ឆេះដុំដោយអវត្តមានជនជាប់ចោទ ឌួង ងៀប មិនមកចូលរួមសវនាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណុំរឿងអតីតផ្កាយ៣ នគរបាលជាតិលោក ឌួង ងៀប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការលើអង្គសេចក្តី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២…
រាជធានីភ្នំពេញ ៖ សំណុំរឿងអតីតផ្កាយ៣ នគរបាលជាតិលោក ឌួង ងៀប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការលើអង្គសេចក្តី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២…
រាជធានីភ្នំពេញ ៖ សំណុំរឿងអតីតផ្កាយ៣ នគរបាលជាតិលោក ឌួង ងៀប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការលើអង្គសេចក្តី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ប៉ុន្តែអ្វីដែលជាការខកខាន និងធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះឆេះដុំនោះ គឺអវត្តមានជនជាប់ចោទ ឌួង ងៀប បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារ PJ ឡើងថ្លែងសេចក្តីរាយការថា (ជនជាប់ចោទ និងមេធាវីបានដាក់ពាក្យសុំពន្យារពេល) ។
លោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងក្នុងសំណុំរឿងក្តីនេះ បានលើកឡើងថា តុលាការបានចេញដីកាបង្គាប់ទៅពន្ធនាគារឲ្យនាំជនជាប់ចោទមកបង្ហាញមុខនៅក្នុងសវនាការតាមនីតិវិធី តែមន្ត្រីអនុរក្សមិនអនុវត្តតាម ដូច្នេះដើម្បីការពារផលប្រយោជន៍ផ្លូវច្បាប់ ក៏ដូចជាផលប្រយោជន៍រវាងគូភាគី ពិសេសស្វែងរកយុត្តិធម៍ក្នុងរឿងក្តីនេះ គប្បី ក្រុមប្រឹក្សាតុលាការលើកពេលសវនាការសិន និងបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទមកឆ្លើយតទាល់គ្នានៅពេលក្រោយ ។
លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ក្នុងសាលសវនាការថា តុលាការបានបង្គាប់ឲ្យពន្ធនាគារនាំខ្លួនជនជាប់ចោទមកចូលរួមសវនាការ ដូច្នេះ ពន្ធនាគារត្រូវអនុវត្តឲ្យបាន ។ ការលើកពេល ឬមិនលើកពេលសវនាការ ជាការសម្រេចរបស់ចៅក្រមតុលាការ មិនមែនជាកាតព្វកិច្ចរបស់ជនជាប់ចោទទេ ដូច្នេះ ក្នុងរឿងក្តីនេះតុលាការសម្រេចកំណត់យកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខមកបើកសវនាការ ហើយតម្រូវឲ្យមន្ត្រីពន្ធនាគារនាំខ្លួនជនជាប់ចោទ ឌួង ងៀប មកចូលរួមសវនាការខាងតែបាន ។
សូមរម្លឹកថា ៖ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប មកបើកសវនាការតាមការស្នើសុំរបស់ជនត្រូវចោទ មុនជំនុំជម្រះលើអង្គសេចក្តី ។ សវនាការនោះ ត្រូវបានបញ្ចប់ទៅវិញ មិនទាន់ប្រកាសសាលក្រមភ្លាម ៗ ទេ ដោយបានកំណត់យកថ្ងៃទី៧ ខែកក្កដា បានប្រកាសសាលក្រម
លើបណ្តឹងសុំនៅក្រៅឃុំនោះ ប៉ុន្តែតុលាការសម្រេចនៅបន្តការឃុំខ្លួនជនជាប់ចោទដដែល ដោយរង់ចាំជំនុំជម្រះលើអង្គសេចក្តី ។ លុះនៅព្រឹកថ្ងៃទី៣០ ខែសីហា តុលាការបានសម្រេចលើកយ កសំណុំរឿងមកបើកសវនាការលើអង្គសេចក្តី បែជាអវត្តមានជនជាប់ចោទ ទើបធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះឆេះដុំ ។
សូមជម្រាបថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.(សែកស្អុយ) ។ លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះ លេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.ឆបោក នឹង បទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ នឹងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ នឹងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ យល់ឃើញថា តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៍មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន ។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គម្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា ២៣០ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យចាប់ខ្លួន នឹងបង្គាប់ឲ្យប្រធានពន្ធ នាគារ PJ ទទួល នឹងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ ពីលោកបានបង្ហោះឃ្លីបវីដេអូមួយពាក់ព័ន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់លោកប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ នឹងមានការចែកចាយតៗគ្នា ។
តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នោះដែរ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០ ដុល្លារមេរិក ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទពុំមានដីឲ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែ(ដីខ្យល់) ។ អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ។
បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មាននេះសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ) ។ អ្នកនាំពាក្យបានបន្តថា ក្នុងដំណាក់កាលស៊ើបសួរចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្ដុតាង និងសួរចម្លើយជនត្រូវចោទ ឈ្មោះឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមរយៈដីកាសម្រេច លេខ៤២៩៣«ម» ដ.ព.ស ចុះថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ច តម្រូវឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួន ៥.៣០៥.០០០ដុល្លារអាមេរិក មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ ខែតែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ ។
ដោយជនត្រូវចោទឈ្មោះឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការចៅក្រម ស៊ើបសួរ ក៏បានចាត់វិធានការតាមនីតិវិធីស្របតាមបញ្ញត្តិមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសលើអង្គសេចក្តី ។
ចែករំលែកព័តមាននេះ