ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ខ្ពើម ទីតាំង​ផលិត​ទឹក​សុទ្ធ​កំពុង​បង្ហូរ​ច្រក​ធុង រួមរស់​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​10​ឆ្នាំ​ហើយ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ដូច​ជា​ហួសហេតុ​ពេក​ហើយ ដែល​អាជ្ញាធរ​សមត្ថកិច្ច និង​ស្ថាប័ន​ជំនាញ​នៅ​ស្រុក​ភ្នំព្រឹក លែង​ខ្វល់ខ្វាយ​អំពី​សុខភាព​ប្រជាពលរដ្ឋ រហូត​បណ្ដែត បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធដ៏​ធំ​មួយ ប្រើប្រាស់​បរិវេណ​ស្ថានីយ​ប្រេង​មួយ​កន្លែង ជាទី​តាំង​សម្រាប់​ច្រក​ទឹក​សុទ្ធ​លក់​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​គ្មាន​ការ​បិទ​បាំង ឬ​មាន​បន្ទប់​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស ដែល​មើលទៅ​ការ​បូមទឹក​សុទ្ធ​ច្រក​ប៊ីដុង​លក់​នៅ​កណ្ដាលវាល​នេះ ហាក់ដូច​នឹង​ការ​បូម​ប្រេងសាំង​លក់​នៅ​ក្នុង​ស្ថានីយ​ប្រេង​ដូច្នេះ​ដែរ​គួរ​ឱ្យ​ខ្ពើម​ណាស់ ។

បើ​តាម​ការ​ពិនិត្យ​លើ​ស្លាក​ប្លា​ស្ទិ​ច​ដែល​បិទ​លើ​ប៊ីដុង​ទឹក​សុទ្ធ​បាន​បង្ហាញ​យីហោ «​ហ្គោ​ដិ​ន​ស៊ី​»​។ ទីតាំង​ផលិត​ទឹក ឬ​កន្លែង​ច្រក​ទឹក​សុទ្ធ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ស្ថានីយប្រេងឥន្ធន​: ជាប់​នឹង​ម៉ាស៊ីន​បូម​ប្រេង​ចាក់​យានយន្ត​តែ​ម្ដង ដែល​ស្ថិត​ត្រង់​ផ្លូវបែក​ជា​៤ ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ បើ​តាម​កម្មករ​បូម​សាំង​លក់​បាន​ប្រាប់​ថា ថៅកែ​ទឹក​សុទ្ធ «​ហ្គោ​ល​ដិ​ន​ស៊ី​» និង​ថៅកែ​ស្ថានីយ​ប្រេង​នេះ​ឈ្មោះ​ឡេ​ង ស្រ៊ុ​ន​។ គេ​មិនឃើញ​មាន​បន្ទប់​សម្រាប់​ច្រក​ទឹក​សុទ្ធ​ទេ តែ​គេ​ឃើញ​មាន​ទុយោ​ជ័រ​បំពាក់​តាម​ជញ្ជាំង​របង​ថ្ម បន្ត​មក​ពី​ខាងក្រោយ​ស្ថានីយ​ប្រេង​ដែល​គេ​មិនដឹង​បង្ហូរ​ចេញពី​ប្រភព​ណា​ឡើយ​គ្រាន់តែ​ឃើញ​ខ្ពើម ។

នៅ​ទីនោះ​មាន​កម្មករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដូច​កម្មករ​លាយ​ស៊ីម៉ង់​ដ៏​បាន​អូស​ទុយោ​បង្ហូរទឹក​ច្រកចូល​ប៊ីដុង​តូច​-​ធំ​ដែល​តំរៀប​ផ្ទាល់​នៅ​លើ​ដី​ផង និង​តំរៀប​នៅ​លើ​រថយន្ត​ជា​ស្រេច​ផង ។ អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ និង​ម្ចាស់​យានយន្ត​នានា ដែល​ចូល​ចាក់​ប្រេង​នៅ​ក្នុង​ស្ថានីយ​របស់​លោក ឡេ​ង ស្រ៊ុ​ន នេះ នឹង​បានឃើញ​យ៉ាង​ច្បាស់​ពី​សកម្មភាព​កម្មករ​បូមទឹក​សុទ្ធ​ច្រក​ប៊ីដុង​នេះ ។ ព្រោះ​កន្លែង​បូមទឹក​ច្រក​ធុង និង​កន្លែង​ម៉ាស៊ីន​បូម​ប្រេង​ចាក់​យានយន្ត​គឺ​នៅ​ក្បែរ​គ្នា ដូច្នេះ​គ្មាន​អ្វី​ដែល​លាក់កំបាំង​នោះ​ទេ ។

បើ​ពិនិត្យ​លើ​ការ​ផលិត​ទឹក​សុទ្ធ និង​សកម្មភាព​ច្រក​ទឹក​សុទ្ធ​ចូល​ប៊ីដុង​ឬ​ដប​របស់​ក្រុមហ៊ុន ហ្គោ​ល​ដិ​ន​ស៊ី នេះ​ហាក់​ធ្វើ​ឡើង​មិន​ស្រប​តាម​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ​ទេ និង​គ្មាន​អនាម័យ​ទៀត​ផង ។

មន្ត្រី​មួយ​ចំនួន​នៅ​ស្រុក​ភ្នំព្រឹក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ បាន​និយាយ​ថា ជាង​១០​ឆ្នាំ​ហើយ​ដែល​ម្ចាស់​ស្ថានីយ​ប្រេង​នេះ​ច្រក​ទឹក​សុទ្ធ​កណ្ដាលវាល​ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​បែប​នេះ លក់​ចែកចាយ​លើ​ទីផ្សារ​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ទិញ​យក​ទៅ​ប្រើប្រាស់ ។ រីឯ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ហាក់​មើល​មិនឃើញ​អំពី​កំហុសឆ្គង​របស់​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​នេះ​ឡើយ ។ មិនតែប៉ុណ្ណោះ​គេ​ក៏​មិន​ដែល​ឃើញ​មាន​មន្ត្រី ឬ​ស្ថាប័ន​ណា​បើកភ្នែក​មើល ឬ​ចុះ​ត្រួតពិនិត្យ​ម្ដងណា​ដែរ​។ បើ​ទោះជា​មន្ត្រី​ទាំងនោះ​បើក​យានយន្ត​ចូល​ទៅ​ចាក់​ប្រេង​នៅ​ក្នុង​ស្ថានីយ​ប្រេង​ថៅកែ​ឡេ​ង ស្រ៊ុ​ន ឡើង​សឹក​កង់​ក្ដី ក៏​មិន​យក​ភ្នែក​មើល​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​គឺ​លោក​ថៅកែ​ស្រ៊ុ​ន កើប​លុយ​ពី​ទឹក​សុទ្ធ​គ្មាន​អនាម័យ​នេះ​ជាង​១០​ឆ្នាំ​ហើយដោយ​រលូន ។

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភ​: គេ​ឃើញ​ក្រុម​កម្មករ​បាន​អូស​ទុយោ​បូមទឹក​សុទ្ធ​ច្រក​ក្នុង​ប៊ីដុង​ទឹក​សុទ្ធ​ផង ហើយ​បូម​ដាក់​ចូល​ក្នុង​ស៊ីទែន​ធំ​ដែល​ដាក់​លើ​រថយន្ត​ផង ។ ជាមួយនឹង​សកម្មភាព​ដ៏​ស្មោ​គគ្រោក​នេះ ស្ត្រី​ម្នាក់​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ប៉ុន្មាន​មាត់​ថា ទឹក​សុទ្ធ​របស់​គាត់​មាន​ម៉ាស៊ីន​ចម្រោះ​ត្រឹមត្រូវ តែ​គាត់​មិន​បាន​បង្ហាញ​ម៉ាស៊ីន​នោះ​ឱ្យ​ឃើញ​ទេ ។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​លោកឡេ​ង ស្រ៊ុ​ន ដែល​គេ​អះអាង​ថា ជា​ថៅកែ​ទឹក​សុទ្ធ​និង​ថៅកែ​ប្រេង​នេះ ដើម្បី​បំភ្លឺ​បន្ថែម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភ​: ។
ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភ​: លោក​ឡេ​ង ស្រ៊ុ​ន បាន​ពន្យល់​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​កម្មករ​ទឹក​សុទ្ធ​របស់​លោក​ម្នាក់​ថា មុខរបរ​លក់​ទឹក​សុទ្ធ​នេះ គឺ​លោក​ជា​អ្នក​ធ្វើ​មុនគេ​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​លោក​ដឹង​ច្បាស់​ណាស់​អំពី​បញ្ហា​នេះ ។ ប៉ុន្តែ​លោក​ថៅកែ​ស្រ៊ុ​ន បែរជា​និយាយ​ថា ពេល​នេះ​លោក​គ្រាន់តែ​ច្រក​ទឹក​បណ្ដោះអាសន្ន​នៅ​ទីតាំង​ខាងលើ​តែ​ប៉ុណ្ណោះ ព្រោះ​លោក​រៀបចំ​ទីតាំង​ថ្មី​មិន​ទាន់​រួច ហើយ​ក៏​កំពុង​រៀបចំ​បន្ទប់​សម្រាប់​ច្រក​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម លោក​សំបូរ ផូ បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភ​:​ថា ការ​ផលិត​ទឹក​សុទ្ធ​គ្មាន​អនាម័យ​របស់​លោកឡេ​ង ស្រ៊ុ​ន នៅ​ស្រុក​ភ្នំព្រឹក​ខាងលើ​នេះ គឺ​កន្លង​មក​លោក​បានឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ណែនាំ​ច្រើន​លើក​ហើយ តែ​ក្រុមហ៊ុន​នេះ​នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​ទេ ។

ប៉ុន្តែ​លោក​សំបូរ ផូ បាន​បញ្ជាក់​ដដែល​ៗ​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ជា​ថ្មី​ទៀត ហើយនឹង​កោះហៅ​មន្ត្រី​តាម​ការិយាល័យ​ដែល​អសកម្ម​មក​ប្រជុំ​នា​ពេល​ខាង​មុខ​នេះ ថែម​ទាំង​កោះហៅ​ម្ចាស់​អាជីវកម្ម​ទឹក​សុទ្ធ​ខាងលើ​នេះ​មក​សួរនាំ​ទៀត​ផង ។

សូម​បញ្ជាក់​ថា កន្លង​មកនេះ​មានការ​បែកធ្លាយ​មិន​ឈប់​ឈរ​នូវ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម សិប្បកម្ម​ផលិត​ចំណីអាហារ និង​ទឹកបរិសុទ្ធ​គ្មាន​អនាម័យ និង​មិន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស ។ ជាក់ស្តែង​កាលពី​អំឡុង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ថ្នី​ៗ​នេះ ហាង​ធ្វើ​នំ​ដ៏​ល្បី​មួយ​នៅ​ក្នុង​ក្រុង​បាត់ដំបង យីហោ «​ឡុ​ចត​ង​»​បាន​ផ្ទុះ​នូវ​រឿងអាស្រូវ​មួយ​បង្កចលាចល​ពេញ​ខេត្ត ដោយសារ​តែ​ធ្វើ​នំប៉័ង​ដាក់​ស្នូល​ក្បាល​ខ្សែ​ស្បែកជើងផ្ទាត់ តែ​លើក​នេះ​ធ្លាយ​រឿង​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​យីហោ​«​ហ្គោ​ល​ដិ​ន​ស៊ី​» នៅ​ស្រុក​ភ្នំព្រឹក​ម្ដង ដែល​បូមទឹក​សុទ្ធ​ច្រកចូល​ធុង ចូល​ស៊ីទែន​លក់​នៅ​កណ្ដាលវាល​ក្បែរ​ម៉ាស៊ីន​បូម​ប្រេងសាំង​ក្នុង​ស្ថានីយ​ប្រេង ចាក់​យានយន្ត ដោយ​គ្មាន​បន្ទប់​បិទ​បាំង និង​គ្មាន​អនាម័យ ។

ការ​ធ្វើ​អាជីវកម្ម​បែប​ស្មោ​គគ្រោក​របស់​ឈ្មួញ​មួយ​ចំនួន​តាមតែ​អំពើ​ចិត្ត ហើយ​អាច​ដំណើរការ​យ៉ាង​រលូន​មក​ដល់​ពេល​នេះ គឺ​ដោយសារ​តែ​ភាព​អសកម្ម​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ស្ពឹក​ស្រពន់ ឬ​ត្រូវ​ថ្នាំ​សណ្តំ ។ ជា​ពិសេស​មន្ត្រី​នៃ​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្ត​នេះ​តែ​ម្ដង ដែល​មើលទៅ​ហាក់​មាន​សកម្មភាព​ស្ពឹក​ស្រពន់​មិន​កម្រើក​ទាល់តែ​សោះ ជាមួយនឹង​ភារកិច្ច​របស់​ខ្លួន ។ សូ​ម្បី​តែ​កន្លែង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​គ្មាន​អនាម័យ​ដែល​ធ្វើ​ឡើង​នៅ​កណ្ដាលវាល​សោះ ឈ្មួញ​កើប​លុយ​ធ្វើ​មានបាន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​ក៏​លោក​មន្ត្រី​មើល​មិនឃើញ​ដែរ​..! ចំណែក មន្ត្រី​កាំកុងត្រូល តើ​ពេល​នេះ​នៅឯណា ? 

តើ​មន្ត្រី​បែប​នេះ​គួរ​ទុក​ឱ្យ​នៅ​ពូន​សម្ងំ​បំផ្លាញ​ប្រាក់ខែ​រដ្ឋ និង​បំផ្លាញ​សុខភាព​ពលរដ្ឋ​ដល់​ពេល​ណា​ទៀត ទើប​ស្កប់ស្កល់​.​? ៕