដោល​រួច​មក សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏​បាន​ចេញ​សាលដីកា​លេខ ៥៣ “​ក្ររ​.​សវ​” ចុះ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០៨ ដោយ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល លើកលែងតែ​ចំណុច​ទី​១ នៃ​ការ​ផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ នៃ​សាលក្រម​នេះ ត្រូវ​កែប្រែ​ទៅ​ជា​ទោស​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល​៧​ខែ​វិញ ទោស​នៅ​សល់​ព្យួរ​ការ​អនុវត្ត​ធម្មតា តាម​មាត្រា ១០៧ នៃ​ក្រមព្រហ្មទណ្ឌ ។

បន្ទាប់​មក​ឈ្មោះ ជួប ច័ន្ទ ក៏​បាន​ប្តឹង​សារទុក្ខ និង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ នោះ​ទៀត ទើប​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ តុលាការ​កំពូល​ក៏​បាន​ចេញ​សាលដីកា​លេខ ១២៧” ដោយ​បាន​សម្រេច បដិសេធ​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ និង​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​​ភ្នំពេញ​ទុកជា​បានការ ។ ដោយសារ​សាលដីកា​របស់​សភា​ព្រហ្មទណ្ឌ នៃ​តុលាការ​កំពូល​បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ លោក លីវ វុ​ទ្ធី ជា​ម្ចាស់បំណុល​ក្នុង​សំណុំរឿង​នេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​សាលក្រម និង​សាលដីកា​ខាងលើ​នេះ តាម​នីតិវិធី​ច្បាប់ ។ ទីបំផុត​ឧកញ៉ា ជួប ច័ន្ទ ចូល​សម្រាក​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស (​ម​១) បាន​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ