រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា នៅពេលដែលគ្រប់គ្នា និងសមជិកគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP)យល់ច្បាស់ពីការពិតហើយជីវិតនយោបាយនិងការស្រមើស្រមៃរបស់លោក ខឹម វាសនា រួមទាំងបក្សពួកផងនឹងត្រូវចប់ ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីលោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបានកៀគរសមាជិកខ្លួនទាំងក្នុង និងក្រៅប្រទេសឲ្យនាំគ្នាទៅសៀមរាប ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដោយសារទឹកជំនន់លិច ។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៣០ សីហា យ៉ាងដូច្នេះថា រឿងស្អីក៏ដោយ ជាពិសេសរឿងនយោបាយកុំស្លុងដោយអត់ពិចារណា បើស្លុងដោយអត់ពិចារណា គេដឹកទៅណាក៏ទៅដែររហូតធ្លាក់រណ្តៅក៏នៅតែស្លុងដែរ ។

អ្នកនាំពាក្យថា វប្បធម៌មេដឹកនាំគណបក្សLDP គឺថា នរណានិយាយអីក៏ដោយ អញនិយាយតែ៨ចំណុចរបស់អញ ។ ហើយដោយសារនយោបាយអ៊ិលឌីភី ក៏មានបងប្អូនបង្កើតខ្លះកាត់កាលគ្នាផងដែរ ។
ឯកឧត្តមអ្នកនាំពាក្យថា បើតាមការយល់ឃើញ និងការនិយាយរបស់លោក ខឹម វាសនា បានបញ្ជាក់ថា ខឹម វាសនា មានបញ្ហាខួរក្បាលហើយ ។ នៅផ្ទះមិននៅដេកទេ ខ្លាចទឹកលិចលង់ងា.ប់ បែរជាទៅបោះតង់ដេកកណ្តាលព្រៃប្រយ័ត្នមូសខាំគ្រុនចាញ់ងា.ប់ ពួកភ្លើជឿមនុស្សឆ្កួតឡប់ ។

ជាមួយគ្នានោះដែរ ក្នុងសារតេឡេក្រាមដដែល ឯកឧត្តមក៏បានលើកឡើងថា លោក ខឹម វាសនា មិនមែនជាមនុស្សទ្វេភពទេ ផ្ទុយទៅវិញជាមនុស្សបែកកម្មដ្ឋាន និងរវើរវាយឡប់សតិ ។ មនុស្សរវើរវាយឡប់សតិដែលរកបានប្រយោជន៍ផ្ទាល់ខ្លួន ដែលជាមនុស្សឆ្កួតចេះ ។
ឯកឧត្តម សុខឥសាន បន្ថែមថា ការពិតនឹងបង្ហាញច្បាស់តើពិភពលោកនឹងទៅជាយ៉ាងណា ពេលដែលគ្មានការប្រែប្រួលអ្វីគ្រប់គ្នានឹងភ្លឺភ្នែកហើយស្បត់លែងជឿមនុស្សឡប់សតិ ។

ឯកឧត្តមបញ្ជាក់ថា ៖«នៅពេលដែលគ្រប់គ្នាយល់ច្បាស់ពីការពិតហើយ ជីវិតនយោបាយ និងការស្រមើស្រមៃរបស់ខឹម វាសនា រួមទាំងបក្សអិលឌីភីផងនឹងត្រូវចប់ បើប៉ុណ្ណឹងហើយនៅតែមានអ្នកងប់ងល់ទៀតទុកឲ្យវាទៅតាមវាសនា និងកម្មទៅចុះ»។
សូមជម្រាបថា បើយោងតាមលិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជម្រាបជូនទៅលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែសីហា ឆ្នា២០២២បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាបឲ្យលោក ខឹម វាសនា បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩ ៕

ចែករំលែកព័តមាននេះ