ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​យក​ឈើ​ប្រណី​តទៅ​លាក់​ទុក​ក្បែរ​បន្ទាយ​ទាហាន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​សារព័ត៌មាន និង​ទូរទស្សន៍ បាន​ចុះ​ផ្សាយ​ព្រោងព្រាត ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន​តាម​ព្រំដែន …

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​សារព័ត៌មាន និង​ទូរទស្សន៍ បាន​ចុះ​ផ្សាយ​ព្រោងព្រាត ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន​តាម​ព្រំដែន​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​ឃើញ​មាន​សកម្មភាព​លី​សែង​ឈើ​នៅ​ទីនោះ​យ៉ាង​គគ្រឹកគគ្រេង​ដដែល ដោយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាត់ការ​រឿង​នេះ​ទេ ពោល​គឺ​កម្មករ​ខ្មែរ​ឆ្លង​ដែន​ទៅ​លី​សែង​ឈើ​នៅ​ទីនោះ​រាល់ថ្ងៃ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម​បាន​ចុះ​ល្បាត​តាម​ព្រំដែន ស្រាប់តែ​ប្រទះ​ឃើញ​ឈើ​ប្រណីត​ជា​ច្រើន​កំណាត់​ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ក្បែរ​បន្ទាយ​ទាហាន​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៦៦ និង​៦៧ ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ដែល​គេ​សង្ស័យ​ថា ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ព្រំដែន​រកស៊ី​មុខរបរ​មួយ​នេះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ល្បាត​តាម​ព្រំដែន ស្រាប់តែ​ប្រទះ​ឃើញ​ឈើ​ប្រណីត​នៅ​ក្នុង​ព្រៃ​ក្បែរ​បន្ទាយ​ទាហាន កង​ល្បាត​ទី​២ វរ​លេខ​៥០៤ ដោយ​ក្នុង​នោះ​មាន​ឈើ​ប្រណីត​គ្រញូង​៣​កំណាត់ និង​សុ​ក្រំ​១២​កំណាត់ ត្រូវ​បាន​ឈ្មួញ​ជួល​កម្មករ​ខ្មែរ​ឱ្យ​លី​សែង​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ តាម​ច្រក​សម្ងាត់​ក្បែរ​បន្ទាយ​នេះ ។ ប្រភព​បន្ត​ទៀត​ថា ឈើ​ទាំង​អស់នោះ ក្រោយមក​ត្រូវ​បាន​គេ​យក​ចូល​ទៅ​ក្នុង​បន្ទាយ​ទាហាន​ខាងលើ ហើយ​សង្ស័យ​ថា មានការ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​យោធា​មួយ​ចំនួន​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អោម វី​រៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឱ្យទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យោធា​កងការពារ​ទី​២ វរៈ​ព្រំដែន​លេខ​៥០៤ ដើម្បី​យក​ឈើ​ទាំងនោះ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ហើយ​លោក​ក៏​បាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ឈើ​នេះ​ទៅ​អភិបាលខេត្ត​រួចរាល់​អស់ហើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មករ​ខ្មែរ​ជា​ច្រើន​ដែល​មក​ពី​ខេត្ត​ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ស្វាយ​រៀង តាកែវ និង​ខេត្ត​ផ្សេង​ៗ​ទៀត បាន​មក​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​លី​សែង​ឈើ​ឱ្យ​ឈ្មួញ ហើយ​ក៏​មាន​អ្នកខ្លះ​បាត់​ខ្លួន​រហូត​មក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ មិនឃើញ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ដោយ​គេ​សង្ស័យ​ថា ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ចោល​នៅ​ក្នុង​ព្រៃ ឬ​ត្រូវ​គេ​ចាប់​យក​ទៅ​ដាក់គុក​នៅ​ប្រទេស​គេ ឬ​យ៉ាងណា​នោះ​ទេ ៕