ខេត្តកណ្តាល ៖ កន្លងមក ធ្លាប់តែលឺបងប្អូនយើងតែងពោលពាក្យលេងសើច បន្លំមែនថា «ពេលមានស្ពានថ្មថ្មីស្រស់ស្អាតលេចត្រដែតឡើង នោះស្ពានថ្មបញ្ចប់អាជីពអ្នករត់ទូកដ»។ តែយ៉ាងណាមិញ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជួនទំនិញផ្សេងៗ និងការផ្តល់នូវសុវត្ថិភាពដល់អ្នកធ្វើដំណើរមិនពិបាកឆ្លងទូកដ ឬសាឡាងកាត់ដងព្រែក ឬទន្លេនោះទេ។

តួយ៉ាង ការសាងសង់ស្ពាន «ត្សឹបាសា» (Tsubasa Bridge) ដែលបងប្អូនខ្មែរយើងនិយមហៅ «ស្ពានអ្នកលឿង» និងត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៥ បាននិងកំពុងផ្តល់នូវប្រយោជន៍ជាច្រើនដល់សាធារណជន និងបម្រើដល់វិស័យដឹកជញ្ជួនយ៉ាងសំខាន់។ ទន្ទឹមនឹងនោះ បងប្អូនអាជីវករ និងអ្នកធ្លាប់តែរកចំណូលពីការលក់ដូរផ្សេងលើសាឡាងអ្នកលឿង នៅចងចាំអនុស្សាវរីយ៍ពីអតីតកាល ក្រោយសាឡាងអ្នកលឿនបានបិទដំណើរជាង១០ឆ្នាំមកហើយក្តី។

អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់សាឡាងអ្នកលឿង ប្រាកដជាបានដឹងហើយពីមុខរបរតូចតាចរបស់ប្រជាពលរដ្ឋជាច្រើន នៅចំណុចកំពង់ចម្លងអ្នកលឿងនោះកាលពីអតីតកាល ដែលមានតាំងពីអ្នកលក់ទឹកបរិសុទ្ធ លក់សណ្តែកដីស្ងោរ លក់ពងទាស្ងោរ លក់អាហារសម្រន់ជាច្រើនមុខ ចាបចៀន មាន់អាំង ទួលលក់ទាំងថាស់ៗ នំប៉័ងច្រកថង់ និងតែងរត់មកសួរនាំបងប្អូនដែលអង្គុយរង់ចាំសាឡាង ដើម្បីឆ្លងទៅ-មក ត្រើយម្ខាងថា ជួយទិញចំណីចំណុករបស់គាត់។ ក្នុងនោះក៏មានបងប្អូនខ្លះធ្លាប់បានលក់បង្អែម ផ្លែឈើរបស់អ្នកស្រុក រហូតដល់អ្នកលក់កាហ្វេ លក់បាយ លក់ត្រីសាច់ បន្លែក៏មានដែរ។

យ៉ាងណាមិញ ក្រោយពីមានស្ពានដ៏ល្អស្អាតធ្វើដំណើរប្រកបដោយផាសុខភាពមក ប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់រស់អាស្រ័យផលនឹងចំណុចកំពង់ចម្លងអ្នកលឿង បានបាត់ចំណូលយ៉ាងច្រើន ដោយសារការធ្វើដំណើរលើស្ពានងាយស្រួលនោះ បានធ្វើឲ្យអ្នកដំណើរទាំងឡាយទៅហួសមកហួស ភ្លេចឈប់ទិញរបស់របរដែលមានលក់នៅចំណុចភូមិសាស្ត្រអ្នកលឿងអស់រលីង។

លោក ធី ដែលជាអ្នករត់ម៉ូតូឌុបប្រចាំនៅចំណុចអ្នកលឿងតាំងពីដើមមក លោកបាននិយាយថា ទោះបីជាពេលវេលាជាង១០ឆ្នាំបានកន្លងផុតទៅ លោកពុំមានមុខរបរអ្វីក្រៅពីរត់ម៉ូតូឌុបនោះទេ។
បុរសវ័យជាង៥០ឆ្នាំរូបនេះ បានពោលត្អូញត្អែរទាំងទឹកមុខស្ងួតថា ចាប់តាំងពីមានស្ពានមក លោករកចំណូលមិនសូវបានដូចមុនទេ ដោយសារតែឥឡូវគេធ្វើដំណើរលើតាមស្ពាន ទៅហួសមកហួស។ មានមនុស្សតិចណាស់ ដែលឈប់ចំណុចភូមិសាស្ត្រអ្នកលឿង ហើយត្រូវការធ្វើដំណើរតាមម៉ូតូបន្តទៅគោលដៅនោះ។

លោកបានបន្តថា ពីមុនក្នុងមួយថ្ងៃលោកអាចរកពី៥ទៅ៦ម៉ឺនរៀល តែឥឡូវអង្គុយមួយព្រឹកថ្ងៃខ្លះ គ្មានមនុស្សម្នាក់ហៅម៉ូតូជិះឡើយ។ តែយ៉ាងណាក៏ដោយ លោករីករាយដែលកម្ពុជា មានស្ពានស្រស់ស្អាតដូចស្ពានអ្នកលឿង ដែលកំពុងទាក់ទាញទេសចរណ៍មកកម្សាន្តផងដែរ។

អ្នកស្រីមុំ ដែលធ្លាប់លក់ចង្រិតលីង នៅលើសាឡាងអ្នកលឿង រៀបរាប់ទាំងទឹកមុខស្ងួតថា ចាប់តាំងពីមានស្ពានមក នៅទីនេះស្ងាត់មនុស្ស ទើបអ្នកស្រីត្រូវមកលក់នៅចំណតរថយន្តវិញក្រែងអាចរកចំណូលបានខ្លះ។ ស្រី្តវ័យ៣៥ឆ្នាំរូបនេះបានបន្តថា ឥឡូវនេះ ការលក់មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលពីមុនគាត់អាចលក់ចង្រឹតពី២ទៅ៣ថាស តែឥឡូវលក់មួយថ្ងៃមួយថាសសឹងមិនអស់ផង។

មិនខុសពីគ្នាប៉ុន្មានទេ អ្នកស្រីមាស ដែលជាអ្នកលក់ចង្រឹតលីងម្នាក់ទៀត បានអោយដឹងដែរថា នៅពេលលែងមានសាងឡាងអ្នកលឿង លែងមានមនុស្សអ៊ូអរ ហើយការលក់ដូររបស់អ្នកស្រីកាន់តែលំបាក។ ប៉ុន្តែអ្នកស្រី និងអ្នកធ្លាប់រស់អាស្រ័យលើសាឡាងនៅតែបន្តលក់ដូរ ពីព្រោះគ្មានមុខរបរផ្សេង។
ស្ពានអ្នកលឿង ដែលមានឈ្មោះថា «ត្សឹបាសា» មានប្រវែងជាង២គីឡូម៉ែត្រ វែងជាងគេនៅប្រទេសកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២៧លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥។

យ៉ាងណាមិញ កំពង់ចម្លងសាឡាងអ្នកលឿង បានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនដល់ពលរដ្ឋខ្មែរដែលធ្លាប់បានឆ្លងកាត់សាឡាងនេះ មិនថាតែពលរដ្ឋអ្នករស់នៅទីនោះ ឬអ្នកធ្លាប់រស់អាស្រ័យផលលើសាឡាងផ្ទាល់នោះទេ។
ការអភិវឌ្ឍជាការចាំបាច់ ដើម្បីសម្រួលដល់ការរស់នៅ ការធ្វើពាណិជ្ជកម្ម ដែលមិនសម្រាប់តែប្រជាជន និងប្រទេសកម្ពុជានោះទេ ស្ពាន «ត្សឹបាសា» ជាសរសៃឈា.មសេដ្ឋកិច្ចក្នុងតំបន់អាស៊ានទៀតផង ដូច្នេះហើយទើបមានមតិរបស់សាធារណជនយើងពោលថា បងប្អូនពលរដ្ឋដែលធ្លាប់រស់អាស្រ័យផលចំណូលពីសាឡាងអ្នកលឿង គួរពិចារណាស្វែងរកមុខរបរផ្សេងៗណាទៅតាមភាពជាក់ស្តែង ដើម្បីផ្គត់ផ្គង់ជីវភាព៕

ចែករំលែកព័តមាននេះ