ខេត្តកំពង់ចាម ៖ អ្នកភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម តាំងតែពីសម័យសង្គមរាស្ត្រនិយមមក ស្ទើរតែ១០០%នាំគ្នាប្រកបរបរដាំថ្នាំជក់ ហើយគ្រួសារនីមួយៗមានជីវភាពធូរធារគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែបច្ចុប្បន្ន ថ្នាំជក់ហាក់មិនមានទីផ្សារទូលំទូលាយទៀតទេ ហើយពួកគាត់បាននាំគ្នាងាកមកដាំដំណាំផ្សេងៗវិញ មានដូចជាពោត ដំឡូង ព្រមទាំងប្រភេទដំណាំមួយចំនួនទៀត ។ ចំពោះស្ថានភាពជីវភាពជួបការលំបាក ដោយសារតែផលដែលហុចមកហើយនោះ បែរជាឈ្មួញប្រមូលទិញក្នុងតម្លៃថោក ។
ជួបជាមួយកសិករឈ្មោះ ប៉េង តៃ អាយុ៤៩ឆ្នាំ និយាយថា ជីដូនជីតារបស់គាត់ដែលរស់នៅលើដែនកោះនេះ តែងតែដាំថ្នាំជក់រួមនឹងដំណាំបន្ទាប់បន្សំមាន ដំឡូង ពោត ដែលកាលណោះទីផ្សារថ្នាំជក់់បានថ្លៃ ដោយបាននាំចេញទៅលក់នៅប្រទេសជិតខាងទៀត ហើយសាច់ញាតិរបស់គាត់មិនមានអ្នកណាមានជីវភាពខ្វះខាតឡើយ ។
កសិករ ប៉េង តៃ និយាយទាំងទឹកមុខមិនសូវសប្បាយចិត្ត ថែមទាំងដកដង្ហើមធំថាក្រោយឆ្នាំ១៩៧៩ គាត់បានដាំថ្នាំជក់ ពេលប្រមូលផលនៅលើផ្ទៃដីប្រហែលជាង១ហិកតា បើគិតជាមាសស្មើនឹងជាង១តម្លឹង ហើយគ្រួសារគាត់មិនដែលជួបនឹងកង្វះខាតផ្នែកជីវភាពម្តងណាទេ និងថែមទាំងបានផ្គត់ផ្គង់កូនៗចំនួន៣នាក់ ឲ្យទទួលបានការរៀនសូត្រនៅសាលាថែមទៀត ។ លុះក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ទីផ្សារថ្នាំជក់បានចុះថ្លៃច្រើន បើគិតពីតម្លៃវិញ គឺខុសគ្នាប្រហែលជាងពាក់កណ្តាល ហើយគាត់បានងាកមកដាំពោតក្រហមជំនួសវិញ ប៉ុន្តែនៅតែមិនអាចដោះស្រាយជីវភាពគ្រួសារគាត់ឲ្យបានគ្រប់គ្រាន់នោះទេ ។
ចំណែកអ្នកស្រី ប៉ូ ចាន់នី អាយុ៥៥ឆ្នាំ នៅភូមិកោះដាច់ដែរ និយាយថា គាត់ទទួលស្គាល់ថា ក្រោយឆ្នាំ១៩៧៩ ផលថ្នាំជក់លក់លើទីផ្សារពិតជាបានថ្លៃ តែពេលឈប់កុងត្រាជាមួយក្រុមហ៊ុនឯកជនជាង៤ឆ្នាំមកនេះថ្នាំជក់បានចុះថោកនិងធ្វើឲ្យជីវភាពជួបការលំបាក ។ បច្ចុប្បន្នគាត់ងាកមកដាំពោតក្រហមលើផ្ទៃដី២ហិកតា តែពេលទទួលផលបែរជាលក់បានថោកទៅវិញ គឺ តម្លៃទីផ្សារស្ថិតនៅលើបបូរមាត់របស់ឈ្មួញ ។ សព្វថ្ងៃ អ្នកភូមិគាត់ជាច្រើនគ្រួសារ បានជំពាក់បំណុលធនាគារ ។
ក្នុងនាមរូបគាត់ជាពលរដ្ឋម្នាក់ ក៏ដូចជាប្រជាពលរដ្ឋឯទៀត សូមទទូចដល់រាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សារជូនដល់អ្នកកោះផង ព្រោះថានៅរដូវវស្សាមិនអាចធ្វើអ្វីកើតទេ ព្រោះត្រូវទឹកទន្លេមេគង្គជន់លិចព័ទ្ធជុំវិញតែម្តង។ ការបង្កបង្កើនផលបានតែនៅរដូវប្រាំងប៉ុណ្ណោះក្រោយទឹកស្រកទៅវិញ បើសិនកសិផលលក់បានថ្លៃ គ្រួសារនីមួយៗនឹងលែងមានការខ្វះខាតទៀតហើយ ។
លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀម ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលព្រងើយកន្តើយចំពោះប្រជាកសិករទេ ហើយនៅពេលចេញទៅបរទេសម្តងៗតែងតែទាក់ទងជាមួយអ្នកវិនិយោគទុនឲ្យមករកស៊ីនៅប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើននោះនឹងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ ដូចជានៅស្រុករបស់លោកស្រីផ្ទាល់ មានតែទាក់ទងជាមួយនឹងក្រុមហ៊ុនឯកជន ដើម្បីនាំចេញទៅបរទេសនោះទេ ទើបធ្វើឲ្យតម្លៃកសិផលកើនឡើង ៕
ចែករំលែកព័តមាននេះ