រាជធានីភ្នំពេញ ៖ ជនជាតិប៉ាគីស្ថាន និងនេប៉ាល់៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាចន់រីសតក្នុងខេត្តឧត្តរមានជ័យ ក្រោយមេការជនជាតិចិនឱ្យធ្វើការគ្មានថ្ងៃឈប់សម្រាក ។ នេះបើតាមអ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងនេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាចន់រីសត ក្រោយមេការជនជាតិចិនឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក ។
ជុំវិញករីណនេះដែរ អ្នកនាំពាក្យបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៤០នាទី មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់ ជនជាតិ ប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និងនេប៉ាល់៤នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់មកស្នងការដ្ឋាន ដើម្បីសាកសួរ ។
ប្រភពបន្តថា ក្រោយបញ្ចប់ការសួរនាំជនជាតិបរទេសទាំងនោះ បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុរយៈពេលពី២-៣ខែមកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ឲ្យមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសតក្នុងខេត្តឧត្ដរមានជ័យវិញ ។
ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថា ខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណងតវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ ។
ប្រភពដដែលបានលើកឡើងទៀតថា ក្រោយធ្វើការសាកសួរទៅលើជនបរទេសទាំង៥៧នាក់នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិប៉ាគីស្ថានទាំង៥៣នាក់ និងនេប៉ាល់៤នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ