ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ ខណៈ​ទឹក​កំពុង​តែ​ហក់​ឡើង​រាល់ថ្ងៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ ខណៈ​ពេល​ទឹក​កំពុង​ហក់​ឡើងជា​រៀងរាល់ថ្ងៃ តែ​មិន​ទាន់​ដល់​កម្រិត​

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ ខណៈ​ពេល​ទឹក​កំពុង​ហក់​ឡើងជា​រៀងរាល់ថ្ងៃ តែ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ក្រុង​សិរី​សោភ័ណ​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា នៅ​ដងស្ទឹង​សិរី​សោភ័ណ ទឹកស្ទឹង​កំពុង​តែ​ហក់​ឡើង​រាល់ថ្ងៃ ខណៈ​នៅ​ពេល​ដែល​ទឹកជំនន់​បាន​ហូរ​ពី​ផ្នែក​ខាងលើ តាម​ដងស្ទឹង​មង្គល​បូ​រី ដែល​បើក​ហូ​ក​ធ្លាក់​ចូល​ដងស្ទឹង​សិរី​សោភ័ណ តែ​កម្រិត​ឡើង​រាល់​ថ្ងៃនេះ មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ទឹកស្ទឹង​សិរី​សោភ័ណ ហក់​ឡើង​រាល់ថ្ងៃ តែ​មិន​ទាន់​ប៉ះពាល់​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ដំណាំ​កសិកម្ម​នោះ​ទេ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក​ន្លែ​ទឹក​ខ្លាំង និង​ជ្រៅ ហើយ​អ្នក​ដែល​មិន​ចេះ​ហែល និង​ក្មេង​តូច​ៗ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​មិន​បណ្ដែតបណ្តោយ​ឱ្យ​សោះ ព្រោះថា គ្រប់ពេលវេលា​ទឹកជំនន់​អាច​នឹង​ហក់​ឡើង​។

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២២​ថា ស្ថានភាព​ទឹក​នៅ​ខេត្តបន្ទាយមានជ័យ តាម​ដងស្ទឹង អូរ បឹងបួរ កំពុង​តែ​ហក់​ឡើង​ខ្លាំង ដូច​ជា ៖ ដងស្ទឹង​មង្គល​បូ​រី ចំណុច​ខាងលើ​សំណង់​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក កម្រិត​ទឹក​ជាង​៨​ម៉ែត្រ (​ដែល​ត្រូវ​ប្រកាស​អាសន្ន​៨​ម៉ែត្រ​កន្លះ​), ដងស្ទឹង​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ កម្រិត​ទឹក​៦,៥៤​ម៉ែត្រ (​ប្រកាស​អាសន្ន​កម្រិត​ទឹក​៧​ម៉ែត្រ​), អូរ​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត ទឹក​ស្រក​៧​ហ៊ុន​, ដងស្ទឹង​ព្រំប្រទល់​ស្រុក​ភ្នំស្រុក និង​ស្រុក​ក្រឡាញ់ កម្រិត​ទឹក​១៣,៥៨​ម៉ែត្រ (​ប្រកាស​អាសន្ន​១៤,៣០​ម៉ែត្រ​), អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក កម្រិត​ទឹក​១,៧០​ម៉ែត្រ ហើយ​ទឹក​នៅ​តែ​បន្ត​ឡើង តែ​រហូត​ដល់​ពេល​នេះ ទឹក​ទឹកជំនន់​មិន​ទាន់​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ តែ​ទឹក​ក៏​បាន​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ​ឃុំ​សឿង ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​អូរ​ប្រាសាទ នៅ​ស្រុក​មង្គល​បូ​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ