ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តស្វាយរៀង ចុះពិនិត្យទីតាំងចេតិយ៍ ១កន្លែង ដែលអ្នកស្រុកហៅថា ប្រាសាទវត្តទួល ដើម្បីសិក្សា រៀបចំទៅជារមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងចេតិយ៍…

ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងចេតិយ៍ ១កន្លែង (អ្នកស្រុក ហៅថា ប្រាសាទ វត្តទួល) ដែលបាន​សាងសង់ ក្នុងអំឡុងឆ្នាំ១៩៦៨ ស្ថិតនៅ​ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីសិក្សា​រៀបចំ ទៅជា​តំបន់រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​។

លោក អ៊ុង សារិន អាយុប្រមាណ​ជាង ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានឲ្យដឹងថា អ្នកកសាងចេតិយ៍នេះ ត្រូវជាអ៊ុំរបស់គាត់ ឈ្មោះ អ៊ុង សាវុធ មានឋានៈ​ជាឧត្តម​សេនីយ៍ត្រី ក្នុងសម័យ លន់ ណុល រស់នៅ​រាជធានីភ្នំពេញ បាន​កសាង នៅឆ្នាំ​១៩៦៨ ហើយបានយកជាង ដែលជាអ្នកសាងសង់វិមានឯករាជ្យ យកមកធ្វើ​ចេតិយ៍ និង​រូបចម្លាក់​រចនាបថ​នេះ គឺ​ស្រដៀងនឹង​វិមានឯករាជ្យ ទាំងអស់។ រហូតដល់សង្គ្រាម ​ឆ្នាំ​យៀកកុង​ចូល កំឡុងឆ្នាំ១៩៧០ ជាងសាងសង់បានរត់​រប៉ាត់រប៉ាយ ចោលទាំងអស់ ដោយបានបន្សល់ទុក នៅក្បាច់ក្បូរ នៅទីនេះទាំងអស់។ កាលណោះ ចេតិយ៍នេះ ធ្វើមិនទាន់ហើយទេ គម្រោង​របស់គាត់ចាក់សាប ក្នុងខឿននោះ តែមិនទាន់បានចាក់សាបទេ ហើយស៊ីម៉ង់ត៍ ដែល​បានទិញនោះ នៅខាងក្នុងទុកចោល​ពេញហ្នឹង គាត់ក៏រត់ចោល ជាងក៏​រត់ចោលដោយបន្សល់ទុក​នូវរបស់របរ​ពេញហ្នឹង ហើយគំរោង​របស់គាត់ គឺធ្វើថ្នល់ក្រួសបន្ត ចាប់ពីផ្លូវលេខ ១៣ រហូតដល់ចេតិយ៍ហ្នឹង បន្ថែមទៀត។

លោកបានបន្តទៀតថា គម្រោងគាត់នៅពេលធ្វើហើយ នឹងធ្វើបុណ្យឆ្លងចេតិយ៍ តែមិនទាន់​បានឆ្លងទេ ក្រោយមក រូបលោក និង​បងប្អូន កូនចៅនៅភ្នំពេញ បានចូលគ្នា យកស៊ីម៉ង់ត៍ មកចាក់សាប បំពេញខឿន ហើយរូបតោ ដែលនៅជុំវិញចេតិយ៍ បានបាត់បង់អស់ហើយ ពីព្រោះ​ក្នុងសម័យប៉ុលពត ត្រូវបានវាយកម្ទេចចោល ទាំងបង្កាន់ដៃសងខាង ខ្ទេចខ្ទីរអស់ហើយ។ ឥឡូវនេះ បានជួសជុល បានស្អាតឡើងវិញ។

លោក បានបន្ថែមទៀតថា នៅពេលមុន ( សម័យ លន់ ណុល) រហូតដល់​បច្ចុប្បន្ននេះ ក៏មាន សិស្សានុសិស្ស បានមកលេង និងថតរូប នៅចេតិយ៍ទីនេះ មិនដែលដាច់នោះទេ។

ដោយឡែក ស្ត្រីចំណាស់ម្នាក់ ឈ្មោះ ព្រាប សាមឿន មាន​អាយុប្រមាណ ៧០ឆ្នាំ ក៏បាន​រៀបរាប់ឱ្យដឹងផងដែរថា កាលដើមឡើយ នៅទីនេះ គឺជា​ទីទួលបុរាណ ហៅទួលអង្គ ឬវត្តចាស់។ រូបគាត់កើតមក​ឃើញតែ ម្ដង ហើយទីនេះ ក៏មានព្រះសង្ឃ គង់នៅផងដែរ ដោយមានកុដិតូចៗ និងសាលាឆាន់ សម្រាប់​ឲ្យព្រះសង្ឃគង់នៅ ស្នាក់អាស្រ័យ រៀនធម៌អាថ៌ ហើយនៅជុំវិញទួលនេះ ក៏មានប្រជាពលរដ្ឋ ធ្វើស្រែ ចំការ ធម្មតា គឺ ស្រែ​ជម្រៅ មាន​ផ្លូវ​ចូល ដូច​អង្គរវត្ត ផងដែរ៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ