ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​អាជីវករ​ម្នាក់ ក្រោយ​លេងល្បិច​ខ្ចី​លុយ​សុទ្ធ សង​វិញ​ប្រើ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ជា​អាជីវករ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ជា​អាជីវករ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​ប្រើប្រាស់​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឃុ​យ ភាព ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​កាត់ដេរ រស់នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ចំណែក​អង្គហេតុ​ដែល​បណ្តាល​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នោះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ ស្ត្រី​ឈ្មោះ ឃុ​យ ភាព ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​ឈ្មោះ អ៊ូ ណា​ឡា បាន​ទៅ​និយាយ​ត្អូញត្អែ​អង្វរ​លួងលោម​សុំ​ខ្ចីប្រាក់ ដើម្បី​យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី ។ ដោយ​មានការ​អាណិតអាសូ​ចំពោះ​អ្នក​រាប់អាន​គ្នា ឈ្មោះ អ៊ូ ណា​ឡា ក៏​ព្រម​ឲ្យ​ឈ្មោះ ឃុ​យ ភាព (​ជនសង្ស័យ​) ខ្ចីប្រាក់​ជា​បន្តបន្ទាប់​រហូត​ដល់ ១០០ ០០០ ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ ដោយ​ជនសង្ស័យ​បាន​ធ្វើ​កិច្ចសន្យា​មួយ​ឲ្យ​ទៅ​ម្ចាស់​ប្រាក់ ចៀសវាង​ការ​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​ទារ​លុយ​នោះ​មក​វិញ ។

ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​រួច​ហើយ ជនសង្ស័យ​មិន​ត្រឹមតែ​មិន​សង​ប្រាក់​នោះ​ទេ ថែម​ទាំង​សុំ​ខ្ចីប្រាក់​ចំនួន ៤០ ០០០ ដុល្លារ​អា​មេ​រិ​ក​បន្ត​ទៀត ដែល​លុយ ៤០ ០០០ ដុល្លារ​លើក​ក្រោយ​នេះ មិន​បាន​ធ្វើ​លិខិត​ស្នាម​នោះ​ទេ ។ លុះ​ពេល​ម្ចាស់​លុយ​គេ​ត្រូវការ​ប្រាក់​វិញ ជនសង្ស័យ​ចេះ​តែ​សុំ​ពន្យា​ពេល​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ទៀត ចុង​ក្រោយ​ទាល់ច្រក​ហើយ ជនសង្ស័យ​ក៏​បាន​ប្រើប្រាស់​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង ដើម្បី​ឲ្យ​គេ​ជឿ​ទុកចិត្ត តែ​ទីបំផុត​មូលប្បទានប័ត្រ​៣​សន្លឹក​នោះ គឺជា​សែក​ស្អុយ​ទាំងអស់ ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់​បាត់បង់​ជំនឿ ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ចាត់ការ​លើ​ជនសង្ស័យ​តាម​ផ្លូវច្បាប់​នោះ ។ ចុង​ក្រោយ​រឿង​ខ្ចី​លុយ​គេ​សុទ្ធ ពេល​សង​វិញ​ប្រើប្រាស់​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ