ខេត្តបាត់ដំបង ៖ ដូចជាហូសហេតុពេកហើយ ដែលអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញនៅស្រុកភ្នំព្រឹក មិនខ្វល់ខ្វាយអំពីសុខភាពប្រជាពលរដ្ឋ រហូតបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនផលិតទឹកសុទ្ធដ៏ធំមួយ ប្រើប្រាស់បរិវេណស្ថានីយប្រេងមួយកន្លែង ជាទីតាំងសម្រាប់ច្រកទឹកសុទ្ធ លក់ជាង១០ឆ្នាំកន្លងទៅនេះ ដោយគ្មានការបិតបាំង ឬមានបន្ទប់ត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ដែលមើលទៅ ការបូបទឹកសុទ្ធច្រកប៊ីដុងលក់នៅកណ្ដាលវាលនេះ ហាក់ដូចនឹងការបូមប្រេងសាំងលក់នៅក្នុងស្ថានីយប្រេងដូច្នេះដែរ ។
បើតាមការពិនិត្យលើស្លាកប្លាស្ទិច ដែលបិទលើប៊ីដុងទឹកសុទ្ធគឺមានយីហោ «ហ្គោដិនស៊ី» ។ ទីតាំងផលិតទឹក ឬកន្លែងច្រកទឹកសុទ្ធ គឺធ្វើឡើងនៅក្នុងបរិវេណស្ថានីយប្រេងឥន្ធន: ជាប់នឹងម៉ាស៊ីនបូមប្រេងចាក់យានយន្តតែម្ដង ដែលស្ថិតត្រង់ផ្លូវបែកជា៤ ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
បើតាមកម្មករបូមសាំងលក់បានប្រាប់ថា ថៅកែទឹកសុទ្ធ «ហ្គោលដិនស៊ី» និងថៅកែស្ថានីយប្រេងនេះ ឈ្មោះឡេង ស្រ៊ុន ។ គេមិនឃើញមានបន្ទប់ សម្រាប់ច្រកទឹកសុទ្ធទេ តែគេឃើញមានទុយោជ័របំពាក់តាមជញ្ជាំងរបងថ្ម បន្តមកពីខាងក្រោយស្ថានីយប្រេងដែលគេមិនដឹងបង្ហូរចេញពីប្រភពណាឡើយ ។ នៅទីនោះ មានកម្មករប៉ុន្មាននាក់ប៉ុណ្ណោះ បានអូសទុយោបង្ហូរទឹកច្រកចូលប៊ីដុងតូច-ធំ ដែលតំរៀបផ្ទាល់នៅលើដីផង និងតំរៀបនៅលើរថយន្តជាស្រេចផង។
អ្នកធ្វើដំណើរនៅលើផ្លូវជាតិ និងម្ចាស់យានយន្តនានា ដែលចូលចាក់ប្រេងនៅក្នុងស្ថានីយរបស់លោកឡេង ស្រ៊ុន នេះ នឹងបានឃើញយ៉ាងច្បាស់ពីសកម្មភាពកម្មករបូមទឹកសុទ្ធច្រកប៊ីដុងនេះ ។
ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី០៥ កុម្ភ: គេឃើញក្រុមកម្មករបានអូសទុយោបូមទឹកសុទ្ធច្រកក្នុងប៊ីដុងទឹកសុទ្ធផង ហើយបូមដាក់ចូលក្នុងស៊ីទែនធំដែលដាក់លើរថយន្តផង ។ ជាមួយនឹងសកម្មភាពដ៏ស្មោគគ្រោកនេះ ស្ត្រីម្នាក់ដែលមើលការខុសត្រូវនៅទីនោះបាននិយាយប្រាប់កោះសន្តិភាពប៉ុន្មានមាត់ថា «ទឹកសុទ្ធរបស់គាត់មានម៉ាស៊ីនចម្រុះត្រឹមត្រូវ» តែគាត់មិនបានបង្ហាញម៉ាស៊ីនចម្រុះនោះឱ្យឃើញទេ ។
កោះសន្តិភាពមិនអាចទំនាក់ទំនងលោកឡេង ស្រ៊ុន ដែលគេអះអាងថា ជាថៅកែទឹកសុទ្ធនេះ ដើម្បីបំភ្លឺបន្ថែមបានទេ កាលពីព្រឹកថ្ងៃទី០៦ កុម្ភ: ។ ប៉ុន្តែកាលពីព្រឹកថ្ងៃទី០៥ កុម្ភ: នោះ លោកឡេង ស្រ៊ុន បានពន្យល់ប្រាប់តាមទូរស័ព្ទកម្មករទឹកសុទ្ធរបស់លោកម្នាក់ថា រឿងមុខរបរទឹកសុទ្ធនេះ គឺលោកជាអ្នកធ្វើមុនគេច្រើនឆ្នាំហើយ ដូច្នេះ លោកដឹងច្បាស់ណាស់អំពីបញ្ហានេះ ។
ចែករំលែកព័តមាននេះ