ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផ្នែក​កសិកម្ម​អាច​នឹង​បាត់បង់​ចំណែក​ទីផ្សារ​ទៅ CLMV

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​ផ្នែក​កសិកម្ម​របស់​ថៃ អាច​នឹង​បាត់បង់​ចំណែក​ទីផ្សារ​ទៅ​ឲ្យ​ប្រទេស (CLMV) ដូច​ជា កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ដែល​ស្ថិត​នៅ​ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បើ​ទោះជា​

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​ផ្នែក​កសិកម្ម​របស់​ថៃ អាច​នឹង​បាត់បង់​ចំណែក​ទីផ្សារ​ទៅ​ឲ្យ​ប្រទេស (CLMV) ដូច​ជា កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ដែល​ស្ថិត​នៅ​ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បើ​ទោះជា​ការ​នាំ​ចេញ​ទាំងនេះ​ទៅ​ប្រទេស​អាស៊ាន​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ​ក្តី ។ នេះ​បើ​តាម​ការ​សិក្សា​ដោយ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ។

នៅ​ឆ្នាំ​ដំបូង បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ការ​នាំ​ចេញ​ផ្នែក​កសិកម្ម​របស់​ថៃ ទៅ​កាន់​ប្រទេស​អាស៊ាន​៩​ផ្សេង​ទៀត​បាន​កើនឡើង​១០,៤% ឬ​ស្មើ​៣២១,៥៤​ប៊ី​លាន​បាត ។ តម្លៃ​នាំ​ចេញ​មធ្យម​ចាប់ពី​ឆ្នាំ​២០១០-២០១៤ ស្មើ​២៦១,៤៥​ប៊ី​លាន​បាត ។

លោក Aat Pisanwanich នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ UTCC ថ្លែង​ថា ៖ « ការ​នាំ​ចេញ​ផ្នែក​កសិកម្ម​របស់​ថៃ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​បាន​កើន​ឡើងជា​បន្តបន្ទាប់​កាលពី​ឆ្នាំ​មុន និង​មាន​ភាព​រលូន » ។

ទោះជា​យ៉ាងណា ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស CLMV នឹង​ធ្លាក់​ចុះ ដោយសារ​បណ្តា​ប្រទេស​ទាំងនេះ​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​ដាំ​ដុះ​។ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ការ​កើនឡើង​នៃ​ផលិតកម្ម​កសិកម្ម​នៅ CLMV ថៃ​ត្រូវ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​កសិកម្ម​កែ​ច្នៃ​របស់​ប្រទេស​ទាំងនោះ ដើម្បី​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត និង​ទីផ្សារ​ពិភពលោក ។

តាម​ការ​ស្ទង់​មតិ​របស់ UTCC លើ​ក្រុមហ៊ុននាំចេញ​ផ្នែក​កសិកម្ម​ស្រស់ និង​កែ​ច្នៃ​ទាំង​១.០០០​ក្រុមហ៊ុន គឺ​៥៩,២%​នៃ​អ្នកឆ្លើយ​សំណួរ​និយាយ​ថា ពួក​គេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។

អ្នកឆ្លើយ​សំណួរ​ព្យាករ​ថា ប្រទេស​ថៃ​នឹង​នាំ​ចេញ​ផ្នែក​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អាស៊ាន​កាន់តែ​ច្រើន​ឡើង គឺជា​មធ្យម​១៥%​ក្នុង​១​ឆ្នាំ ហើយ​គេ​រំពឹង​ថា នឹង​ស្មើ​៣៦៩,៧៨​ប៊ី​លាន​បាត ។ ទោះជា​យ៉ាងណា ក្រុមហ៊ុននាំចេញ​អង្ករ ស្វាយ និង​ដំឡូង​មី ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទទួល​បាន​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ។

មូលហេតុ​ដែល​ក្រុមហ៊ុននាំចេញ​ជា​ច្រើន​អាច​ទទួលផល​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដោយសារ​ពន្ធ​នាំ​ចូល​មាន​តម្លៃ​ទាប និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អ​ប្រសើរ​ជាង​មុន ខណៈ​អាស៊ាន​មាន​ទីផ្សារ​នាំ​ចេញ​ដ៏​មាន​សក្តានុពល​ខ្ពស់​ជាមួយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អភិវឌ្ឍន៍​ល្អ​ផង​ដែរ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុននាំចេញ​ដែល​មិន​បាន​ទទួល​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​ស្តីបន្ទោស​រនាំង​មិន​យកពន្ធ​នាំ​ចូល​ដែល​មាន​ភាព​ស្មុគស្មាញ ការ​ចំណាយ​លើ​ការ​ផលិត​ខ្ពស់​នៅ​ថៃ បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ហើយ​អាស៊ាន​មិនមែន​ជាទី​ផ្សារ​នាំ​ចេញ​សំខាន់​សម្រាប់​ផលិតផល​របស់​ខ្លួន​ទេ ។

លោក Aat បន្ថែម​ថា ទំនិញ​កសិកម្ម​ថៃ​ដែល​នឹង​បាត់បង់​ឱកាស​ក្នុង​តំបន់​អាស៊ាន​រួម​មាន អង្ករ កៅស៊ូ កាហ្វេ ដំឡូង​មី ដូង និង​ស្វាយ​។ ចំណែក​ផលិតផល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​អាស៊ាន ជាមួយ​ការ​នាំ​ចេញ​ខ្ពស់​រួម​មាន ពោត សណ្តែក ចេក ផលិតផល​បសុសត្វ និង​អាហារ​សមុទ្រ ៕